
រដ្ឋធានីវ៉ាស៊ីនតោន៖ សង្គ្រាមរវាងមេដឹកនាំវិមានក្រឹមឡាំង និងមេដឹកនាំរដ្ឋធានីកៀវ នៅតែបន្ដវាយប្រហារគ្នាទៅវិញទៅមក ដោយស្ថិតក្នុងស្ថានភាពមិនចាញ់មិនឈ្នះ អស់រយៈពេលជាង៤ឆ្នាំមកហើយ ប៉ុន្ដែការវាយប្រហារថ្មីៗរបស់កងទ័ពអ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បែរជាធ្វើឱ្យលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ មិនសប្បាយចិត្ត ដ្បិត លោក ត្រាំ ចុះកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតយ៉ាងច្រើន ពីរដ្ឋាភិបាលរដ្ឋធានីមូស្គូ...។

បណ្ដាញទូរទស្សន៍បារាំង France 24 (ហ្វ្រង់ស៍២៤) បានចេញផ្សាយព័ត៌មាននៅរសៀលថ្ងៃសុក្រទី១៦ ខែតុលានេះថា លោក ត្រាំ ហៅការវាយប្រហារថ្មីរបស់យោធាអ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីថា វាជារឿង«គួរឱ្យអាម៉ាស់» បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) បដិសេធសំណើរបស់លោក ស្នើឱ្យមាន«បទឈប់បាញ់ផ្នែកថាមពល»។ ទន្ទឹមគ្នា មេដឹកនាំរដ្ឋធានីកៀវ ក៏បានស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តអឺរ៉ុប នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបនៅរដ្ឋធានីព្រុចសែលស៍ (Brussels) ប្រទេសប៊ែលហ្ស៊ីក។

លោក ត្រាំ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Newsmax យ៉ាងដូច្នេះថា៖«ខ្ញុំគិតថា ការវាយប្រហារបែបនេះ ជាការគួរឱ្យអាម៉ាស់។ សកម្មភាពរបស់អ៊ុយក្រែន កំពុងធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់ ហើយសង្គ្រាមនេះ គួរតែបញ្ចប់នៅក្នុងពេលឆាប់ៗ។ ខ្ញុំគិតថា ភាគីទាំងពីរ ពិតជាចង់ឃើញការបញ្ចប់ជម្លោះ។ ប៉ុន្តែសម្រាប់ខ្ញុំ ហាក់ដូចជាពិបាកនឹងចរចាជាមួយលោក ហ្សេឡែនស្គី ច្រើនជាងលោក ពូទីន»។(Sic) បន្ថែមពីការលើកតម្កើងទៅលើមេដឹកនាំវិមានក្រឹមឡាំង ប្រធានាធិបតីវ័យ៨០ឆ្នាំរបស់សហរដ្ឋអាម៉េរិករូបនេះ ក៏បានរិះគន់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ផងដែរ ជាមួយនឹងការអះអាងថា លោក ហ្សេឡែនស្គី ហាក់មិនសូវមានឆន្ទៈនៅក្នុងការសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម ច្រើនជាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)៕




