
ក្រុងសំរោង៖ គិតត្រឹមថ្ងៃទី១៥តុលា គ្រោះមហន្តរាយជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៥ ក្នុងខេត្តឧត្តរមានជ័យ និងគ្របដណ្ដប់លើឃុំ-សង្កាត់ចំនួន២៣ និងភូមិចំនួន១៣៦។ ក្នុងនោះ ដំណាំស្រូវរបស់ប្រជាកសិករចំនួន ២៩១៣គ្រួសារ លើផ្ទៃដីសរុបចំនួន៣៨០៤ហិកតា កំពុងរងផលប៉ះពាល់។ នេះបើតាមរបាយការណ៍បឋម បង្ហាញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦...។

របាយការណ៍ខាងលើបង្ហាញថា ក្រៅពីផលប៉ះពាល់លើវិស័យកសិកម្ម ជំនន់ទឹកភ្លៀង ក៏បានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន៖ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពិនិត្យស្ថានភាពខូចខាត និងរៀបចំវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយជំនន់ទឹកភ្លៀង តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពខូចខាត និងជំរុញការផ្ដល់ជំនួយស្តារឡើងវិញ ជូនប្រជាកសិករ។ ក្នុងកិច្ចប្រជុំ លោកបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ដែលរងផលប៉ះពាល់ ដើម្បីពន្លឿនការចុះពិនិត្យ និងវាយតម្លៃការខូចខាតដំណាំស្រូវឱ្យបានច្បាស់លាស់ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិនិត្យលទ្ធភាពផ្តល់ពូជស្រូវ ដល់ប្រជាកសិករ ធ្វើការដាំដុះស្តារផលិតកម្មកសិកម្មឡើងវិញ។

លោកទេសរដ្ឋមន្ត្រី គន់ គីម គូសបញ្ជាក់ថា ការវាយតម្លៃផលប៉ះពាល់មានសារសំខាន់ក្នុងការប្រមូលទិន្នន័យសម្រាប់ការសម្រេចចិត្ត ការកំណត់អាទិភាពនៃការផ្ដល់ជំនួយ និងការស្នើសុំធនធានចាំបាច់ តាមរយៈយន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះ។ ទន្ទឹមគ្នា លោកក៏បានរំលឹកឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ លើការជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ និងការត្រៀមទឹកទុកសម្រាប់បង្ការហានិភ័យគ្រោះរាំងស្ងួត នាពេលខាងមុខ ដែលអាចពាក់ព័ន្ធនឹងឥទ្ធិពលបាតុភូតអែលនីញូ (El Niño) ព្រមទាំងត្រៀមលក្ខណៈអន្តរាគមន៍ជាប្រចាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងជួយស្តារជីវភាពប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕








