ចប់ភ្ជំុបិណ្ឌអស់លុយចាយ យុវជន៣នាក់បែកគំនិតបបួលគ្នា​ក្លែងធ្វើជាសង្ឃ ដើរបិណ្ឌបាតតាមផ្ទះពលរដ្ឋ
ហាក់ អ៊ីឌី
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ទំនងជាអស់លុយចាយ ក្រោយបញ្ចប់ពិធីបុណ្យភ្ជំុបិណ្ឌ យុវជន៣នាក់ បានបបួលគ្នារកស៊ីផ្លូវកាត់ ដោយធ្វើសកម្មភាពកោរសក់ ទិញស្បង់ចីពរ មកគ្រង ក្លែងបន្លំធ្វើជាសង្ឃ ដើរបិណ្ឌបាតតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបោកប្រាស់យកបច្ច័យ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មានការចុះបង្ក្រាបករណីខាងលើ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានការសង្ស័យលើព្រះសង្ឃទាំង៣អង្គ ក៏បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ច ឱ្យចុះមកត្រួតពិនិត្យ ដើម្បីសួរនាំដេញដោលអំពីប្រភពវត្ត និងឆាយា ក៏ស្រាប់តែបែកធ្លាយការណ៍ពិត ថា សង្ឃទាំង៣អង្គនោះ គ្រាន់តែជាមនុស្សធម្មតា ដែលបានយកស្បង់ចីពរដែលខ្លួនបានទិញ មកគ្រងបោកបញ្ឆោតភ្នែកមហាជនប៉ុណ្ណោះ។

បន្ទាប់ពីដឹងរឿងពិត កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការបានឃាត់ខ្លួនជនក្លែងធ្វើជាសង្ឃទាំង៣នាក់នោះ មកកាន់ការិយាល័យប៉ុស្តិ៍នគរបាល បន្តនីតិវិធីសួរចម្លើយ និងកត់កំណត់ហេតុ។ បច្ចុប្បន្ន ជនក្លែងជាសង្ឃ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការខណ្ឌ បន្តនីតិវិធីច្បាប់។ ជាមួយគ្នាផងដែរ អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន និងជួយឃ្លាំមើល ចំពោះបុគ្គលណាយកសាសនាធ្វើជាអាជីវកម្ម ឬមានសកម្មភាពមិនប្រក្រតី ករណីបងប្អូនបានជួប ឬពើបប្រទះហើយមានការសង្ស័យ សូមរាយការណ៍បន្ទាន់មកកាន់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ ជៀសវាងការចាញ់បោកក្រុមជនខិលខូចទាំងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត