
ខេត្តឧត្តរមានជ័យ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ព្រមានពីគ្រោះថ្នាក់ ក្រោយម្ចាស់ហាងកាហ្វេមួយនៅខេត្តឧត្តរមានជ័យ យកគ្រាប់មិនទាន់ផ្ទុះទៅដាក់តាំង ហើយថែមទាំងយកកេសគ្រាប់ច្នៃធ្វើជាតុកាហ្វេ សម្រាប់ទទួលអតិថិជនទៀតផង។

តាមរយៈសារលើបណ្តាញសង្គម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រធានអង្គភាពស៊ីម៉ាក់ លោក ហេង រតនា បានថ្លែងអំណរគុណដល់អភិបាលខេត្តឧត្តរមានជ័យ និងកងកម្លាំងពាក់ព័ន្ធ ដែលបានចុះចាត់វិធានការទាន់ពេលវេលា លើករណីម្ចាស់ហាងកាហ្វេយកគ្រាប់មិនទាន់ផ្ទុះពីសម័យសង្គ្រាមទៅដាក់តាំង និងយកកេសគ្រាប់ធ្វើជាតុកាហ្វេ ដើម្បីបង្កើនភាពទាក់ទាញដោយខុសទំនង។ ជាមួយគ្នា លោក ហេង រតនា អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រាប់សំណល់សង្គ្រាម ដោយមិនត្រូវប៉ះពាល់ និងលើកដាក់នោះទេ ហើយជាពិសេស កុំប្រព្រឹត្តិទង្វើប្រកបដោយគ្រោះថ្នាក់ ដូចហាងកាហ្វេខាងលើនេះ។

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកេសចាស់ៗទាំងនោះ ទោះបីជាមើលទៅគ្មានគ្រោះថ្នាក់ ប៉ុន្តែវាអាចបង្កឱ្យមានការផ្ទុះជាយថាហេតុ នៅពេលមានការប៉ះទង្គិច ឬកម្តៅ។ ឧបទ្ទវហេតុនៃការផ្ទុះគ្រាប់យុទ្ធភណ្ឌ គឺជាគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។ នៅកម្ពុជា ធ្លាប់មានករណីផ្ទុះឃ្លាំងស្តុកគ្រាប់យោធា ដោយសារអាកាសធាតុកម្ដៅខ្លាំង ឬកង្វះបច្ចេកទេស។ ហេតុនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត និងផលប៉ះពាល់ផ្សេងៗ សាធារណជនត្រូវចៀសវាងការប៉ះពាល់ ការកែច្នៃ ឬការដុតកម្ទេចគ្រាប់ដោយខ្លួនឯង។ ក្នុងករណីប្រទះឃើញគ្រាប់មីន គ្រាប់បែក ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ទៅអង្គភាពស៊ីម៉ាក់ ឬកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុត៕




