បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ! ពលករកម្ពុជា នឹងទទួលបានឱកាសការងារបន្ថែមនៅអ៊ីស្រាអែល
អុន សម្ផស្ស
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា និងអ៊ីស្រាអែល បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស ខណៈភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងស្តីពីការជ្រើសរើស និងការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅអ៊ីស្រាអែល។ 

ក្នុងជំនួបជាមួយលោកស្រី អាឡូណា ហ្វីស៊ើ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អ៊ីស្រាអែល ជាពិសេសលើវិស័យការងារ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស។ លោករដ្ឋមន្ត្រី លើកឡើងថា កិច្ចព្រមព្រៀងដែលភាគីទាំងពីរបានខិតខំចរចា រហូតទទួលបានជោគជ័យ គឺជាជំហានថ្មីដ៏សំខាន់មួយក្នុងការបង្កើតយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មទ្វេភាគី។ លោក ថ្លែងថា៖«កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអ៊ីស្រាអែល ដើម្បីធានាថាការអនុវត្តកម្មវិធីបញ្ជូនពលករនេះប្រព្រឹត្តទៅដោយរលូន ស្របតាមគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ពលករកម្ពុជា»។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារប្រទេសទាំងពីរ ដែលរួមចំណែកឱ្យកិច្ចព្រមព្រៀងនេះសម្រេចបានដោយជោគជ័យ។ លោកស្រី កោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម និងការប្តេជ្ញាចិត្តរបស់យុវជនកម្ពុជា ជាពិសេសតាមរយៈកម្មវិធីនិស្សិតកសិកម្មកម្ពុជានៅអ៊ីស្រាអែល ដែលទទួលបានលទ្ធផលល្អក្នុងរយៈពេលកន្លងមក។ លោកស្រីឯកអគ្គរដ្ឋទូត បង្ហាញជំនឿថា៖«ពលករកម្ពុជានឹងបន្តបង្ហាញសមត្ថភាព និងក្លាយជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់ទីផ្សារការងារអ៊ីស្រាអែលនាពេលខាងមុខ»។ ក្នុងជំនួបដដែលនេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងជំរុញឱ្យការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករកម្ពុជា ទៅអ៊ីស្រាអែលអាចចាប់ផ្តើមបានក្នុងពេលឆាប់ៗ។

សូមរំឭកថា កិច្ចព្រមព្រៀងកម្ពុជា និងអ៊ីស្រាអែល ដែលចុះហត្ថលេខាកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានចាត់ទុកជាសមិទ្ធផលសំខាន់មួយ ក្នុងទំនាក់ទំនងទ្វេភាគី ដែលនឹងបើកឱកាសឱ្យពលករកម្ពុជាចូលរួមក្នុងទីផ្សារការងារអ៊ីស្រាអែល ដោយស្របច្បាប់ និងទទួលបានការការពារសិទ្ធិ និងសុខុមាលភាពតាមស្ដង់ដារអន្តរជាតិ។ កម្ពុជាក៏មានបំណងសិក្សា និងផ្លាស់ប្ដូរបទពិសោធជាមួយអ៊ីស្រាអែលលើវិស័យកសិកម្មឆ្លាតវៃ ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាបៃតង ការអប់រំ STEM និងប្រព័ន្ធនវានុវត្តន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សរបស់កម្ពុជានាពេលអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត