ប្រធានាធិបតីអ៊ីស្រាអែល ចាត់ទុកជំនួបជាមួយសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ពីមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ
S
Soriya Sou
•
41 នាទីមុន

រដ្ឋធានីបាគូ៖ ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក ហើហ្សុក (Isaac Herzog) បានបង្ហាញក្ដីរីករាយ ក្រោយបានជួបពិភាក្សាការងារជាមួយសម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៥តុលា នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ជាទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី…។

                 លោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល និង សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
                 លោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែល និង សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

ក្នុងឱកាសនៃជំនួប ប្រធានាធិបតីអ៊ីស្រាអែល បានសម្ដែងក្ដីរីករាយ និងចាត់ទុកជំនួបផ្ទាល់ទល់មុខគ្នា ជាមួយសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលនេះ ឆ្លុះបញ្ចាំងពីមិត្តភាពដ៏យូរអង្វែងរវាងអ៊ីស្រាអែល និងកម្ពុជា។ មេដឹកនាំនៃប្រទេសទាំងពីរ មានការពេញចិត្តយ៉ាងខ្លាំង ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល ក្នុងរយៈពេលជិត៦ទសវត្សរ៍កន្លងមកនេះ និងប្ដេជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន។ វិស័យសំខាន់ៗជាច្រើនត្រូវបានលើកយកមកពិភាក្សា និងផ្លាស់ប្ដូរយោបល់រួមគ្នា រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, អប់រំ, ទេសចរណ៍, និងការងារ ដែលមេដឹកនាំប្រទេសទាំងពីរប្ដេជ្ញាពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែរឹងមាំ។

សម្ដេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតីអ៊ីស្រាអែល ក៏បានឯកភាពគ្នា ពង្រឹងយន្តការពិគ្រោះយោបល់ និងផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ សំដៅស្វែងរក និងទាញយកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ឆ្ពោះទៅកម្រិតថ្មី។ ឆ្លៀតឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានយកចិត្តទុកដាក់ផ្ដល់ការគាំទ្រ និងទំនុកបម្រុងដល់សិស្សនិស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត