
ភាគខាងត្បូងប្រទេសថៃ៖ កងកម្លាំងរវាងរាជរដ្ឋាភិបាល និងក្រុមផ្តាច់ខ្លួន ប្រយុទ្ធគ្នាបែកផ្កាភ្លើងសាជាថ្មីទៀតហើយ ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា។ លើកទី១ កងកម្លាំងការពារស្ម័គ្រចិត្តម្នាក់ខាងរាជរដ្ឋាភិបាល និងសមាជិកម្នាក់ខាងក្រុមបះបោរ ត្រូវបានបាញ់សម្លាប់ទៅវិញទៅមក ក្នុងព្រឹត្តិការណ៍បាញ់ប្រហារគ្នា នៅស្រុកម៉ៃកែន (Mai Kaen) ខេត្តប៉ាតានី (Pattani) ភាគខាងត្បូងប្រទេសថៃ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន Thai PBS World ទើបចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា។

របាយការណ៍ បង្ហាញថា កងកម្លាំងការពារស្ម័គ្រចិត្តដែលបាត់បង់ជីវិត មានឈ្មោះ រូសាឌី អ៊ូម៉ា (Rusadee Uma)។ ចំណែកសមាជិកខាងក្រុមផ្តាច់ខ្លួន ដែលត្រូវបានបាញ់សម្លាប់ មានឈ្មោះ មូហាម៉ាត់ កាម៉ា (Muhammad Kama) ជាអ្នកមានដើមកំណើតនៅស្រុកយ៉ារីង (Yaring) ខេត្តប៉ាតានី។

ប៉ូលិសថៃ បានរកឃើញ មូហាម៉ាត់ កាម៉ា កំពុងមានរបួសធ្ងន់ធ្ងរ ដោយសារត្រូវគ្រាប់កំាភ្លើងរបស់កងកម្លាំងការពារស្ម័គ្រចិត្ត ហើយក៏បញ្ជូន មូហាម៉ាត់ កាម៉ា ទៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់ភ្លាមៗ បន្ទាប់ពីទៅដល់មន្ទីរពេទ្យ។ នៅក្បែរខ្លួន មូហាម៉ាត់ កាម៉ា ដែលកំពុងដេកត្រូវរបួសលើដី មានម៉ូតូ១គ្រឿង កាំភ្លើងខ្លី១ដើម និងគ្រាប់ចំនួន៦។

ក្រោយពិនិត្យ និងស្រាវជ្រាវរួច ប៉ូលិស ក៏សរសេរក្នុងរបាយការណ៍ថា មូហាម៉ាត់ កាម៉ា មានប្រវត្តិជាប់ពាក់ព័ន្ធនឹងអំពើហិង្សាប្រដាប់អាវុធជាច្រើនលើក និងធ្លាប់ទទួលការបណ្តុះបណ្តាលប្រើប្រាស់អាវុធនៅក្នុងប្រទេសជិតខាងមួយ (តែមិនបញ្ចេញឈ្មោះប្រទេសនោះទេ)។ នេះបើតាមសារព័ត៌មាន Thai PBS World ដដែល។ នៅថ្ងៃទី១៧ ខែតុលានេះ ក្នុងអំឡុងម៉ោង១១កន្លះជិតថ្ងៃត្រង់ ក៏ស្រាប់តែមានការបាញ់ប្រហារគ្នាយ៉ាងសាហាវផ្ទុះឡើង១បន្ថែមទៀត ក្នុងស្រុកស៊ីសាខន (Si Sakhon) ខេត្តនរាធិវាស (Narathiwat) ដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ។

កាសែតថៃ Khaosod និង Thai Newsroom ចុះផ្សាយដូចគ្នាថា ក្នុងករណីលើកទី២នេះ មានប៉ូលិសម្នាក់ស្លាប់ និងមន្ត្រីអនុរក្សព្រៃឈើ២នាក់ត្រូវរងរបួសធ្ងន់ ខណៈសមាជិកម្នាក់នៃក្រុមផ្តាច់ខ្លួន ក៏ក្ស័យជីវិតដែរ។ មន្រ្តីប៉ូលិស ដែលស្លាប់ ឈ្មោះ សារុច ណូតនួន (Saroj Nodnuan) អាយុ៥១ឆ្នាំ។ មន្រ្តីអនុរក្សទាំង២នាក់ ដែលរងរបួស គឺឈ្មោះ ពិចេត បានណាស្រ៊ី (Pichet Bannasri) អាយុ៣៤ឆ្នាំ ត្រូវគ្រាប់ចំក្បាល និងខ្នង ហើយម្នាក់ទៀត ឈ្មោះ កៀធិសាក់ ម៉ានីចាន់ (Kiatisak Maneechan) អាយុ៣៤ឆ្នាំ ត្រូវគ្រាប់ចំចង្កេះខាងឆ្វេង និងខ្នង។

ចំណែកសមាជិកនៃក្រុមផ្តាច់ខ្លួនដែលត្រូវបានបាញ់សម្លាប់ក្នុងករណីទី២នេះ កាសែតថៃ មិនបានបង្ហាញឈ្មោះ និងអត្តសញ្ញាណនោះទេ (ទំនងដោយសារប៉ូលិស មិនទាន់បញ្ចេញ)។ Thai Newsroom សរសេរថា បញ្ជាការដ្ឋានរក្សាសន្តិសុខប្រចាំភូមិភាគទី២ បានចេញសេចក្តីប្រកាសជាបន្ទាន់ ប្រាប់ឱ្យប្រជាជនចាកចេញជាបណ្តោះអាសន្ន ពីតំបន់ដែលកងកម្លាំង កំពុងបើកប្រតិបត្តិការទប់ទល់នឹងក្រុមផ្តាច់ខ្លួន។

សូមជម្រាបថា ក្រុមផ្តាច់ខ្លួននេះ ពេលខ្លះ ត្រូវបានរាជរដ្ឋាភិបាលថៃ និងកាសែតបរទេស ហៅថា ជាក្រុមភេរវករអ៊ិស្លាមជ្រុលនិយម ហើយក្រុមនេះ តែងបើកការបាញ់ប្រហារ និងបង្កអសន្តិសុខជារឿយៗ ធ្វើឱ្យរាជរដ្ឋាភិបាលថៃ ឈឺក្បាលវិលមុខមិនបាត់ ហើយប្រជាជនត្រូវរស់នៅក្នុងភាពភ័យខ្លាច។ រាជរដ្ឋាភិបាលថៃ មិនត្រឹមតែមិនអាចធ្វើអ្វីបាននោះទេ តែក្រុមផ្តាច់ខ្លួន ហាក់កាន់តែខ្លាំងទៅៗលើសដើម។ ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមផ្តាច់ខ្លួន ដល់ថ្នាក់ហ៊ានប្រកាសត្រង់ៗពីការប្តេជ្ញាចិត្តយ៉ាងមុតមំាថា នឹងបង្កើតឯករាជ្យភាពសម្រាប់ខ្លួនឯងឱ្យបាន ដូចក្រុមផ្តាច់ខ្លួនជនជាតិការ៉ែន (karen) នៅប្រទេសភូមា ដែលទើបនឹងបង្កើតរដ្ឋថ្មី និងប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពីរដ្ឋាភិបាលជាផ្លូវការ។

សម្បុកនៃក្រុមប្រដាប់អាវុធដ៏ពិបាកចាត់ការមួយនេះ ស្ថិតក្នុងខេត្ត៣ រួមមាន ខេត្តប៉ាតានី ខេត្តនរាធិវាស និងខេត្តយ៉ាឡា (Yala)។ ខេត្តទាំង៣នេះ ត្រូវរាជរដ្ឋាភិបាលថៃ ដាក់ឈ្មោះថា ជាខេត្តស្ថិតនៅជ្រៅក្នុងភាគខាងត្បូងប្រទេស (Deep South) ដើម្បីសម្គាល់លើតំបន់នៃក្រុមផ្តាច់ខ្លួន។ នៅពេលគេ និយាយថា តំបន់ជ្រៅនៅភាគខាងត្បូងប្រទេសថៃ ឬ Deep South គឺគេចង់សំដៅលើតំបន់នៃក្រុមផ្តាច់ខ្លួននេះឯង៕



