កូរ៉េខាងជើង គំរាមអាម៉េរិកកុំឱ្យលូកលាន់ជ្រុលរឿងកោះតៃវ៉ាន់ និងប្តេជ្ញាជួយរុស្ស៊ីឱ្យឈ្នះសង្គ្រាម
N
Nary Vann
•
07 តុលា 2026 11:00 AM

រដ្ឋធានីព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានចេញមុខថ្កោលទោសសហរដ្ឋអាម៉េរិកយ៉ាងចាស់ដៃជុំវិញការលក់អាវុធ និងការគាំទ្រយោធាដល់កោះតៃវ៉ាន់ ដោយចោទប្រកាន់រដ្ឋធានីវ៉ាស៊ីនតោនថា កំពុងដុតបញ្ឆេះកម្តៅសន្តិសុខនៅច្រកសមុទ្ទតៃវ៉ាន់ឱ្យដូចហ័រមូស្ស។ នេះបើយោងតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានរដ្ឋ KCNA។

តាមរយៈអត្ថបទវិភាគរបស់ KCNA កូរ៉េខាងជើង បានព្រមានសហរដ្ឋអាម៉េរិកឱ្យ «គិតគូរឱ្យបានពីរដង» មុននឹងសម្រេចចិត្តប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយមហាអំណាចចិន ដើម្បីការពារសន្តិសុខឱ្យកោះតៃវ៉ាន់។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីយន្តហោះចម្បាំង F-16V Block 70 ពីរគ្រឿងដំបូងក្នុងចំណោម៦៦គ្រឿងដែលកោះតៃវ៉ាន់បានកុម្ម៉ង់ទិញពីអាម៉េរិក បានដឹកមកដល់កោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ចំពេលដែលកោះប្រជាធិបតេយ្យមួយនេះ កំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកើនឡើងពីរដ្ឋធានីប៉េកាំង។

ទន្ទឹមនឹងការវាយប្រហារលើសហរដ្ឋអាម៉េរិក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានផ្ញើសារជូនពរខួបកំណើតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានសម្ដែងជំនឿជាក់ថា«សង្គ្រាមដ៏វិសុទ្ធដើម្បីយុត្តិធម៌»របស់រុស្ស៊ី ក្នុងការការពារអធិបតេយ្យ និងសន្តិសុខជាតិ នឹងទទួលបានជ័យជម្នះជាមិនខាន។ ផ្អែកតាមការប៉ាន់ប្រមាណពីអ៊ុយក្រែន និងកូរ៉េខាងត្បូង កូរ៉េខាងជើង បានបញ្ជូនកងទ័ពប្រមាណពី១៤០០០ដល់១៥០០០នាក់ទៅជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន តាំងពីឆ្នាំ២០២៤ មក ក្រោមសន្ធិសញ្ញាការពារជាតិរួមរវាងប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត