ថៃ ដាក់ចេញផែនការឱ្យមន្ត្រីរាជការចូលនិវត្តន៍មុនអាយុ ដើម្បីទប់ទល់នឹងវិបត្តិថវិកា
N
Nary Vann
•
21 ម៉ោងមុន

រាជធានីបាងកក៖ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការរៀបចំកម្មវិធីចូលនិវត្តន៍មុនអាយុ សម្រាប់មន្ត្រីរាជការស៊ីវិល ដោយមានគោលដៅកាត់បន្ថយចំនួនបុគ្គលិករដ្ឋប្រមាណ៥ភាគរយក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល។

យោងតាមឧបនាយករដ្ឋមន្ត្រីថៃ លោក ផាកន នីលប្រាភុន (Pakorn Nilprapunt) កម្មវិធីនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០២៧ ដោយវគ្គដំបូងនឹងតម្រង់ទិសលើបុគ្គលិកដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។ ទន្ទឹមនឹងនេះ បុគ្គលិកដែលមានអាយុចាប់ពី៤០ឆ្នាំ ក៏អាចមានសិទ្ធិចូលរួមផងដែរ ប្រសិនបើមានបញ្ហាសុខភាព ឬត្រូវមើលថែទាំសាច់ញាតិ។ លោក ផាកន បានបញ្ជាក់ថា ដំណាក់កាលដំបូងនេះ អាចនឹងត្រូវចំណាយថវិការដ្ឋប្រមាណ៧ពាន់លានបាត ឬត្រូវនឹងប្រមាណ២០៩លានដុល្លារ ដោយរាជរដ្ឋាភិបាលកំពុងពិចារណាផ្តល់ប្រាក់សំណងលើសពី១២ដងនៃប្រាក់ខែប្រចាំខែ របស់មន្ត្រីម្នាក់ៗ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ប្រទេសថៃ មានមន្ត្រីរាជការស៊ីវិលរហូតដល់១,៦លាននាក់។ រាជរដ្ឋាបាលដែលស្ថិតក្រោមលោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរគុល (Anutin Charnvirakul) កំពុងផ្តោតលើការបង្រួមកាត់បន្ថយការចំណាយថវិការដ្ឋ ខណៈដែលថវិកាជាតិកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង និងខិតជិតដល់ពិដានបំណុលសាធារណៈ ដែលត្រូវបានកំណត់ត្រឹម៧០ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត