
អាម៉េរិក៖ ប្រទេសឥណ្ឌា នឹងមិនប្រឈមមុខនឹងការដំឡើងពន្ធបន្ថែមទេ ដោយស្ថិតក្រោមច្បាប់ថ្មីរបស់អាម៉េរិក ដែលតម្រង់ទិសដៅលើបណ្តាប្រទេសទិញថាមពលពីរុស្ស៊ី។ ភាពធូរស្រាលនេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីលើកលែងទណ្ឌកម្ម និងពន្ធគយសំខាន់ៗដែលមានចែងនៅក្នុងច្បាប់នោះ…។

លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជានេះ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា។ តាមរយៈបទបញ្ជានេះ លោកប្រធានាធិបតី អាចលើកលែងវិធានការនានាបាន ប្រសិនបើផ្អែកលើផលប្រយោជន៍ជាតិ។ ច្បាប់ខាងលើនេះ បានផ្តល់អំណាចឱ្យមានការដំឡើងពន្ធរហូតដល់ ១០០ភាគយ លើទំនិញមកពីបណ្តាប្រទេសនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ក៏ដូចជាប្រទេសទាំងឡាយណាដែលរងការចោទប្រកាន់ថា បានសម្រួលដល់ការគេចវាងទណ្ឌកម្ម។ នៅក្នុងបទបញ្ជាប្រតិបត្តិ លោក ត្រាំ បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមលើកលែងការអនុវត្តទណ្ឌកម្ម ការកម្រិត និងពន្ធគយទាំងឡាយណា ដែលមានចែងនៅក្នុងច្បាប់ Graham Act»។

សារព័ត៌មានឥណ្ឌា WION រាយការណ៍នៅព្រឹកថ្ងៃសៅរ៍ ទី១៧តុលានេះថា ទោះបីជាការលើកលែងនេះ បានលុបចោលពន្ធបន្ថែមដែលមានចែងក្នុងច្បាប់នេះជាបណ្តោះអាសន្នក៏ដោយ ប៉ុន្តែវាមិនមែនជាការលើកលែងទាំងស្រុងសម្រាប់ឥណ្ឌា ពីពន្ធគយដែលមានស្រាប់របស់អាម៉េរិក ឬទណ្ឌកម្មពាក់ព័ន្ធនឹងរុស្ស៊ី ដែលដាក់ចេញក្រោមសិទ្ធិអំណាចផ្លូវច្បាប់ផ្សេងទៀតនោះឡើយ។ បទបញ្ជានេះ ក៏បានអនុញ្ញាតឱ្យរដ្ឋបាលលោក ត្រាំ អាចពិនិត្យឡើងវិញលើការលើកលែងទាំងនេះផងដែរ ប្រសិនបើរដ្ឋបាលមើលឃើញថា សកម្មភាពបន្ថែមទៀតគឺជារឿងសមស្រប។ កន្លងមក ឥណ្ឌាបានប្រឈមមុខនឹងហានិភ័យនៃការដំឡើងពន្ធបន្ថែមយ៉ាងធ្ងន់ធ្ងរពីអាមេរិក ជុំវិញការទិញប្រេងឆៅក្នុងតម្លៃបញ្ចុះថ្លៃពីរុស្ស៊ី។ ច្បាប់ Graham ឆ្នាំ២០២៦ នេះ ធ្លាប់បានផ្តល់អំណាចឱ្យលោក ត្រាំ អាចដាក់ពន្ធរហូតដល់ ១០០ភាគរយ លើការនាំចូលពីប្រទេសណាដែលបន្តទិញប្រេង ឬឧស្ម័នធម្មជាតិមានប្រភពពីរុស្ស៊ី ក្រោមលក្ខខណ្ឌជាក់លាក់ណាមួយ៕




