សោកនាដកម្មបន្ថែមលើសង្គ្រាម៖ ក្មេងៗ៣៤នាក់ដ៏គួរឱ្យអាណិត និងអ្នកគ្រូម្នាក់ បាត់បង់ជីវិតជាមួយគ្នាដោយសារបាក់ដំបូលសាលាភ្លាមៗនៅប៉ាគីស្ថាន
Mao Sopha
•
11 ម៉ោងមុន

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ កំពុងជួបការលំបាក និងមានប្រជាជនក្មេងចាស់ស្លាប់ ដោយសារសង្គ្រាមជាមួយពួកតាលីបង់ នៅអាហ្គានីស្ថានស្រាប់ទៅហើយ ពេលនេះ ប៉ាគីស្ថាន មកជួបសោកនាដកម្មដ៏សោកសង្រេកមួយថែមទៀត គឺករណីបាក់ដំបូលសាលារៀនឯកជន បណ្ដាលឱ្យកុមារជាសិស្សសាលា យ៉ាងហោចណាស់៣៤នាក់ និងគ្រូបង្រៀនស្ត្រីម្នាក់ ស្លាប់ជាមួយគ្នា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ គ្រូបង្រៀនផ្សេងម្នាក់ទៀត បានរួចផុតជីវិត ប្រៀបប្រដូចការបាក់ដំបូលអគារសាលានេះ ដូចជាមេឃបាក់រលំ។    

យោងតាមសារព័ត៌មាន Reuters និង AP សាលាឯកជននេះ ហៅថា មជ្ឈមណ្ឌលអប់រំ អាល់-ឃែ (Al-Khair Education Center) ស្ថិតក្នុងទីក្រុងផេសាវ៉ា (Peshawar) ខេត្តឃីបឺ ផាកទុនខ្វា (Khyber Pakhtunkhwa) នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ ក្រៅពីស្លាប់ នៅមានកុមារយ៉ាងហោចណាស់៤៥នាក់ផ្សេងទៀត រងរបួស។ ក្រោយហេតុការណ៍នេះ អាជ្ញាធរ បានចាប់ខ្លួនម្ចាស់សាលា និងបើកការស៊ើបអង្កេតរកមូលហេតុនៃការបាក់រលំដំបូលអគារ។ 

លោក ម៉ូហាមេដ អាស៊ីម (Mohammad Asim) អ្នកនាំពាក្យមន្ទីរពេទ្យ Lady Reading Hospital ក្នុងទីក្រុងផេសាវ៉ា អះអាងថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរងរបួស ភាគច្រើន មានអាយុចន្លោះពី៦ទៅ១២ឆ្នាំ។ របាយការណ៍របស់ក្រុមអ្នកសង្គ្រោះបន្ទាន់ បង្ហាញថា ដំបូលនៃថ្នាក់រៀននៅជាន់ខាងលើ បានបាក់ធ្លាក់ចុះមកលើថ្នាក់រៀននៅជាន់ខាងក្រោម ហើយក៏បណ្ដាលឱ្យពិដាន រួមទាំងផ្នែកផ្សេងៗនៃអគារបាក់រលំតៗគ្នា និងសង្កត់លើសិស្សដែលកំពុងរៀននៅខាងក្នុង។ នៅពេលដំបូលបាក់ សិស្សជាច្រើនបានជាប់នៅក្រោមគំនរបាក់បែក ហើយត្រូវការជំនួយបន្ទាន់ពីក្រុមសង្គ្រោះ។

លោក ប៊ីឡាល់ ហ្វេហ្ស៊ី (Bilal Faizi) អ្នកនាំពាក្យផ្នែកសេវាសង្គ្រោះបន្ទាន់លេខ១១២២ (Rescue 1122) លើកឡើងថា ក្រុមជួយសង្គ្រោះ បានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ និងចាប់ផ្តើមប្រតិបត្តិការរុករកអ្នកជាប់នៅក្រោមគំនរបាក់បែក។ ប្រតិបត្តិការនេះ មានការចូលរួមពីអ្នកសង្គ្រោះជិត១០០នាក់ រួមទាំងប្រជាពលរដ្ឋនៅក្បែរនោះ បានជួយទាញសិស្សចេញពីអគារដែលបាក់រលំ។

ដោយសារសាលាស្ថិតនៅតាមផ្លូវតូចចង្អៀតក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ការធ្វើដំណើរចូលរបស់រថយន្តសង្គ្រោះទៅកាន់ទីតាំង និងការដឹកជញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ ក៏ប្រឈមនឹងការលំបាក។ ក្រុមជួយសង្គ្រោះ បានចំណាយពេលជាច្រើនម៉ោង ដើម្បីស្វែងរក និងជួយសង្គ្រោះអ្នករងគ្រោះ។ ក្រោយមក អាជ្ញាធរ បានឱ្យដឹងថា មនុស្សដែលជាប់នៅក្រោមគំនរបាក់បែកត្រូវបានសង្គ្រោះ និងរកឃើញអស់ហើយ។

មេប៉ូលិសក្រុងផេសាវ៉ា លោក​ មៀន សាអ៊ីដ (Mian Saeed) ថ្លែងថា អគារសាលាមានរចនាសម្ព័ន្ធខ្សោយ ហើយការសាងសង់បន្ថែមនៅលើដំបូល អាចធ្វើឱ្យទម្ងន់លើសពីសមត្ថភាពទ្រទ្រង់របស់អគារ រហូតបណ្ដាលឱ្យដំបូលបាក់រលំ។ លោកបន្តថា ម្ចាស់សាលាត្រូវបានចាប់ខ្លួន ហើយក្រុមប៉ូលិសជំនាញ បានចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីកំណត់ការទទួលខុសត្រូវ និងស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។

ប៉ូលិស បានស្ដាប់ចម្លើយពីម្ចាស់សាលាថា ភ្លៀងធ្លាក់នាពេលថ្មីៗ អាចធ្វើឱ្យដំបូលចុះខ្សោយ។ ប៉ូលិស មិនទាន់បញ្ចប់ការស៊ើបអង្កេតនោះទេ​ ហើយក៏មិនទាន់អាចបញ្ជាក់ជាផ្លូវការបានដែរថា តើមកពីភ្លៀងធ្លាក់ ឬការសាងសង់បន្ថែម ឬបញ្ហារចនាសម្ព័ន្ធអគារ ដែលជាកត្តាចម្បងបង្កឱ្យមានការបាក់ដំបូលនេះ? នៅសាលារៀននេះ មានសិស្សចុះឈ្មោះសិក្សាប្រហែល១២០០នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៥។ នៅពេលកើតហេតុ សិស្សប្រហែល១១០នាក់កំពុងរៀននៅក្នុងថ្នាក់ចំនួន៣ ស្ថិតក្នុងផ្នែកអគាររងការបាក់រលំ។

សាក្សីនៅក្បែរទីតាំងសាលា រៀបរាប់ថា ប្រជាពលរដ្ឋ បាននាំគ្នារត់ទៅជួយ បន្ទាប់ពីឮដំណឹងថា មានកុមារជាប់នៅក្រោមគំនរបាក់បែក។ មនុស្សមួយចំនួន បានប្រើឧបករណ៍សាមញ្ញៗ ដូចជា ប៉ែល ដើម្បីជីក និងកាយយកកុមារចេញ មុនពេលក្រុមសង្គ្រោះទៅដល់។ លោក សាមុយឡា (Samiullah) ជាពលរដ្ឋម្នាក់ និយាយថា លោកបានជួយក្មេងស្រី៣នាក់ មានអាយុក្រោម៨ឆ្នាំ ឱ្យបានចេញពីកន្លែងកើតហេតុ។

បុរសម្នាក់ទៀត ឈ្មោះ ចាវ៉ាដ អាម៉ាដ (Jawad Ahmad) មានកូនប្រុស-ស្រីរៀននៅសាលានេះ ហើយសំណាងល្អ ដែលបានរួចផុតពីគ្រោះថ្នាក់។ លោកបានរៀបរាប់ថា លោកតក់ស្លុតយ៉ាងខ្លាំង ពេលទទួលដំណឹងថា អគារសាលាបានបាក់រលំ។ គ្រូបង្រៀនស្ត្រីម្នាក់ ឈ្មោះ ម៉ាវីស ហ្សាម៉ាន (Mahwish Zaman) ដែលបានរងរបួសក្នុងហេតុការណ៍នេះ បានប្រាប់សារព័ត៌មាន AP ពីលើគ្រែពេទ្យថា នៅពេលដំបូលបាក់រលំ លោកស្រី កំពុងស្ថិតនៅក្នុងថ្នាក់រៀនរបស់ខ្លួន។ អ្នកគ្រូបង្រៀនរូបនេះ បានប្រៀបធៀបអារម្មណ៍នៅពេលនោះថា ដូចជា មេឃទាំងមូលបានធ្លាក់សង្កត់មកលើ។

បន្ទាប់ពីកើតមានគ្រោះថ្នាក់នេះ អភិបាលខេត្តឃីបឺ ផាកទុនខ្វា លោក ហ្វេសាល់ ការីម កុនឌី (Faisal Karim Kundi) បានបញ្ជាឱ្យមានការត្រួតពិនិត្យសុវត្ថិភាពរចនាសម្ព័ន្ធអគារសាលារៀននៅទូទាំងខេត្ត ដើម្បីស្វែងរកហានិភ័យ និងចាត់វិធានការកែតម្រូវ ចំពោះអគារដែលអាចបង្កគ្រោះថ្នាក់ដល់សិស្ស។ ជាមួយគ្នា អាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីស្វែងរកមូលហេតុនៃការបាក់រលំ និងស្នើវិធានការការពារ កុំឱ្យកើតមានសោកនាដកម្មស្រដៀងគ្នា នាពេលអនាគត។

លោកនាយករដ្ឋមន្ត្រី ហ្សេបាស ហ្សារីហ្វ (Shehbaz Sharif) បានបញ្ជាឱ្យពិនិត្យគ្រប់ទិដ្ឋភាពពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលត្រូវរកឃើញថា មានការទទួលខុសត្រូវក្នុងរឿងនេះ។ លោកនាយករដ្ឋមន្ត្រី រួមទាំងលោកប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិតកូនសិស្សតូចៗ និងគ្រូបង្រៀនក្នុងហេតុការណ៍ដ៏តក់ស្លុតនេះ។ បន្ថែមពីនេះ លោក ប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តី បានប្រាប់ទៅអាជ្ញាធរឱ្យធានាដល់អ្នករងរបួសអាចទទួលបានការព្យាបាលសមស្រប ព្រមទាំងផ្តល់ជំនួយដល់ក្រុមគ្រួសារពួកគេ។ 

អង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសប៉ាគីស្ថាន បានបង្ហាញការគាំទ្រចំពោះកុមារ និងក្រុមគ្រួសាររងគ្រោះ ហើយបានលើកឡើងពីតម្រូវការជំនួយផ្នែកផ្លូវចិត្ត និងការអនុវត្តស្ដង់ដារសុវត្ថិភាពអគារសាលារៀន។ សូមរម្លឹកថា កាលពីខែមិថុនា ឆ្នាំ២០២៦ ក៏មានករណីដំបូលមជ្ឈមណ្ឌលបង្រៀនឯកជនមួយនៅទីក្រុង ឡាហ័រ (Lahore) បានបាក់រលំ បណ្ដាលឱ្យកុមារ១៤នាក់ស្លាប់ នាពេលនោះ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត