
រាជធានីបាងកក៖ ប៉ូលិសថៃ បានដាក់ពង្រាយទូកុងតឺន័រជាច្រើន នៅតាមផ្លូវនានា ឆ្ពោះទៅកាន់មជ្ឈមណ្ឌលសន្និបាតជាតិមហាក្សត្រិយានីស៊ីរីគីត (Queen Sirikit) ស្ថិតក្នុងរាជធានីបាងកក ដើម្បីរារាំងដល់ក្រុមកសិករ និងសកម្មជន ដង្ហែក្បួនតវ៉ា ប្រឆាំងនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ «IMF» និងធនាគារពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ បានរាយការណ៍ កាលពីរសៀល ថ្ងៃសុក្រ ទី១៦ ខែតុលាថា ក្រុម«សមាគមជនក្រីក្រ»របស់ប្រទេសថៃ ដែលជាចលនាកសិករអន្តរជាតិមួយឈ្មោះ «La Via Campesina» បានជួបជុំគ្នា នៅវេលាម៉ោង៨ព្រឹកថ្ងៃសុក្រ នៅច្រកទ្វារទី១ នៃឧទ្យានលុម្ពិនី (Lumpini Park) ទល់មុខប៉ុស្តិ៍ប៉ូលិសលុម្ពិនី នៅមុននឹងដង្ហែក្បួន ឆ្ពោះទៅកាន់ផ្លូវសុខុមវីត (Sukhumvit) និងផ្លូវបំបែកអាសុក (Asok) នៅជិតទីតាំងរៀបចំកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ «IMF» និងធនាគារពិភពលោក។

ប៉ូលិសទីក្រុងបាងកក បានដាក់ទូកុងតឺន័រទាំងសងខាងដងផ្លូវរ៉ាតចាដាភិសេក (Ratchadaphisek) ដើម្បីរារាំងដល់ក្រុមអ្នកតវ៉ា មិនឱ្យចូលទៅដល់មជ្ឈមណ្ឌលសន្និបាត ដែលជាទីកន្លែងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ «IMF» និងធនាគារពិភពលោក ដែលបានធ្វើឡើង ចន្លោះពីថ្ងៃទី១២ ដល់ ១៨ ខែតុលា។

ការតវ៉ានេះជាផ្នែកមួយនៃចលនា «La Via Campesina» នៅក្នុងប្រទេសជាង៦០ ដែលបានលើកឡើងនូវសំណើ ចំនួន៦ចំណុច ដោយផ្ដោតទៅលើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ជាពិសេស ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ក្រុមអ្នកតវ៉ា បានអះអាងថា ស្ថាប័នទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពស្បៀងអាហារ ព្រមទាំងបន្តពង្រឹងនូវអ្វីដែលពួកគេហៅ ជា«ប្រព័ន្ធអាណានិគមនិយមសម័យថ្មី» ដែលជិះជាន់ និងគ្រប់គ្រងសហគមន៍មូលដ្ឋាន។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោកនេះ បានប្រមូលផ្តុំមន្ត្រីធនាគារកណ្តាល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងអភិវឌ្ឍន៍ ថ្នាក់ដឹកនាំមកពីវិស័យឯកជន តំណាងសង្គមស៊ីវិល និងក្រុមអ្នកសិក្សាស្រាវជ្រាវ ដើម្បីពិភាក្សាគ្នា អំពីទស្សនវិស័យសេដ្ឋកិច្ចសកល ស្ថិរភាពហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងបញ្ហាអន្តរជាតិផ្សេងៗទៀត៕



