ភ្ញៀវទេសចរបន្តទៅកម្សាន្ត «ប្រាសាទតាក្របី» កើនឡើងខ្លាំង
អុន សម្ផស្ស
07 កក្កដា 2025 03:30 PM

ព្រំដែនកម្ពុជា-ថៃ៖ ទោះបីស្ថិតក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ នៅបន្តមានភាពស្មុគស្មាញ ខណៈសារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន បន្តអះអាងថា «ប្រាសាទតាក្របី» ជារបស់ខ្លួន ដោយបង្កើតជាជម្លោះពាក្យសម្តី ក៏ភ្ញៀវទេសចរខ្មែរ និងបរទេសគ្មានការព្រួយបារម្ភ និងបានបន្តទៅទស្សនាកម្សាន្តប្រាសាទបុរាណខ្មែរដ៏ចំណាស់មួយនេះយ៉ាងច្រើនកុះករ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ...។

<b>រូបភាពភ្ញៀវទេសចរទៅទស្សនា«ប្រាសាទតាក្របី»។</b>
រូបភាពភ្ញៀវទេសចរទៅទស្សនា«ប្រាសាទតាក្របី»។

ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ លោកស្រី ធិននី មុនីរស្មី បានថ្លែងប្រាប់ SBM News នៅថ្ងៃទី៧កក្កដានេះថា ជាការកត់សម្គាល់របស់មន្ទីរ បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរធ្វើដំណើរចូលទៅទស្សនា «ប្រាសាទតាក្របី» មានការកើនឡើង ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានក្មេងចាស់ប្រុស-ស្រី។ លោកស្រីប្រធានមន្ទីរ បញ្ជាក់យ៉ាងដូច្នេះថា៖«ចំនួនភ្ញៀវបច្ចុប្បន្ន មានការកើនឡើងជាងលើកមុន ក្នុងមួយថ្ងៃគឺចន្លោះពី៣០០ទៅ៥០០នាក់ ហើយថ្ងៃខ្លះ ក៏ឡើងទៅដល់ជិត១០០០នាក់ដែរ»។ ជាមួយគ្នា លោកស្រីប្រធានមន្ទីរបន្តអំពាវនាវដល់ភ្ញៀវទេសចរឱ្យបន្តសកម្មភាពទៅទស្សនាតាមប្រាសានានា ក្នុងខេត្តឧត្តរមានជ័យឱ្យកាន់តែច្រើន ព្រមទាំងចូលរួមថែរក្សាបរិស្ថាននៅទីតាំងប្រាសាទទាំងនោះផងដែរ។ 

<b>លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។</b>
លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។

ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើភ្នំខ្នងដងរ៉ែក ក្នុងភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ដែលអន្តរជាតិទទួលស្គាល់។ ប្រាសាទនេះ ស្ថិតនៅចម្ងាច៥៧គីឡូម៉ែត្រពីទីរួមខេត្ត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៦ និងមានចម្ងាយ៣០គីឡូម៉ែត្រ ពីទីរួមស្រុកបន្ទាយអំពិល សាងសង់ឡើងអំពីថ្មភក់នាសតវត្សរ៍ទី១១ ឬសតវត្សរ៍ទី១២។

<b>ប្រាសាទតាក្របី។</b>
ប្រាសាទតាក្របី។

សូមរំឭកខ្លីថា ក្រោយហេតុកាណ៍ប៉ះទង្គិចពាក្យសម្តីបង្កឡើងដោយភាគីថៃ ហាមឃាត់មិនឱ្យពលរដ្ឋខ្មែរ ដែលបានឡើងទៅទស្សនាប្រាសាទតាក្របី ថតរូបអនុស្សាវរីយ៍ និងហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យបង់កក្រមាមានរចនាប៉ាក់រូបទង់ជាតិកម្ពុជា កាលពី វេលាម៉ោង៤រសៀលថ្ងៃទី៥កក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ប្រាប់ក្រសួងព័ត៌មានថា ការហាមឃាត់របស់ទាហានថៃនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុន ដែលថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិខ្មែរឡើយ។ ដូច្នេះ ពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានទេ ព្រោះកន្លងទៅភ្ញៀវទេសចរជនជាតិថៃមកលេង «ប្រាសាទតាក្រីបី» ក៏បានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃដូចគ្នា។ ហេតុនេះ ប្រជាជនកម្ពុជា មានសិទ្ធិស្លៀកសំលៀកបំពាក់ និងប្រើប្រាស់សម្ភារ ដែលមានរចនារូបទង់ជាតិកម្ពុជាបាន ពេលទៅទស្សនាប្រាសាទតាក្របី។

<b>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។</b>
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

លោកស្រី ម៉ាលី សុជាតា ក៏បានទាត់ចោលទាំងស្រុងផងដែរ រាល់ការលើកឡើងរបស់ភាគីថៃ ដែលថា «ប្រាសាទតាក្របី» ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន ខណៈលោកស្រីថា ការអះអាងរបស់ថៃនេះ គឺសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។ អ្នកនាំពាក្យក្រសួងការពារជាតិ ផ្ញើសារទៅភាគីថៃថា បើចង់ដឹងច្បាស់ថា «ប្រាសាទតាក្របី» នេះ ជាកម្មសិទ្ធិរបស់អ្នកណា ថៃត្រូវចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕  

<br />

<b>ប្រាសាទតាក្របី។</b>
ប្រាសាទតាក្របី។
<b>ប្រាសាទតាក្របី។</b>
ប្រាសាទតាក្របី។
<b>ប្រាសាទតាក្របី។</b>
ប្រាសាទតាក្របី។
<b>ប្រាសាទតាក្របី។</b>
ប្រាសាទតាក្របី។
<b>ប្រាសាទតាក្របី។</b>
ប្រាសាទតាក្របី។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត