
រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើង បានចេញមុខចោទប្រកាន់សហរដ្ឋអាម៉េរិកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះថា បានប្រឌិតរឿង និងយកបញ្ហាសិទ្ធិមនុស្សធ្វើជាអាវុធនយោបាយ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបំផ្លាញអធិបតេយ្យភាពរបស់ខ្លួន តាមរយៈរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៦ របស់ក្រសួងការបរទេសអាម៉េរិក ព្រមទាំងបានព្រមានតបត្រឡប់វិញដោយវិធានការដ៏រឹងមាំ និងក្ដៅគគុកបំផុត។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានហៅរបាយការណ៍របស់អាម៉េរិកថាជា «ការខឹងសម្បា និងការឌឺដងខាងនយោបាយយ៉ាងធ្ងន់ធ្ងរ» ដោយបានបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោន កំពុងព្យាយាមប្រើប្រាស់លេសសិទ្ធិមនុស្ស ដើម្បីគ្របដណ្ដប់លើនយោបាយប្រឆាំងនឹងកូរ៉េខាងជើង។ រដ្ឋធានីព្យុងយ៉ាង បានបដិសេធទាំងស្រុងនូវការរកឃើញក្នុងរបាយការណ៍នេះ ដោយបានវាយបកទៅវិញថា សហរដ្ឋអាម៉េរិកខ្លួនឯងវិញទេ ដែលជាទីតាំងមានការជួញដូរមនុស្សយ៉ាងទូលំទូលាយ ហើយប្រើប្រាស់របាយការណ៍ប្រចាំឆ្នាំនេះជាឧបករណ៍ធ្វើអន្តរាគមន៍លើប្រទេសដទៃ។

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ (Yonhap) របាយការណ៍របស់អាម៉េរិក បានបន្តដាក់កូរ៉េខាងជើងឱ្យស្ថិតនៅក្នុងប្រទេស «កម្រិតទី៣» ដែលជាកម្រិតទាបបំផុតរយៈពេល២៤ឆ្នាំជាប់ៗគ្នា។ ក្រសួងការបរទេសអាម៉េរិក បានចោទប្រកាន់ថា រដ្ឋាភិបាលកូរ៉េខាងជើង បានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំលើអ្នកទោស និងពលករដែលបញ្ជូនទៅក្រៅប្រទេស ព្រមទាំងគ្មានវិធានការសមស្របក្នុងការទប់ស្កាត់ការជួញដូរមនុស្សនោះឡើយ ដែលជាការចោទប្រកាន់ដែលរដ្ឋធានីព្យុងយ៉ាងតែងតែបដិសេធជានិច្ច៕






