
រាជធានីភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកទ្បើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មិនមែនសំដៅត្រឹមតែការសាងសង់ កម្រាលកៅស៊ូ ឬបេតុង ផ្តល់ឱ្យនូវការប្រើប្រាស់ផ្លូវថ្នល់បានរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវ គុណភាព សោភ័ណភាព ជាពិសេស សុវត្ថិភាពខ្ពស់ សម្រាប់អ្នកប្រើប្រាស់...។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍» នៅថ្ងៃសុក្រទី១៦តុលានេះ លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងប្រភេទ តួនាទី គោលការណ៍នៃការរៀបចំ ការជ្រើសរើស ការរចនា ការដំឡើង និងការថែទាំបរិក្ខារចរាចរណ៍ ដោយផ្តោតសំខាន់លើការធានា ឱ្យអ្នកប្រើប្រាស់ផ្លូវអាចមើលឃើញ យល់ និងអនុវត្តតាមសញ្ញា និងបរិក្ខារចរាចរណ៍បានច្បាស់លាស់ និងទាន់ពេលវេលា។ លើសពីនេះ វគ្គបណ្ដុះបណ្ដាល ក៏នឹងពង្រឹងសមត្ថភាពលើការអនុវត្តគោលការណ៍ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងបរិក្ខារចរាចរណ៍ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា ប្រសិទ្ធភាព សុវត្ថិភាព និងសោភ័ណភាពនៃប្រព័ន្ធបរិក្ខារចរាចរណ៍ នៅតាមបណ្តាញផ្លូវថ្នល់ទូទាំងប្រទេស។

មួយវិញទៀត តាមរយៈវគ្គបណ្ដុះបណ្ដាល សិក្ខាកាម នឹងទទួលបានចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការរចនា កំណត់ប្រភេទ និងទីតាំងបំពាក់បរិក្ខារចរាចរណ៍ ឱ្យបានត្រឹមត្រូវសមស្របនឹងស្ថានភាពផ្លូវ និងលក្ខខណ្ឌចរាចរណ៍ ព្រោះកង្វះខាត ឬភាពមិនច្បាស់លាស់នៃបរិក្ខារទាំងនេះ គឺជាមូលហេតុចម្បងមួយដែលបង្កឱ្យ មានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ បរិក្ខារចរាចរណ៍ទាំងនោះ រួមមាន គំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញា របាំងសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ ដែលជាភាសាទំនាក់ទំនងផ្ទាល់រវាងផ្លូវ និងអ្នកបើកបរ៕





