
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី អាឡូណា ហ្វីស៊ើ-កម្ម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី មាននិវេសនដ្ឋាននៅរាជធានីបាងកក បានឯកភាពគ្នាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន...។

ក្នុងជំនួបនៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានពិភាក្សាគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម និងការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ, បច្ចេកវិទ្យា និងវិស័យសុខាភិបាល ព្រមទាំងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជនរវាងកម្ពុជា និងអ៊ីស្រាអែលផងដែរ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអ៊ីស្រាអែល-កម្ពុជា និងបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិតក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនបន្ថែមទៀត។

លោកស្រីសង្កត់ធ្ងន់ថា ភាពស្រដៀងគ្នានៃប្រជាសាស្ត្រ ដែលមានយុវជនភាគច្រើន គឺជាកាតាលីករដ៏សំខាន់សម្រាប់អ៊ីស្រាអែល និងកម្ពុជា ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនបន្ថែមទៀត នាពេលអនាគត។ លោកស្រីបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់់ឱ្យកាន់តែរឹងមាំ និងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, វប្បធម៌ និងវិទ្យាសាស្ដ្រផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេចពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងអ៊ីស្រាអែល ហើយសម្ដេចឯកភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនជាមួយអ៊ីស្រាអែល បន្ថែមទៀត។ សម្តេចធិបតីអះអាងជាថ្មីថា រាជរដ្ឋាភិបាល នឹងបន្តគាំទ្រយ៉ាងពេញលេញដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់់ និងជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងៗជាច្រើនទៀត ជាមួយអ៊ីស្រាអែល៕




