
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) អមដំណើរដោយភរិយា និងកូនស្រី បានទៅទស្សនាសារមន្ទីរបដិវត្តន៍ការពារជាតិដែលទើបបើកថ្មី ដោយបានដាក់បង្ហាញអាវុធយុទ្ធភ័ណ្ឌទំនើបៗ រួមទាំងមីស៊ីលផ្លោងឆ្លងទ្វីបប្រភេទ Hwasong-20 (វ៉ាសុង-២០) ដែលមានសមត្ថភាពអាចបាញ់ប្រហាររហូតដល់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

ការប្រកាសពីការបើកសារមន្ទីរនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហើបថា លោកអាចនឹងជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ក្នុងអំឡុងពេលធ្វើដំណើរមកកាន់តំបន់អាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬអាពេច (APEC) នៅប្រទេសចិន នាពាក់កណ្តាលខែវិច្ឆិកាខាងមុខ។

រូបភាពដែលចេញផ្សាយដោយ KCNA បង្ហាញ មីស៊ីល Hwasong-20 មានបំពាក់ក្បាលគ្រាប់ច្រើន ព្រមទាំងផ្ទាំងទីតាំងបង្ហាញពីចំណុចបាញ់ប្រហារ បានគ្របដណ្ដប់ហួសពីដែនដីអាម៉េរិក រហូតដល់តំបន់មជ្ឈិមបូព៌ា អូស្ត្រាលី និងអាម៉េរិកខាងត្បូង។ អ្នកជំនាញយោធាកូរ៉េខាងត្បូង បានវាយតម្លៃថា ការបង្ហាញខ្លួននេះគឺជាយុទ្ធសាស្ត្រឃោសនា ដើម្បីទាញយកប្រៀបឈ្នះក្នុងកិច្ចចរចានយោបាយជាមួយអាម៉េរិក និងដើម្បីកត់ត្រាសមិទ្ធផលអាវុធនុយក្លេអ៊ែររបស់លោក គីម ឱ្យក្លាយជាមរតកប្រវត្តិសាស្ត្រអចិន្ត្រៃយ៍។

ដោយឡែក កាលពីថ្ងៃទី១២តុលា កូរ៉េខាងជើង ក៏បានប្រកាសពីការបាញ់សាកល្បង «មីស៊ីលផ្លោងយុទ្ធសាស្ត្រ» ជុំថ្មីមួយទៀត ដើម្បីផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បន្នភាពផ្នែកបច្ចេកទេសនៃសមាសភាគសំខាន់ៗ។ កងទ័ពកូរ៉េខាងត្បូងបានបញ្ជាក់ថា នេះគឺជាការបាញ់សាកល្បងមីស៊ីលលើកទី៤ហើយរបស់រដ្ឋធានីព្យុងយ៉ាង ក្នុងរយៈពេលត្រឹមតែមួយខែនេះ ដែលធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង កាលពីពេលថ្មីៗកន្លងទៅ៕



