
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិក អាចនឹងត្រូវវាយប្រហារលើភ្នំភីកកាហ្សេ (Pickaxe) ដែលជាទីតាំងការពារយ៉ាងរឹងមាំ និងមានទំនាក់ទំនងជាមួយកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងធានាថា ទីក្រុងតេអេរ៉ង់ នឹងមិនអាចផលិតបានអាវុធនុយក្លេអ៊ែរឡើយ។ ទន្ទឹមនឹងនេះ លោកបានច្រានចោលដាច់ខាតនូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬការបញ្ជូនកងទ័ពជើងគោកអាម៉េរិក ចូលទៅក្នុងសង្គ្រាមនេះ…។

បណ្តាញព័ត៌មាន Newsmax បានចុះផ្សាយកាលពីល្ងាចថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ តាមការអះអាងរបស់លោក ត្រាំ ថា អ៊ីរ៉ង់នឹងមិនទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោកយល់ថា ទីក្រុងតេអេរ៉ង់ នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយ៉ាងពិតប្រាកដ ប្រសិនបើពួកគេមានវា។ ប្រធានាធិបតីនៃប្រទេសមហាអំណាចរូបនេះ បានប្រាប់បណ្តាញព័ត៌មាន Newsmax ថា៖ «ទីតាំងនុយក្លេអ៊ែររបស់ពួកគេ ត្រូវបានកប់ក្រោមភ្នំដែលមានទម្ងន់រាប់លានតោន។ ឥឡូវនេះ យើងកំពុងសំឡឹងមើលភ្នំ Pickaxe។ យើងប្រហែលជាត្រូវទៅទីនោះ។ យើងនឹងវាយប្រហារលើទីតាំងមួយនោះ ហើយយើងនឹងកម្ទេចវាឱ្យបានឆាប់រហ័ស»។

គួរបញ្ជាក់ថា ភ្នំ Pickaxe គឺជាគ្រឹះស្ថានយោធាការពារយ៉ាងរឹងមាំ កប់ជម្រៅក្រោមដី ស្ថិតនៅជិតទីតាំងនុយក្លេអ៊ែរសំខាន់មួយរបស់អ៊ីរ៉ង់។ ជម្រៅ និងការការពារយ៉ាងក្រាស់ក្រែលនៃទីតាំងនេះ បានបង្កជាបដិវត្តន៍ និងប្រឈមមុខយ៉ាងខ្លាំងដល់អ្នករៀបចំផែនការយោធា ដែលស្វែងរកវិធីបំផ្លាញ ឬធ្វើឱ្យខូចខាតដល់គ្រឹះស្ថានពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ទូរទស្សន៍ CNN បានរាយការណ៍ថា កងទ័ពអាម៉េរិកកំពុងពិចារណាប្រើប្រាស់គ្រាប់បែក MOAB (ដែលគេស្គាល់ថាជាមេនៃគ្រាប់បែកទាំងអស់) វាយប្រហារលើទីតាំងនុយក្លេអ៊ែរកប់ក្រោមដីនៃភ្នំ Pickaxe និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដើម្បីដាក់សម្ពាធផ្លូវចិត្តលើទីក្រុងតេអេរ៉ង់។

ទោះជាយ៉ាងណា មន្ត្រីយោធាអាម៉េរិក បានបង្ហាញការសង្ស័យពីប្រសិទ្ធភាពនៃគ្រាប់បែកនេះ ព្រោះវាជាគ្រាប់បែកទម្លាក់លើផ្ទៃដីធំ មិនមែនជាអាវុធសម្រាប់ទម្លុះទម្លាយថ្ម ឬបេតុងជម្រៅជ្រៅក្រោមដីនោះឡើយ។ ជុំវិញបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងមិនបញ្ជូនកងទ័ពជើងគោកចូលប្រយុទ្ធនោះទេ ដោយលោកបញ្ជាក់ថា គោលដៅចម្បងរបស់អាម៉េរិក គឺគ្រាន់តែទប់ស្កាត់មិនឱ្យអ៊ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។ ម្យ៉ាងទៀត នៅពេលនេះ លោក ត្រាំ មិនទាន់បានសម្រេចចិត្ត ឬអនុញ្ញាតឱ្យប្រើប្រាស់គ្រាប់បែក MOAB នៅឡើយទេ៕





