
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់បញ្ជូនមន្ត្រីនគរបាលជាតិទៅចូលរួមវគ្គបណ្ដុះបណ្ដាល និងបំប៉នជំនាញនៅសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុងការបង្ការ បង្ក្រាបបទល្មើសផ្សេងៗ។ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសព័ត៌មាននេះ កាលពីថ្ងៃទី១៥តុលា ម្សិលមិញ...។

ក្នុងចំណោមមន្ត្រីទាំងនោះ មន្ត្រីនគរបាលជាតិ៣២រូប រួមទាំងអ្នកបកប្រែ២រូប ត្រូវបញ្ជូនទៅចូលរួមវគ្គបំប៉នជំនាញប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ខណៈមន្ត្រី២២រូប រួមទាំងអ្នកបកប្រែ២រូបទៀត ត្រូវចូលរួមវគ្គបំប៉នជំនាញបង្ការ និងប្រឆាំងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាទំនើប។ វគ្គបំប៉នជំនាញនេះ ធ្វើនៅបណ្ឌិត្យសភាសន្តិសុខប្រជាជនភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣សប្តាហ៍។ ដោយឡែក មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ១៥នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសិក្សាវគ្គបណ្ដុះបណ្ដាល ស្តីពីការស៊ើបអង្កេតបទល្មើសកំពុងកើតឡើងនៅមហាវិទ្យាល័យយូណាន ខេត្តយូណាន ប្រទេសចិន រយៈពេល ១០ថ្ងៃ។

ការបញ្ជូនមន្ត្រីនគរបាលជាតិ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសក្នុងការពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស បទពិសោធការងារ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើស និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ជាមួយប្រទេសជាមិត្ត៕




