ការឈ្លានពានរបស់ថៃដោយបា.ញ់ផ្លោងកាំភ្លើងធំ បង្កឱ្យផ្លូវក្នុងខេត្តឧត្តរមានជ័យ៣ខ្សែរងការខូតខាត
S
Sreyleak Yith
31 កក្កដា 2025 01:13 PM

ក្រុងសំរោង៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីយប់ថ្ងៃទី៣០កក្កដា បានឱ្យដឹងថា មន្រ្តីជំនាញបានចុះពិនិត្យផ្លូវក្នុងខេត្តឧត្តរមានជ័យ រកឃើញ​​ ផ្លូវជាតិលេខ៥៨ ផ្លូវជាតិលេខ៦៨ និងផ្លូវលេខ២៥៦៧ បានរងការខូចខាតដោយគ្រាប់ផ្លោងកាំភ្លើងធំ និងអាវុធធុនធ្ងន់របស់ទាហានថៃ…។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

អ្នកនាំពាក្យសាធារណការ បានគូសបញ្ជាក់ថា ផ្លូវរងការខូចខាតនោះស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល និងក្រុងសំរោង រួមមាន ផ្លូវជាតិលេខ៥៨ ពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ-វង្វង់មូលផ្អុង ក្រុងសំរោង មានករណីគ្រាប់កាំភ្លើងធំផ្លោងធ្លាក់ចន្លោះគីទ្បូម៉ែត្រ ១១៨+៥០០ ដល់ គីទ្បូម៉ែត្រ ១៦៣+៣០០ ធ្លុះបេតុងស្ពាន២ម៉ែត្រការ៉េ។ រីឯ ផ្លូវជាតិលេខ៦៨ ព្រំប្រទល់សៀមរាប-អូរស្មាច់ មានករណីគ្រាប់កាំភ្លើងធំផ្លោង ចន្លោះគីទ្បូម៉ែត្រ ៩០+០០០ ដល់ គ.ម១០៤+០០០។ ដោយទ្បែក ផ្លូវខេត្តលេខ ២៥៦៧ គោកមន-ប្រាសាទតាមាន់ មានករណីគ្រាប់កាំភ្លើងធំផ្លោង៧ករណី ចន្លោះគីទ្បូម៉ែត្រ ១៥+០០០ ដល់ គីទ្បូម៉ែត្រ ២២+០០០។

អ្នកនាំពាក្យបន្ថែមថា ចំពោះផ្លូវ​ជាតិលេខ៥៦ គឺ​នៅ​មាន​សុវត្ថិភាព​អាចធ្វើដំណើរ​បាន​ធម្មតា​ លើកលែងតែ​កំណាត់ផ្លូវខាងលើត្រូវ​ការ​ជួសជុលសិន​។ សូមជម្រាបថា មិនមែនមានតែផ្លូវក្នុងខេត្តឧត្តរមានជ័យ ដែលរង​ការខូចខាត​ដោយសារ​គ្រាប់កាំភ្លើងធំ​ធ្លាក់​ ជាក់ស្តែង​ កាលពីថ្ងៃទី២៩កក្កដាកន្លងទៅ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះពិនិត្យលម្អិតខ្សែផ្លូវក្នុងភូមិសាស្ត្ររកឃើញមាន​ ផ្លូវខេត្ត​លេខ ២៦២៨ (ច្រកតាថាវ) និង​ផ្លូវខេត្ត​លេខ ២PVH៥ (ជាំក្សាន្ត-អានសេះ) បានរងការខូចខាតផងដែរ​ ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត