
រដ្ឋធានីអង់ការ៉ា៖ ភ្លៀងបានវាយប្រហារយ៉ាងខ្លាំងទៅលើទីក្រុងអ៊ីស្ដង់ប៊ូល (Istanbul) ត្រឹមតែរយៈពេលមួយយប់មួយថ្ងៃ បានបណ្ដលឲ្យមានទឹកជំនន់ជន់លិចយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងប្រវត្ដិសាស្រ្ដរយៈពេលជាង៨០ឆ្នាំ នៃទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី...។

ទីភ្នាក់ងារសារព័ត៌មានសហរដ្ឋអាម៉េរិក AP ចេញផ្សាយនៅថ្ងៃសុក្រទី១៦ ខែតុលានេះថា ក្រុមមន្រ្ដីទីក្រុងអ៊ីស្ដង់ប៊ូល បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងបានបង្អុរចុះមកយ៉ាងខ្លាំង រហូតធ្វើឱ្យទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគីមួយនេះ ស្ទើរតែលិចលង់ទាំងស្រុង ដោយទឹកបានជន់លិចផ្ទះសម្បែង ផ្លូវថ្នល់នានា ព្រមទាំងបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់ បាត់បង់ជីវិត ខណៈក្រុមអ្នកជួយសង្គ្រោះ បានជម្លៀសប្រជាជនរាប់ពាន់នាក់ ទៅរកទីមានសុវត្ថិភាព។ ភ្លៀងចាប់ផ្ដើមធ្លាក់មកយ៉ាងខ្លាំង ចាប់តាំងពីយប់ថ្ងៃពុធ រហូតបង្កឱ្យមានទឹកជំនន់លិចលង់ផ្ទះសម្បែង ទីតាំងអាជីវកម្ម ផ្លូវថ្នល់ និងផ្លូវក្រោមដី ហើយធ្វើឱ្យយានយន្តជាច្រើនជាប់គាំង និងបង្កជាភាពវឹកវរផ្នែកចរាចរណ៍ នៅក្នុងទីក្រុង។ នៅតាមតំបន់មួយចំនួន ទឹកជំនន់បានហូរនាំយករថយន្ត ទៅបុក ឬគរលើគ្នា និងតំបន់ខ្លះរថយន្ដកំពុងអណ្ដែតនៅក្នុងទឹកត្រៀបត្រា ពាសពេញទីក្រុង។

លោក មូរ៉ាត គូរូម (Murat Kurum) រដ្ឋមន្ត្រីក្រសួងបរិស្ថាន នគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុ បានបញ្ជាក់ថា ទឹកជំនន់នេះ បានបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងបំផុត នៅក្នុងប្រវត្ដិសាស្រ្ដ រយៈពេល៨៣ឆ្នាំចុងក្រោយ នៃប្រវត្ដិសាស្រ្ដរបស់ទីក្រុងអ៊ីស្ដង់ប៊ូល។ សូមជម្រាបថា អ៊ីស្ដង់ប៊ូល ជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី ដោយមានប្រជាជនរស់នៅរហូតដល់ជាង១៥លាននាក់ ខណៈរដ្ឋធានីអង់ការ៉ា មានប្រជាជនរស់នៅត្រឹមតែជិត៦លាននាក់ប៉ុណ្ណោះ។ ប្រទេសតួកគី មានប្រជាជនសរុប ជាង៨៦លាននាក់។ នេះបើតាមស្ថិតិ ឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរតួកគី នៅមិនទាន់វាយតម្លៃអំពីទំហំខូចខាតសរុប ដែលបង្កឡើងដោយគ្រោះធម្មជាតិ ដ៏កំណាចនេះនៅឡើយ៕




