កុំឱ្យរបបព្យុងយ៉ាងផ្គើនពេក! កូរ៉េខាងត្បូងបា.ញ់សាកល្បងអាវុ.ធលឿនជាងសំឡេង ផលិតក្នុងស្រុកជាលើកដំបូង
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងត្បូង បានបាញ់សាកល្បងអាវុធលឿនជាងសំឡេង ដែលផលិតដោយខ្លួនឯងជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ទី៨តុលា។ អាវុធនេះ ត្រូវបានរចនាឡើង ដើម្បីហោះហើរក្នុងល្បឿនលឿនជាងសំឡេងលើសពី៥ដង និងអាចគេចផុតពីប្រព័ន្ធការពារមីស៊ីលថែមទៀតផង ធ្វើឱ្យចង្កូមយោធារបស់រដ្ឋធានីសេអ៊ូលឆ្ពោះទៅមុខមួយជំហានទៀត ដែលអាចផ្លាស់ប្ដូរសភាពការណ៍បាន...។

ការបាញ់សាកល្បងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរបបព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ចូលទៅក្នុងដែនទឹកក្បែរប្រទេសជប៉ុន ខណៈភាពតានតឹងរវាងបងប្អូនរួមផ្ទៃទាំង២ កំពុងកើនឡើងយ៉ាងខ្លាំង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានអញ្ជើញចូលរួមទស្សនាការបាញ់សាកល្បងនេះ ដោយលោកថ្លែងថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការងើបឡើង នៃការពង្រឹងសមត្ថភាពវិស័យការពារជាតិ បែបសម័យទំនើបរបស់ប្រទេស។ ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីទីតាំងពិតប្រាកដនៃការសាកល្បងនោះទេ។ អាវុធនេះបានហោះចុះ និងបត់បែនទិសដៅទាំងបញ្ឈរ និងផ្ដេក មុនពេលទៅកម្ទេចគោលដៅសាកល្បង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅពេលដែលអភិវឌ្ឍរួចរាល់ អាវុធនេះ នឹងអាចវាយប្រហារគោលដៅសំខាន់ៗនៅក្នុងតំបន់ប្រតិបត្តិការឧបទ្វីបកូរ៉េ។

លោក លី ជេម្យុង (Lee Jae Myung)
លោក លី ជេម្យុង (Lee Jae Myung)

លោក លី ជេម្យុង បានចុះត្រួតពិនិត្យមើលមីស៊ីលបាលីស្ទីក Hyunmoo-5 ដែលជាមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងត្បូង និងបានសង្កត់ធ្ងន់ថា៖«កូរ៉េខាងត្បូងត្រូវតែធានាសន្តិសុខរបស់យើង តាមរយៈកម្លាំងផ្ទាល់ខ្លួន»។ ភាពតានតឹងរវាងកូរ៉េទាំង២ បានកើនឡើង បន្ទាប់ពីទាហានកូរ៉េខាងត្បូង៣នាក់ រងរបួសដោយសារការផ្ទុះគ្រាប់មីនកាលពីខែមុន នៅក្បែរតំបន់ព្រំដែនគ្មានយោធា(DMZ) ឬតំបន់-ស។ កងទ័ពកូរ៉េខាងត្បូង និងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ បានសន្និដ្ឋានថា គ្រាប់មីនទាំងនោះ ត្រូវបានបង្កប់ដោយកូរ៉េខាងជើង។ យ៉ាងណា កូរ៉េខាងជើង បានបដិសេធ និងរះគន់ការទាមទារឱ្យសុំទោសរបស់កូរ៉េខាងត្បូង។ សូមជម្រាបថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្កើនសកម្មភាពតេស្តអាវុធយ៉ាងខ្លាំងសម្បើម។

រូបភាព៖ AP
រូបភាព៖ AP

ជាក់ស្តែង កាលពីថ្ងៃទី៣ ខែតុលា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង រយៈចម្ងាយមធ្យម ដែលអាចហោះបានចម្ងាយជាង១០០០គីឡូម៉ែត្រ ខណៈកូរ៉េខាងត្បូង និងជប៉ុន វាស់វែងឃើញចម្ងាយប្រមាណ៦៨០ទៅ៧០០គីឡូម៉ែត្រ។ ជាមួយគ្នា លោកស្រី គីម យ៉ូជុង ប្អូនស្រីដ៏មានអំណាចរបស់លោក គីម ជុងអ៊ុន បានចំអកថា ការប៉ាន់ប្រមាណចម្ងាយហោះហើរខុសគ្នារវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-ជប៉ុន បានបង្ហាញថា ពួកគេគ្មានសមត្ថភាពតាមដាន និងស្ទាក់ចាប់មីស៊ីលនេះ បានឡើយ៕

រូបភាព៖ AP
រូបភាព៖ AP
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត