ផ្អើលពិភពលោក ក្រោយ ត្រាំ គំរាមទម្លាក់គ្រាប់បែក​យក្ស មានកម្លាំងបំផ្ទុះ​​១១តោនតេអ៊ិនតេ ​លើប្រទេសអ៊ីរ៉ង់​
S
Sinuon Nop
•
2 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ គ្រាប់បែក​យក្ស ដែលមានកម្លាំងបំផ្ទុះ​​ដល់ទៅ១១តោនតេអ៊ិនតេ កំពុងក្លាយជាប្រធានបទក្ដៅមួយ ដែលមានទាំងការរិះគន់ និងការគាំទ្រពីសម្ព័ន្ធមិត្តបងធំសហរដ្ឋអាម៉េរិក ជុំវិញការគំរាមទម្លាក់គ្រាប់បែក​យក្សនេះ លើប្រទេសអ៊ីរ៉ង់។ ចុះថា តើលោកអ្នកមានដឹងទេ គ្រាប់បែក​យក្ស ទម្លាក់ពីលើអាកាស ប្រភេទ​ GBU-43/B នេះ មានឥទ្ធិពលនៃការកម្ទេចរបស់វា កម្រិតណា..? ថ្ងៃនេះ SBM News នឹងធ្វើបទបង្ហាញអំពីភាពសាហាវរបស់គ្រាប់បែកយក្សមួយប្រភេទនេះ...។

ស្របពេលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាបន្ដឡើងកម្ដៅ ដោយរដ្ឋាភិបាលយេម៉ែន ក្រោមកិច្ចខិតខំប្រឹងប្រែង និងការជួយជ្រោមជ្រែងពីសម្ព័ន្ធមិត្តអារ៉ាប់ បាននិងកំពុងបង្កើនការវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូទី ដែលគាំទ្រដោយរដ្ឋាភិបាលតេហេរ៉ង់នោះ ពេលនេះ ​កងទ័ពសហរដ្ឋអាម៉េរិក បានរៀបចំផែនការវាយប្រហារលើប្រទេសអ៊ីរ៉ង់សាជាថ្មី ជាមួយនឹងការទម្លាក់គ្រាប់បែកយក្ស ដែលមានទម្ងន់ជិត១០តោនក្នុងមួយគ្រាប់ ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឱ្យមានប្រតិបត្ដិការយោធាវាយប្រហារជាថ្មី។ បណ្ដាញ​ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៥តុលា ​ដោយដកស្រង់ប្រភពដែលដឹងពីកិច្ចការយោធារបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន​ ថា កងទ័ពសហរដ្ឋអាម៉េរិក បានរៀបចំផែនការវាយប្រហារ ដោយ​​រាប់​បញ្ចូលទាំង​គ្រាប់បែកយក្ស ទម្លាក់ពីលើអាកាស ប្រភេទ​ GBU-43/B​ (ដែលគេស្គាល់​ថា ជា«ម៉ែគ្រាប់បែកលើ​គ្រាប់បែកទាំងអស់»​ សម្រាប់ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។​​

គ្រាប់បែកយក្សដ៏ធំសម្បើម​ ប្រភេទ GBU-43/B​ នឹងក្លាយជា​អាវុធមិនមែននុយក្លេអ៊ែរ មានកម្លាំងបំផ្ទុះទម្លាក់ពីលើអាកាសដ៏ខ្លាំងក្លាបំផុត និងជាគ្រាប់បែកធំបំផុតនៅក្នុងចំណោមគ្រាប់បែកទាំងអស់ របស់កងទ័ពសហរដ្ឋអាម៉េរិក។​ គ្រាប់បែកយក្សនេះ បានបំពាក់ដោយប្រព័ន្ធនាំផ្លូវ GPS ពីផ្កាយរណប មានទម្ងន់រហូតដល់ទៅ៩,៨តោន និងមានកម្លាំងបំផ្ទុះដល់ទៅ១១តោននៃកម្លាំងម្សៅTNT។ គ្រាប់បែកយក្ស GBU-43/B​ មានប្រវែង៩,១៤ម៉ែត្រ និងមានអង្កត់ផ្ចិតប្រវែង១០២,៨៧សង់ទីម៉ែត្រ។​ កងទ័ពសហរដ្ឋអាម៉េរិក តែងប្រើប្រាស់យន្ដហោះយោធាជាច្រើនប្រភេទ ដើម្បីទម្លាក់គ្រាប់បែកយក្ស មិនមែននុយក្លេអ៊ែរនេះ រួមមាន៖ ​​C-130​ ឬ C-17​ និង MC-130 ជាដើម។ សហរដ្ឋអាម៉េរិក ក៏ធ្លាប់ទម្លាក់គ្រាប់បែកយក្សប្រភេទនេះ ​នៅក្នុងប្រទេសអាហ្គានីស្ថាន កាលពី​ឆ្នាំ២០១៧ ដែលកាលនោះ កំណត់គោលដៅលើក្រុម​ភេរវកម្ម ISIS ខណៈវិសាលភាពនៃការកម្ទេចរបស់វា មានកម្លាំងដ៏ធំមហិមាបំផុត៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត