កម្ពុជា-អ៊ីស្រាអែល នឹងរួមគ្នាជំរុញការអភិវឌ្ឍកម្មវិធីសិក្សាភាសារវាងគ្នាទៅវិញទៅមក
S
Soriya Sou
21 កុម្ភៈ 2025 03:30 PM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី អរណា សាគីវ Orna Sagiv ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា កាលពីថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៥ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល ខណៈកិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានរំពឹងថា នឹងត្រួសត្រាយផ្លូវឈានទៅសម្រេចបានគោលដៅថ្មីៗរួមគ្នាកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព...។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន និងលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា

តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ កម្ពុជានិងអ៊ីស្រាអែល នឹងជំរុញឱ្យមានការអភិវឌ្ឍកម្មវិធីសិក្សាភាសាអ៊ីស្រាអែលនៅប្រទេសកម្ពុជា និងកម្មវិធីសិក្សាភាសាខ្មែរនៅប្រទេសអ៊ីស្រាអែលវិញផងដែរ។ ភាគីទាំងពីរក៏នឹងសម្របសម្រួលជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ផ្អែកលើគោលដៅអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់ ដោយជំរុញ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងវិជ្ជាជីវៈនៃប្រទេសទាំងពីរ, ការចូលរួមក្នុងទស្សនកិច្ចសិក្សាអប់រំ និងវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធផ្សេងៗ ត្រូវបានផ្តួចផ្តើមដោយភាគីណាមួយ, ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារវាងគ្រូបង្រៀន ជំនួយការគ្រូបង្រៀន និងនាយកសាលា នៅកម្រិតមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា។ 

        រូបតំណាង៖ ប្រភពពី ក្រសួងអប់រំ
        រូបតំណាង៖ ប្រភពពី ក្រសួងអប់រំ

បន្ថែមលើនេះ ការផ្លាស់ប្ដូរកម្មវិធីសិក្សាគរុកោសល្យ វិធីសាស្ដ្របង្រៀន និងសម្ភារផ្សេងៗ ផ្លាស់ប្ដូរព័ត៌មានដែលផ្តល់ផលប្រយោជន៍រួមដូចជា ព័ត៌មានស្តីពីបរិយាបន្នសង្គមក្នុងវិស័យអប់រំ កម្មវិធីជួយដល់សិស្សក្រីក្រ និងកុមារពិការ, ការអប់រំសិស្សពូកែ និងសិស្សឆ្នើម, លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសតាមរយៈការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងស្រាវជ្រាវអ្នកជំនាញ និងបញ្ញវន្តក្នុងប្រទេសទាំងពីរ, ការចូលរួមទៅវិញទៅមកក្នុងសន្និសីទស្តីពីវិទ្យាសាស្ត្រ ការផ្លាស់ប្ដូរផ្នែកកីឡា និងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ក៏ជាអ្វីដែលក្រសួងអប់រំកម្ពុជា និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានប្ដេជា្ញសម្របសម្រួល នឹងជំរុញផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា 
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា 

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ប្រព័ន្ធអប់រំរបស់អ៊ីស្រាអែល មានគោលការណ៍ស្រដៀងគ្នានឹងកម្ពុជា ដែលផ្ដោតលើការអប់រំកុមារតូច និងយកចិត្តទុកដាក់លើការពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងតាំងពីកម្រិតបឋមសិក្សា។ លោករដ្ឋមន្រ្តីអប់រំ ក៏បានអរគុណភាគីអ៊ីស្រាអែល ដែលបានយកចិត្តទុកដាក់ និងបន្តចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយលោករំពឹងថា កិច្ចព្រមព្រៀងថ្មីនេះ នឹងត្រួសត្រាយផ្លូវឈានទៅសម្រេចបានគោលដៅថ្មីៗរួមគ្នា កាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត