
សង្គ្រាមកម្ពុជា-ថៃ៖ ថ្មីៗនេះ ធ្លាយដំណឹងដ៏កក្រើកថា ក្រុមហ៊ុន Elbit Systems របស់អ៊ីស្រាអែល បានប្រគល់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតប្រភេទ D11A ឱ្យទៅថៃ។ តើលោកអ្នកចង់ដឹងទេថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត D11A មានប្រតិបត្តិការ និងសាវតាបែបណា..? ហើយចុះវាមានសមត្ថភាពខ្លាំងប៉ុនណាដែរ..? បើថៃ ពិតជាទទួលបានវាប្រាកដមែន តើប្រទេសកម្ពុជាគួរមានអ្វីទប់ទល់នឹងអាវុធដ៏កំណាចមួយនេះ..?

តាមពិតទៅ គម្រោងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត D11A គឺជាកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មរបស់យោធាថៃឈ្លានពាន ដែលបានយកប្រព័ន្ធបាញ់រ៉ុក្កែត PULS របស់ក្រុមហ៊ុន Elbit Systems នៃប្រទេសអ៊ីស្រាអែល ទៅកែច្នៃ និងផលិតក្នុងស្រុក។ គម្រោងនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩ តាមរយៈកិច្ចសន្យាតម្លៃ២,២លានដុល្លារ រវាងវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិថៃ (DTI) និងក្រុមហ៊ុន Elbit Systems របស់អ៊ីស្រាអែល។ ប៉ុន្តែ ដោយសារវិបត្តិកូវីដ-១៩ បានពន្យារពេលគម្រោងនេះរហូតដល់ដើមឆ្នាំ២០២២ ទើបប្រព័ន្ធ D11A បានលេចរូបរាងឡើងជាប្រព័ន្ធប្រយុទ្ធដ៏មានសមត្ថភាព និងពហុមុខងារ។ សមិទ្ធផលនេះ បានបង្ហាញពីមហិច្ឆតាយោធានិយមរបស់ថៃ លើស្វ័យភាពនៃការផលិតអាវុធការពារជាតិ និងដើម្បីធ្វើទំនើបកម្មលើការគំរាមកំហែងប្រទេសជាប់ភូមិផងរបស់ថៃ ពិសេសគឺកម្ពុជាផ្ទាល់តែម្ដង។

គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ប្រព័ន្ធ D11A កំពុងស្ថិតក្រោមការវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីបើកផ្លូវឱ្យមានការផលិតទ្រង់ទ្រាយធំ។ ប្រព័ន្ធ D11A MLRS គឺជាប្រព័ន្ធបាញ់រ៉ុក្កែតពហុទំហំ ដែលបំពាក់លើរថយន្តយោធាទម្ងន់១០តោន ប្រភេទ Tatra 6x6 នាំចូលពីសាធារណរដ្ឋឆែក។ វាអាចបំពាក់ក្បាលគ្រាប់បានជាច្រើនប្រភេទ ដើម្បីវាយប្រហារចំគោលដៅច្បាស់លាស់។ ជាក់ស្តែង វាអាចបំពាក់គ្រាប់រ៉ុក្កែតទំហំ ១២២មិលីម៉ែត្រ សម្រាប់ការវាយប្រហារលើគោលដៅចម្ងាយ៤០គីឡូម៉ែត្រ ដែលមានកម្រិតលម្អៀងត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ។ លើពីនេះ វាក៏អាចបំពាក់មីស៊ីល EXTRA ទំហំ៣០៦មិលីម៉ែត្រផងដែរ ដែលអាចបាញ់បានចម្ងាយរហូតដល់១៥០គីឡូម៉ែត្រ។ អ្វីដែលគួរឱ្យខ្លាច និងព្រួយបារម្ភនោះ វាមានសមត្ថភាពបំពាក់មីស៊ីល Predator Hawk ទំហំ៣៧០មិលីម៉ែត្រ ដែលអាចបាញ់បានចម្ងាយរហូតដល់៣០០គីឡូម៉ែត្រ ទៅ៤៥០គីឡូម៉ែត្រ ដើម្បីវាយប្រហារចូលជ្រៅសម្រាប់បំផ្លាញគោលដៅយុទ្ធសាស្ត្រសំខាន់ៗ។

ចុះបើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត D11A របស់យោធាឈ្លានពាន មានសមត្ថភាពវាយប្រហារខ្លាំងបែបនេះ តើមានអ្វីយកទៅទប់ទល់...?
ថ្វីបើ D11A មានភាពបត់បែនខ្ពស់ តាមរយៈការប្រើប្រាស់យុទ្ធវិធីបាញ់ហើយដកថយ និងអាចបាញ់គ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទ ចំគោលដៅច្បាស់លាស់ក៏ដោយ ប៉ុន្តែវានៅមានចំណុចខ្សោយ និងមានវិធីទប់ទល់បាន។ អ្វីដែលចាំបាច់បំផុតនោះ គឺ រ៉ាដាស្វែងរកទីតាំង។ ប្រព័ន្ធរ៉ាដាដូចជា៖ AN/TPQ-37 ឬ ARTHUR អាចស្វែងរក និងកំណត់ទិសដៅខ្សែផ្លូវហោះហើររបស់គ្រាប់រ៉ុក្កែត ដែលបាញ់ចូលមក ទៅកាន់ទីតាំងបាញ់ដើមរបស់វាបានយ៉ាងច្បាស់លាស់ ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ នេះមានន័យថា នៅពេលដែលកូអរដោនេនៃទីតាំងបាញ់ត្រូវបានគណនាឃើញ កងកាំភ្លើងធំ ឬក្រុមដ្រូន អាចបើកការវាយប្រហារលើរថយន្តដឹកប្រព័ន្ធ D11A ភ្លាមៗ មុនពេលវាអាចផ្លាស់ប្ដូរទីតាំង ឬបញ្ចូលគ្រាប់ថ្មី។

ម្យ៉ាងវិញទៀត ដើម្បីការពារកងកម្លាំង ឬហេដ្ឋារចនាសម្ព័ន្ធដែលជាគោលដៅនៃការវាយប្រហារដោយប្រព័ន្ធរ៉ុក្កែត D11A យើងអាចប្រើប្រាស់ប្រព័ន្ធ Phalanx C-RAM ឬ Pantsir-S1 ដើម្បីបាញ់កម្ទេចគ្រាប់រ៉ុក្កែត ដែលកំពុងហោះចូលទៅកណ្តាលអាកាស។ សូមជម្រាបថា D11A ប្រើប្រាស់នៅលើបច្ចេកវិទ្យា PULS ត្រូវផ្អែកលើប្រព័ន្ធផ្កាយរណប (GPS) និងបណ្តាញទំនាក់ទំនង ដូច្នេះ ការផ្តាច់ ឬរំខានសញ្ញា GPS នឹងធ្វើឱ្យប៉ះពាល់ដល់កម្រិតជាក់លាក់នៃគ្រាប់រ៉ុក្កែត ឬមីស៊ីលនាំផ្លូវឱ្យមានកម្រិតលម្អៀងខ្លាំងជាងមុន។ ដើម្បីធានាបានពីការប្រហារដោយ D11A គឺអាចប្រើប្រាស់ដ្រូនស៊ើបការណ៍ (UAVs) និងរូបភាពផ្កាយរណបបំភ័ន្ត ព្រោះប្រព័ន្ធ D11A ប្រើប្រាស់យុទ្ធវិធីបាញ់ហើយដកថយ ម្លោះហើយការស្វែងរកពួកវាឱ្យឃើញមុនពេលបាញ់ប្រហារ គឺជារឿងចាំបាច់បំផុត៕





