
រដ្ឋធានីម៉ានីល៖ ការទាមទាររបស់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង នៅលើដែនទឹក នៃសមុទ្ទចិនខាងត្បូង មានទំហំប្រហែល៣,៥លានគីឡូម៉ែត្រការ៉េ ស្ទើរតែទាំងស្រុង ជាកម្មសិទ្ធិរបស់ចិន បានបង្កឱ្យមានជម្លោះដ៏ខ្លាំងក្លា ជាមួយនឹងបណ្ដាប្រទេសអាស៊ាន រួមមាន៖ ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី វៀតណាម និងតៃវ៉ាន់ ប៉ុន្ដែឥឡូវ ឯកអគ្គរដ្ឋទូតចិន បានអះអាង អំពីមហាយក្សអាស៊ី នឹងឈ្នះដោយងាយស្រួលបំផុត ប្រសិនបើប្រើប្រាស់កម្លាំងយោធា។

សារព័ត៌មានរបស់ចិនហុងកុង South China Morning Post (SCMP) បានចេញផ្សាយនៅល្ងាចថ្ងៃសុក្រទី១៦ ខែតុលានេះថា លោកប្រធានាធិបតីហ្វីលីពីន ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos Jnr) បានលើកឡើងថា ការធ្វើអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅរដ្ឋធានីម៉ានីល លោក ជីង គួន (Jing Quan) គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅសមុទ្ទចិនខាងត្បូង។ លោក ជីង គួន ឯកអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីន បានបញ្ជាក់ថា រដ្ឋាភិបាលរដ្ឋធានីប៉េកាំង អាចនឹង«ទទួលបានជ័យជម្នះយ៉ាងងាយស្រួល» ប្រសិនបើប្រទេសចិន ប្រើប្រាស់កម្លាំងយោធា នៅក្នុងតំបន់នេះ ប៉ុន្តែចិនតែងតែជ្រើសរើសយកសន្តិភាព មកជំនួសវិញ។

ការលើកឡើងរបស់អ្នកការទូតជាន់ខ្ពស់ចិនរូបនេះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ពីរដ្ឋាភិបាលរដ្ឋធានីម៉ានីល ដោយបានអំពាវនាវឱ្យមានការអត់ធ្មត់ តាមផ្លូវការទូត។ សង្គ្រាមវោហារសាស្រ្ដបែបនេះ កើតឡើងចំពេលរដ្ឋធានីប៉េកាំង និងរដ្ឋធានីម៉ានីល កំពុងតានតឹងដាក់គ្នាយ៉ាងខ្លាំង នៅជុំវិញតំបន់ Scarborough Shoal ដែលជាតំបន់មានជម្លោះ នៅសមុទ្ទចិនខាងត្បូង។ ទន្ទឹមគ្នានេះដែរ កាលពីប៉ុន្មានខែកន្លងទៅថ្មីៗរដ្ឋធានីប៉េកាំង បានព្យាយាមបណ្តេញយន្តហោះរបស់ហ្វីលីពីន ចេញពីដែនអាកាស ក្នុងតំបន់ជម្លោះ ច្រើនលើកច្រើនសា។ បន្ថែមពីលើស្ថានការណ៍ដែលតានតឹងស្រាប់ រដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានចោទប្រកាន់រដ្ឋាភិបាលរដ្ឋធានីម៉ានីល ថា បានរំលោភលើដែនអាកាសរបស់ចិន។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅសន្និសីទមួយ ស្តីពីសមុទ្ទចិនខាងត្បូង នៅក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូតចិន លោក ជីង គួន ក៏បានច្រានចោលការចោទប្រកាន់ថា ប្រទេសចិនជា«អ្នកបង្កបញ្ហា»។ នោះជារឿងមិនសមហេតុផល តើអ្នកណាជាអ្នកបង្កបញ្ហា? សាកល្បងគិតមើលទៅថា តើនរណាទៅរករឿងគ្រូបង្រៀន ជាជនជាតិចិន? ពួកគេសុទ្ធតែជាមនុស្សស្លូតត្រង់។ ការចោទប្រកាន់គ្មានមូលដ្ឋាន ប្រឆាំងនឹងចិន គឺគ្រាន់តែជាការប៉ុនប៉ង បង្កើតរឿងមិនពិត និងញុះញង់ឱ្យមានការស្អប់ខ្ពើម រវាងប្រទេសទាំងពីរ។ តើនរណាដែលព្យាយាមបង្កើតបញ្ហាថ្មីៗ ឬហេតុការណ៍ផ្សេងៗជារៀងរាល់ថ្ងៃ នាំឱ្យភាគីទាំងពីរ ឈានទៅរកការប្រឈមមុខដាក់គ្នា? ហើយថា តើនរណាជាអ្នកបង្កបញ្ហាពិតប្រាកដ? ប្រទេសដទៃទៀត គួរតែ«មានសំណាងហើយដែលមានប្រទេសជិតខាង ដូចជាចិន នៅក្នុងតំបន់នេះ»។ ឯកអគ្គរដ្ឋទូតចិន លោក ជីង គួន សង្កត់ធ្ងន់បន្ថែមថា៖«ប្រសិនបើយើងចង់ប្រើប្រាស់កម្លាំងយោធា យើងអាចនឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួល។ ប៉ុន្តែយើងអត់ធ្វើបែបនេះទេ យើងនឹងមិនប្រើប្រាស់កម្លាំងយោធាឡើយ។ យើងស្រឡាញ់សន្តិភាព»។

ការលើកឡើងរបស់មន្រ្ដីការទូតចិនរូបនេះ ទំនងជាចង់សំដៅទៅលើករណីគ្រូបង្រៀនភាសាចិន ដែលបានចាកចេញពីប្រទេសហ្វីលីពីន កាលពីពេលថ្មីៗ បន្ទាប់ពីមានការចោទប្រកាន់ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខពីសំណាក់រដ្ឋធានីម៉ានីល។ ក្រោយពេលឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសហ្វីលីពីន លើកឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ រដ្ឋាភិបាលរដ្ឋធានីម៉ានីល បានចេញមករិះគន់ចំពោះការប្រើប្រាស់ពាក្យពេចន៍ «មិនសមរម្យ» របស់មន្ត្រីការទូតចិនរូបនេះ ជាមួយនឹងការលើកឡើងថា សង្គ្រាមពាក្យសម្ដីបែបនេះ បង្កប់នូវ«ការគំរាមកំហែង អំពីការប្រើប្រាស់កម្លាំងយោធា» ដែលមិនបានជួយអ្វីសោះ ក្នុងបរិបទនៃទំនាក់ទំនងទ្វេភាគីដ៏ស្មុគស្មាញ រវាងប្រទេសទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសហ្វីលីពីន បានក្រើនរម្លឹក«មន្ត្រីការទូតទាំងអស់ប្រចាំការនៅប្រទេសហ្វីលីពីន» ឱ្យមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ពាក្យពេចន៍ ជាសាធារណៈ ជាមួយនឹងការព្រមានថា កុំឱ្យមានសកម្មភាពណាមួយ ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តគ្នាទៅវិញទៅមក ឬធ្វើឱ្យខូចខាតដល់ដំណើរការសន្ទនា រវាងប្រទេសទាំងពីរ។ដោយឡែក ស្ថានទូតចិនវិញ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃសុក្រទី១៦ ខែតុលានេះ ដោយបានរិះគន់រដ្ឋធានីម៉ានីលថា បាន«ដកស្រង់សម្តីដោយជ្រើសរើសយកតែផ្នែកខ្លះ និងបកស្រាយហួសពីន័យដើម»។ ស្ថានទូតចិន លើកឡើងថា ប្រតិកម្មរបស់រដ្ឋធានីម៉ានីល បង្ហាញឱ្យឃើញថា នៅមាន«ផ្លូវវែងឆ្ងាយទៀត» មុននឹងអាចឈានទៅដល់ការទំនាក់ទំនងទ្វេភាគី ប្រកបដោយប្រសិទ្ធភាព ហើយបានជំរុញឱ្យហ្វីលីពីន ដើរតួនាទីប្រកបដោយការទទួលខុសត្រូវជាងនេះ៕





