ខ្មា.ន់.កាំ.ភ្លើងវ័យត្រឹម១៦ឆ្នាំ បើកការបា.ញ់ប្រ.ហារយ៉ាងសា.ហាវក្នុងសាលារៀននៅអាម៉េរិក បណ្ដាលឱ្យកុមារ៣នាក់ និងគ្រូម្នាក់ស្លា.ប់យ៉ាងអាណោចអាធ័ម
Mao Sopha
•
មួយម៉ោងមុន

រដ្ឋអូរីហ្គឹន៖ កុមារ៣នាក់ជាកូនសិស្ស និងគ្រូបង្រៀនម្នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នៅសាលាបឋមសិក្សា ស៊ីលវើ រ៉េល (Silver Rail) ក្នុងទីក្រុងបេន (Bend) រដ្ឋអូរីហ្គឹន (Oregon) សហរដ្ឋអាម៉េរិក នៅថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ ខ្មាន់កាំភ្លើង ដែលជាយុវជនទើបមានវ័យ១៦ឆ្នាំ ត្រូវបានបាញ់សម្លាប់ភ្លាមៗ ដោយបុគ្គលម្នាក់ដែលមានអាវុធជាប់ខ្លួន...។  

ក្នុងសាលាបមឋសិក្សានោះ ក៏មានថ្នាក់មតេយ្យផងដែរ។ សារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីប៉ូលិស ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ថា ជនរងគ្រោះដែលស្លាប់ទាំង៤នាក់ រួមមាន៖ កុមារអាយុ៥ឆ្នាំ អាយុ៨ឆ្នាំ អាយុ១១ឆ្នាំ និងបុរសម្នាក់ទៀត ជាគ្រូបង្រៀន។ ក្រៅពីនេះ នៅមានកុមារអាយុ៧ឆ្នាំម្នាក់ និងគ្រូបង្រៀនអាយុ៥៤ឆ្នាំម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ មន្ត្រីប៉ូលិស មិនទាន់បង្ហាញអត្តសញ្ញាណជនរងគ្រោះជាសាធារណៈភ្លាមៗទេ។

ពេលកើតហេតុ មានគេហៅទូរសព្ទបន្ទាន់ទៅរាយការណ៍ប្រាប់ប៉ូលិសក្នុងទីក្រុងបេន ថា មានយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់ទៅលើរថយន្តនៅក្នុងបរិវេណសាលា។ បន្ទាប់មក យុវជនជាខ្មាន់កាំភ្លើងរូបនោះ បានទម្លុះទ្វាររបងដែលចាក់សោ ដើម្បីចូលទៅក្នុងអគារសាលា និងចាប់ផ្តើមបើកការបាញ់ប្រហារតែម្ដង។ ទោះជាយ៉ាងណា អាជ្ញាធរ មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីការបាញ់ប្រហារ និងមូលហេតុដែលនាំឱ្យជនសង្ស័យ ធ្វើសកម្មភាពដ៏ឃោរឃៅនេះនៅឡើយទេ។

ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ក្រុមមន្ត្រីប៉ូលិស ក៏ទៅដល់ទីតាំងកើតហេតុ។ នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ ខ្មាន់កាំភ្លើងវ័យក្មេង បានដេកស្លាប់លើដីបាត់ទៅហើយ។ ការស៊ើបអង្កេតបមឋ បង្ហាញថា បុគ្គលម្នាក់ដែលមានអាវុធជាប់ខ្លួន និងជាអ្នករស់នៅក្នុងសហគមន៍នោះ បានដេញតាម ហើយបាញ់សម្លាប់ខ្មាន់កាំភ្លើង។ ប៉ូលិស និងមន្រ្តីជំនាញ កំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុនៃការបាញ់ប្រហារ និងទំនាក់ទំនងរបស់ជនសង្ស័យជាមួយសាលា។

អភិបាលរដ្ឋអូរីហ្គឹន លោកស្រី ទីណា កូថេក (Tina Kotek) បានចូលរួមក្នុងសន្និសីទសារព័ត៌មានជាមួយប៉ូលិស និងអាជ្ញាធរមូលដ្ឋាន ដោយលោកស្រីបានថ្លែងអរគុណដល់បុគ្គលដែលបានចូលធ្វើអន្តរាគមន៍ និងសរសើរថា សកម្មភាពរបស់បុគ្គលនោះ បានជួយទប់ស្កាត់ការបាត់បង់ជីវិតបន្ថែមទៀត។ លោកស្រី បង្ហាញការសោកស្ដាយចំពោះជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ទាំងមូល ដែលរងផលប៉ះពាល់ពីអំពើហិង្សាប្រដាប់អាវុធដ៏គួរភ័យខ្លាចនេះ។ សាលាបឋមសិក្សា ស៊ីលវើ រ៉េល មានសិស្សប្រមាណ៤៥០នាក់ និងបុគ្គលិកប្រហែល៤០នាក់។ សាលានេះ ទទួលសិស្សចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៥ ដែលភាគច្រើនមានអាយុចន្លោះពី៥ឆ្នាំ ទៅ១១ឆ្នាំ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត