
គុនខ្មែរ៖ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏អស្ចារ្យមួយ នៅលើទឹកដីដូនតាដ៏អច្ឆរិយៈ នោះគឺ គុនខ្មែរសមរាត្រី ឬ(Golden Equinox Kun Khmer) ដែលជាការប្រកួតសងសឹករវាងកីឡាករ សាប៊្រី ប៊ីហ៊ីយីណា ទៅលើកីឡាករ ធឿន ធារ៉ា ដែលបានផ្ទួលរូបគេឱ្យសន្លប់កាពីឆ្នាំ២០២៣។ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរសមរាត្រី នេះ នឹងរៀបចំនៅបរិវេណសួនច្បារមាត់ស្ទឹង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីអបអរសាទរព្រឹត្តិការណ៍សមរាត្រី ដែលព្រះអាទិត្យរះចំកណ្ដាលនៃកំពូលប្រាង្គប្រាសាទអង្គរវត្ត...។

ព្រឹត្តិការណ៍នេះ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា នឹងដឹកនាំក្រុមអ្នកចម្បាំងក្រុងអង្គរជាច្រើនរូប ចេញតតាំងប្រយុទ្ធជាមួយអ្នកលេងក្បាច់គុនល្បីៗមកពីតំបន់អឺរ៉ុប និងអាស៊ី។ អ្វីដែលកាន់តែពិសេសនោះ ការប្រកួតឡើកនេះ ក៏ជាជំនួបសងសឹករវាងកីឡាករ ធឿន ធារ៉ា និងកីឡាករ សាប៊្រី ប៊ីហ៊ីយីណា (Sabri Benhenia)ផងដែរ។ កីឡាករ សាប៊្រី ប៊ីហ៊ីយីណា ធ្លាប់រងបរាជ័យក្រោមកណ្តាប់ដៃមហាទម្ងន់ ធឿន ធារ៉ា ម្ដងរួចមកហើយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងជំនួបដណ្ដើមខ្សែក្រវាត់ IPCC Kun Khmer Wolrd Champion នាសង្វៀនសេនាគុនខ្មែរយ័ន្ទ៨ទិស។ កាលនោះ កីឡាករកូនកាត់៣សាសន៍រូបនេះ គ្មានស្នៀតអ្វីតបតកីឡាករ ធឿន ធារ៉ា ទាល់តែសោះ បន្ទាប់ពីចូលផ្លែកែងធ្ងន់ៗរបស់អ្នកលេងពូថៅដៃពិឃាដ និងបិទបញ្ចប់ការប្រកួតដោយកណ្តាប់ដៃមហាទម្ងន់គុនខ្មែរ ធ្វើឱ្យកីឡាករ សាប៊្រី ប៊ីហ៊ីយីណា ត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់២០ ក៏នៅតែមិនដឹងខ្លួនដែរ។ ចុះមកម្តងនេះ អាចស្ដារដើមវិញបានទេ ឬក៏ត្រូវសន្លប់ធំជាថ្មីម្ដងទៀត?

សូមជម្រាបថា ក្រៅពីជំនួបដ៏ក្ដៅគគុករវាងមេទ័ពគុនខ្មែរ ជាមួយកីឡាករ សាប៊្រី ប៊ីហ៊ីយីណា ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏ធំប្រចាំឆ្នាំនេះ ក៏នៅមានកីឡាករល្បីៗមួយចំនួនទៀតផងដែរ នោះគឺ កីឡាករ សូត្រ វាសនា ដណ្តើមខ្សែក្រវាត់ជើងឯក IPCC Kun Khmer World រីឯកីឡាករ អេ វីរខាំឈីត ភូថង ឬម៉ឹន មេឃា, អេ អាំម៉ារីនភូថង, សូត្រ ខេវិន, និងកីឡាករ ចម្រើន គុនខ្មែរ អ្នកទាំង៣ នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករជើងខ្លាំងមកពីបណ្តាទ្វីបនានាផងដែរ។ យើងរង់ចាំមើលថា តើការវិលត្រឡប់មកសាជាថ្មី កីឡាករ សាប៊្រី ប៊ីហ៊ីយីណា មានភាពខ្លាំង និងមានទម្រង់ប្រកួតក្បាច់គុនខ្មែរឡើងកម្រិតណា ខណៈបច្ចុប្បន្ន កីឡាករ សាប៊្រី ប៊ីហ៊ីយីណា ជាម្ចាស់ជើងឯកពិភពលោក (World Champion), ម្ចាស់ជើងឯកអឺរ៉ុប ២សម័យកាល (European Champion) និងជាម្ចាស់ជើងឯក K-1 World 8-Man Tournament នៅអឺរ៉ុបផងដែរ។

ដូច្នេះ ជំនួបលើកនេះ អាចនឹងតានតឹងជាងពេលជួបលើកដំបូង ដ្បិតអី បច្ចុប្បន្ន កីឡាករ ធឿន ធារ៉ា ធ្លាក់ទម្រង់ប្រកួតខ្លាំងដែរ និងកំពុងស្ដាររប្រជាប្រិយភាព ក៏ដូចជាទំនុកចិត្តពីអ្នកគាំទ្ររបស់ខ្លួនវិញ ខណៈកីឡាករ សាប៊្រី ប៊ីហ៊ីយីណា ស្ពាយបទពិសោធដ៏ជូរចត់របស់ខ្លួន ដើម្បីយកទៅអភិវឌ្ឍសមត្ថភាពរហូតទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ ទោះយ៉ាងណា មហាជន និងអ្នកស្នេហាវិស័យគុនខ្មែរ កំពុងទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសា ថាតើអ្នកលេងពូថៅដៃពិឃាដ អាចរក្សាកិត្តិយសជាម្ចាស់ផ្ទះ និងផ្តួលជើងខ្លាំងមកពីអឺរ៉ុបរូបនេះ បានជាលើកទី២ ឬមួយក៏ត្រូវកីឡាករ សាប៊្រី ប៊ីហ៊ីយីណាសងសឹកបានសម្រេចវិញ នៅលើទឹកដីខេត្តសៀមរាប…?







