
ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនក្រុមយុវជនទំនើង៦នាក់ ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពកាប់ប្រហារគ្នាយ៉ាងអនាធិបតេយ្យ និងបោកគ្រាប់បែក ខ្ទាតអំបែងត្រូវក្រុមការងារសង្គ្រោះក្រុងប៉ោយប៉ែតរងរបួស ផ្អើលអស់ប្រជាពលរដ្ឋរស់នៅក្បែរនោះ កាលពីយប់ថ្ងៃទី១៥តុលា ឆ្នាំ២០២៦...។

លោកវរៈសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានឱ្យដឹងថា មុនពេលកើតហេតុ មានក្មេងទំនើងមួយក្រុមជិះម៉ូតូ៧គ្រឿងធ្វើសកម្មភាព ដេញកាប់ និងគប់គ្រាប់បែកទៅលើបុគ្គលិកក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតបណ្ដាលរងរបួសធ្ងន់ ដោយសារអំបែងគ្រាប់បែកបានខ្ទាតទៅត្រូវ។ ភ្លាមៗ..កម្លាំងនគរបាលជំនាញ បានចុះឡោមព័ទ្ធ ប្រមូលវត្ថុតាង និងស្រាវជ្រាវយ៉ាងក្ដៅគគុក រហូតឈានដល់ការស្វែងរកឃើញមុខសញ្ញា និងចាប់ខ្លួនជនសង្ស័យបានចំនួន៦នាក់ជាបន្តបន្ទាប់ យកមកការិយាល័យប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនខ្លួនជនសង្ស័យបន្ត។

យ៉ាងណា អ្នករងរបួសពីការខ្ទាតអំបែងត្រូវ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីររពេទ្យបង្អែកដីថ្មី ភ្លាមៗផងដែរ ដើម្បីជួយសង្គ្រោះអាយុជីវិត និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ បច្ចុប្បន្ន ជនជាប់ចោទនៃអំពើមនុស្សឃាតទាំង៦នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមស្វែងរកបក្ខពួកដែលនៅសេសសល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាបន្តទៀត៕




