
ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋកម្ពុជាជាជនភៀសសឹកជាង១ម៉ឹន២ពាន់នាក់ ដែលភាគច្រើនជាស្ត្រី កុមារ និងជនចាស់ជរា កំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាព«វត្តភ្នំថ្មកំបោរ» ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នឹងទទួលបានជំនួយមនុស្សធម៌ពីស្ថានទូតចិន..។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានប្រកាសដំណឹងពីការផ្តល់ជំនួយជាថវិកា១០ម៉ឺនដុល្លារនេះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់ នៅថ្ងៃទី២សីហា ឆ្នាំ២០២៥នេះ។ លោកទូត ជូនពរជនរងគ្រោះដោយសង្គ្រាម ឱ្យឆាប់បានវិលត្រឡប់ទៅផ្ទះវិញ។

ការផ្ដល់ជំនួយរបស់ស្ថានទូតចិននេះ មានគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ជំនួយនេះ បង្ហាញពីមិត្តភាពរឹងមាំរវាងប្រជាជនចិន និងប្រជាជនកម្ពុជា ដែលតែងតែឈរជើងគាំទ្រនៅពេលមានស្ថានភាពការលំបាក។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យខេត្តឧត្តរមានជ័យមានជ័យ បានថ្លែងប្រាប់ SBM News តាមតេឡេក្រាមថា បច្ចុប្បន្ន មានជនភៀសសឹកចំនួនជិត ៤ពាន់គ្រួសារ ដែលស្មើរនឹងចំនួនជាង១,២ពាន់នាក់ កំពុងស្នាក់នៅក្នុងជំរំ«វត្តភ្នំថ្មកំបោរ»នេះ។ ជាមួយគ្នានេះ លោក បង្ហោះលើហ្វេសប៊ុកថា គិតត្រឹមរសៀលថ្ងៃទី១សីហា ឆ្នាំ២០២៥ ជនភៀសសឹកនៅជំរំមួយចំនួន រួមទាំងអ្នកដែលបានជម្លៀសចេញពីលំនៅឋាន កាលពីសង្គ្រាមរវាងកងទ័ពកម្ពុជា-ថៃ បានវិលត្រឡប់មកមូលដ្ឋានភូមិឃុំ នៅខេត្តឧត្តរមានជ័យវិញជាបណ្តើរៗ។ ការវិលត្រឡប់នេះ ក្រោយបទឈប់បាញ់ត្រូវបានអនុវត្តចាប់ពីថ្ងៃទី២៩ ខែកក្កដា។
អ្នកនាំពាក្យរូបនេះ សរសេរថា៖«ជំរំទាំង៧[នៅក្នុងខេត្ត]បានបន្ថយមក៦ទីតាំង ជនភៀសសឹកកំពុងរស់នៅក្នុងជំរំបានបន្ថយមកត្រឹមជាង៨,៦ពាន់គ្រួសារ ស្មើជាង៣,១ម៉ឺននាក់»។ ចំណែកឯសភាពការណ៍ចរន្តប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុកទាំង៥ បានវិលត្រឡប់ទៅផ្ទះវិញ រួមមាន៖ ស្រុកបន្ទាយអំពិល៣០ភាគរយ ក្រុងសំរោង៨០ភាគរយ ស្រុកអន្លង់វែង៩០ភាគរយ ស្រុកត្រពាំងប្រាសាទ៧០ភាគរយ និងស្រុកចុងកាល់ស្ទើរតែទាំងអស់៕



