កម្ពុជារៀបចំកិច្ចប្រជុំកំពូលប្រឆាំងការឆបោកតាមអនឡាញ ជម្រះការសង្ស័យ សាងភាពស្អាតស្អំលើឆាកអន្តរជាតិ
ហៀប ស៊ីថេត
•
23 កញ្ញា 2026 11:30 AM

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា ចាប់ផ្តើមបើកកិច្ចប្រជុំសកលស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត នៅថ្ងៃពុធទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ខណៈរាជធានីភ្នំពេញកំពុងបង្ហាញឆន្ទៈយ៉ាងពិតប្រាកដ ក្នុងការបង្ក្រាបឧស្សាហកម្មឆបោកអនឡាញ ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជម្រះមន្ទិលសង្ស័យ ដែលនៅតែបន្តកើតមាន និងសាងភាពស្អាតស្អំឡើងវិញ លើឆាកអន្តរជាតិ...។

តំណាងមកពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាម៉េរិក និងចិន ចូលរួមកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ នៅរាជធានីភ្នំពេញ។ អាជ្ញាធរកម្ពុជា អះអាងថា រាជធានីភ្នំពេញបានលុបបំបាត់ទីតាំងឆបោកទ្រង់ទ្រាយធំរួចរាល់ហើយ ប៉ុន្តែនៅតែទទួលរងនូវការចោទប្រកាន់ និងការសង្ស័យពីសំណាក់អ្នកវិភាគមួយចំនួន។ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ អ្នកសារព័ត៌មាន បានចុះទស្សនកិច្ចមជ្ឈមណ្ឌលដ៏ធំល្វឹងល្វើយដែលត្រូវបានបិទទ្វារដោយមន្ត្រីរាជរដ្ឋាភិបាល ក្នុងនោះមជ្ឈមណ្ឌលមួយធ្លាប់ផ្ទុកកម្មកររហូតដល់ទៅ២០០០០នាក់។ ពួកគេ ក៏បានទស្សនាវត្ថុតាងដែលត្រូវបានរឹបអូសដោយមន្ត្រីនគរបាល រួមទាំងបណ្ណសម្គាល់ខ្លួនបន្លំជា FBI និងនគរបាលចិន ដែលត្រូវបានប្រើប្រាស់ក្នុងល្បិចកលឆបោកផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត រ៉យទ័រ នៅថ្ងៃពុធទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ក្រោមសម្ពាធពីបណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាម៉េរិក ដែលបានប៉ាន់ប្រមាណថា ប្រជាជនអាម៉េរិក បានខាតបង់ប្រាក់ជាង១០ពាន់លានដុល្លារទៅឱ្យក្រុមឆបោកដែលប្រតិបត្តិការនៅក្នុងតំបន់នេះ ក្នុងឆ្នាំ២០២៤ កម្ពុជាបានអះអាងថា រាជធានីភ្នំពេញបានឆ្មក់បង្ក្រាបទីតាំងរាប់រយកន្លែង និងបានបណ្តេញមនុស្សរាប់សែននាក់ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ។ ថ្វីបើយ៉ាងនេះក្ដី អ្នកវិភាគ និងតួអង្គប្រឆាំង បានបន្តទម្លាក់កំហុស និងចោទថា ការឆ្មក់បង្ក្រាបទាំងនោះ បានទុកឱ្យបុគ្គលដែលមានទំនាក់ទំនងនយោបាយ នៅមានសុវត្ថិភាពនៅឡើយ ខណៈក្រុមឧក្រិដ្ឋជនបានផ្លាស់ប្ដូរការឆបោកដោយការបំបែកជាអង្គភាពតូចៗ និងផ្លាស់ប្ដូរប្រតិបត្តិការទៅបរទេស និងវិធីសាស្ដ្រថ្មីនៃការឆបោក។ ដើម្បីជម្រះការសង្ស័យទាំងនេះ កម្ពុជាត្រៀមខ្លួនក្នុងការបង្ហាញពីលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោក ជូនដល់តំណាងអន្តររដ្ឋាភិបាល និងភ្នាក់ងារសន្តិសុខសកល។

ជាមួយគ្នា នៅលើគណនីផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃពុធនេះថា៖«ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាសកល ដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជា ក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ»។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានពង្រឹងយន្តការស្ថាប័ន និងក្របខណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកដែលផ្តល់ការការពារ ឬទទួលផលពីបណ្តាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តចធិបតី ហ៊ុន ម៉ាណែត
សម្តចធិបតី ហ៊ុន ម៉ាណែត

សូមជម្រាបថា កន្លងទៅ កម្ពុជា និងបណ្តាប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ រងនូវការវាយប្រហារ និងរិះគន់ជាលក្ខណៈអន្តរជាតិ ជុំវិញឧស្សាហកម្មឆបោកតាមប្រព័ន្ធអ៊ីនធើណិតឆ្លងដែន ដោយក្រុមឧក្រិដ្ឋជនភាគច្រើនដឹកនាំដោយជនជាតិចិន ដំណើរការទីតាំងដ៏ស្មុគស្មាញដូចសម្បុកពីងពាង ខណៈជនរងគ្រោះនៃការជួញដូរមនុស្សត្រូវបានឃុំឃាំង និងបង្ខំឱ្យប្រព្រឹត្តការឆបោក ការបន្លំខ្លួនជាបណ្តាញនគរបាល និងល្បិចកលផ្សេងៗទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត