ប្រទេសអារ៉ាប់រួម ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង៣នាក់ ពាក់ព័ន្ធល្បែង​ភ្នាល់ប្រាក់​រាប់ពាន់លានដុល្លារអាម៉េរិក​
S
Sinuon Nop
•
2 ម៉ោងមុន

រាជធានីអាប៊ូឌាប៊ី៖ ​ អាជ្ញាធរអារ៉ាប់អេមីរ៉េត ឬអារ៉ាប់រួម បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង៣នាក់ ​ជាប់ពាក់ព័ន្ធនឹងការបង្កើតវេបសាយល្បែងស៊ីសងដោយខុសច្បាប់ មានទំហំទឹកប្រាក់រហូតដល់៣,១ពាន់ពាន់លានវ៉ុន (លុយកូរ៉េ) ឬស្មើប្រមាណ២,៣ពាន់លានដុល្លារអាម៉េរិក ដោយ​ពួកគេ​ធ្វើប្រតិបត្ដិការប្រមូលលុយទាំងនោះពីបណ្ដាញផ្សេងៗ នៅក្នុងប្រទេសជាច្រើន...។​

មេដឹកនាំប្រទេសអារ៉ាប់រួម និងកូរ៉េខាងត្បូង
មេដឹកនាំប្រទេសអារ៉ាប់រួម និងកូរ៉េខាងត្បូង

សារព័ត៌មាន Korea JoongAng Daily បានរាយការណ៍នៅព្រឹកថ្ងៃសុក្រទី១៦ ខែតុលានេះថា​ ​អាជ្ញាធរកូរ៉េខាងត្បូង បាន​ចរចាជាមួយប្រទេសអារ៉ាប់រួម (UAE) អំពីការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានចោទប្រកាន់ថា ជាមេខ្លោងនៃបក្ខពួកល្បែងស៊ីសងទាំងនេះ ត្រឡប់មកវិញ។ ជនជាតិកូរ៉េចំនួន២នាក់ នៅក្នុងចំណោមបក្ខពួក​ទាំង៣នាក់ ​ត្រូវបាន​ចោទប្រកាន់ថា ជាមេគំនិត​ និងម្នាក់ទៀត ជាអ្នកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ត្រូវបានបញ្ជូនត្រឡប់មកប្រទេសវិញ តាម​អាកាសយានដ្ឋានអន្តរជាតិអ៊ីនឆ័ន (Incheon) កាលពីថ្ងៃទី១៤ ខែតុលា។​ ជាមួយគ្នា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេម្យុង (​Lee Jae Myung) បានថ្លែងអំណរគុណដល់ព្រះអង្គម្ចាស់ ស៊ីគហ៍ មហាមេធ ប៊ីន ហ្សាយីដ អាល់ ណាហ៍យ៉ាន (Sheikh Mohamed bin Zayed Al Nahyan) មេដឹកនាំអារ៉ាប់រួម ចំពោះកិច្ចសហប្រតិបត្ដិការនេះ។

ក្រុមការងារអន្តរស្ថាប័នរបស់រដ្ឋាភិបាល ទទួលបន្ទុកលើឧក្រិដ្ឋកម្មឆ្លងដែន បានឱ្យដឹងថា មេខ្លោង និងជំនួយការម្នាក់ ត្រូវបានចោទប្រកាន់ បានរត់គេចខ្លួន ចេញពីប្រទេសកូរ៉េខាងត្បូង កាលពីអំឡុង​ឆ្នាំ២០១៦ ហើយបានបើកដំណើរការគេហទំព័រល្បែងស៊ីសងមួយចំនួន ដែលមានទឹកប្រាក់ភ្នាល់សរុប​ ២,៦ពាន់ពាន់លានវ៉ុន ​ឬស្មើប្រមាណ១,៩ពាន់លានដុល្លារអាម៉េរិក​ ដោយមានបណ្ដាញមកពីបណ្តាប្រទេសនានា រួមទាំងប្រទេសហ្វីលីពីន និងម៉ាឡេស៊ីផងដែ​រ។ អ្នកអភិវឌ្ឍកម្មវិធីម្នាក់ ត្រូវបានសង្ស័យថា បានបង្កើតកម្មវិធី សម្រាប់បណ្តាញល្បែងស៊ីសងដោយខុសច្បាប់មួយផ្សេងទៀត ដោយបាន​ចាត់ចែងទឹកប្រាក់ភ្នាល់ប្រហែល៥០០ពាន់លានវ៉ុន ឬស្មើប្រមាណ៣៧២លានដុល្លារអាម៉េរិក តាមរយៈគេហទំព័រខុសច្បាប់ចំនួន៥។ មេខ្លោងនៃបណ្តាញនេះ ​បានបញ្ជូនចេញពីប្រទេសអារ៉ាប់រួម ត្រឡប់ទៅកាន់​ប្រទេសកូរ៉េខាងត្បូងវិញ​ កាលពីខែកក្កដាកន្លងទៅ។

​ក្រុមការងារពិសេសមួយ ​មានការចូលរួមពីទីភ្នាក់ងារនគរបាលជាតិ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ បាន​តាមដានជនសង្ស័យរហូតដល់ប្រទេសអារ៉ាប់រួម ហើយបានអនុវត្តប្រតិបត្តិការចាប់ខ្លួន ដោយកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោម​ប្រតិបត្តិការឈ្មោះ​​ហាឡាក(Halak) ដែលជាពាក្យអារ៉ាប់ មានន័យថា «ការបំផ្លិចបំផ្លាញ»។ ក្រុមការងារពិសេស បានឱ្យដឹងបន្តថា ក្នុងអំឡុងពេលគេចខ្លួននោះ ជនសង្ស័យទាំងនេះ បានរស់នៅយ៉ាងហ៊ឺហា ដោយបានអញ្ជើញជនជាតិកូរ៉េខាងត្បូងល្បីៗមួយចំនួន ឱ្យទៅលេង និងបានដើរកម្សាន្តនៅតាមទីកន្លែងកម្សាន្តលំដាប់ខ្ពស់ ជាញឹកញាប់ ថែមទៀតផងរ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត