ក្រសួង អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះឈ្មោះចំប៉ី បង្កឥទ្ធិពលលើកម្ពុជារហូតដល់ថ្ងៃ២៣តុលា
អ
អុន សម្ផស្ស
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បន្តអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ខណៈព្យុះទី៣០ឈ្មោះចំប៉ី (Champi) មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់មកលើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦...។

ក្រសួងព្យាករថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៣០ឈ្មោះ ចំប៉ី លេខកូដ T2630។ ព្យុះនេះ មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្ទបេងហ្គាល់ សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងលើប្រទេសកម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ ប៉ុន្តែវាធ្វើឱ្យស្ថានភាពធាតុអាកាសនៅតំបន់វាលទំនាប ដែលរួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៤០ភាគរយ។

ចំណែក នៅតំបន់ខ្ពង់រាប ដែលមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៣០ភាគរយ។ដោយឡែក នៅតំបន់មាត់សមុទ្ទ ខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥០ភាគរយ។ រលកសមុទ្ទ អាចមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។

ដោយផ្អែកលើការព្យាករខាងលើ ក្រសួងធនធានទឹក ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ជាពិសេស បងប្អូនធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ព្រមទាំងអ្នករស់នៅតំបន់ងាយរងគ្រោះ។ ចំពេលមានឥទ្ធិពលព្យុះនេះដែរ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលានេះ ស្ថានភាពកម្ពស់ទឹកក្នុងអាងស្ទឹងអារ៉ៃង ខេត្តពោធិ៍សាត់ នៅតែបន្តកើនឡើង ខណៈស្ថានីយចារឹក មានកម្ពស់ទឹកលើសកម្រិតប្រុងប្រយ័ត្ន។ ភ្លៀងក៏នៅបន្តធ្លាក់តាមបណ្តាផ្នែកខ្លះនៃស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ ស្រុកវាលវែង ស្រុកក្រគរ ស្រុកកណ្តៀង ក្នុងកម្រិតខ្សោយ ទៅមធ្យម លាយឡំនឹងខ្យល់កន្ត្រាក់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត