
រាជធានីភ្នំពេញ៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ដែលរងបរាជ័យក្នុងជំនួបជុំទី១ វគ្គសន្សំពិន្ទុពូល G នៃពានរង្វាន់អន្តរជាតិ AFC Champions League Two ជាមួយក្រុមខ្លាំងជប៉ុន ម៉ាឈីដា ហ្ស៊ីលវិយ៉ា (Machida Zelvia) ២-០ ពេលនេះ នៅតែមិនអាចដណ្តើម៣ពិន្ទុពីក្រុមសៀងហៃ ស៊ិនហួរ (Shanghai Shenhua FC) បានឡើយ ក្នុងជំនួប៩០នាទី នាពហុកីឡដ្ឋានជាតិមរតកតេជោ...។

ការប្រកួតដ៏ក្តៅគគុកនៅវគ្គទី១ ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានឡើយ ដោយរក្សាលទ្ធផល ០-០ រហូតដល់ចប់ការប្រកួត។ យ៉ាងណា ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដាក់ការគាបសង្កត់លើក្រុមសៀងហៃ ស៊ិនហួរ ជាខ្លាំងផងដែរ ប៉ុន្តែរនាំងការពារដ៏រឹងមាំរបស់ក្រុមមកពីប្រទេសចិនមួយនេះ ពិតជាខ្លាំង និងមានប្រសិទ្ធភាពលើការផ្តាច់ចង្វាក់ខ្សែប្រយុទ្ធក្រុមព្រះខ័នរាជស្វាយរៀង មិនឱ្យទម្លាយសំណាញ់ទីរបស់បានខ្លួនឡើយ។ មានម្តងម្កាលដែរ ដែលក្រុមសៀងហៃ ស៊ិនហួរ វាយបកវិញ ធ្វើឱ្យខ្សែការពារក្រុមព្រះខ័នរាជស្វាយរៀង ព្រលឹងចុងសក់ម្តងៗដែរ តែអាចការពារសំណាញ់ទីខ្លួនពីការស៊ុតបញ្ចូលទីរបស់ដៃគូ បានយ៉ាងល្អ។

ឈានដល់វគ្គទី២ ក្រុមព្រះខ័នរាជស្វាយរៀង បានប្តូរយុទ្ធសាស្ត្រនៃការប្រកួតរបស់ខ្លួន ដោយបន្តដាក់ការគាបសង្កត់លើ ក្រុមសៀងហៃ ស៊ិនហួរ ដដែល ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបានដែរ ចប់ការប្រកួត ក្រុមទាំងពីរចែកគ្នា ត្រឹម១ពិន្ទុមួយក្រុមប៉ុណ្ណោះ។ សូមជម្រាបថា សម្រាប់ពូល G ក្រុមម៉ាឈីដា ហ្ស៊ីលវិយ៉ា ឈរនៅកំពូលតារាងពូល G មាន៦ពិន្ទុ, លេខ២ ក្រុមសៀងហៃ ស៊ិនហួរ មាន៤ពិន្ទុ ខណៈលេខ៣ ព្រះខ័នរាជស្វាយរៀង មាន១ពិន្ទុ និងក្រុមគ្មានពិន្ទុរាប់ ក្រុមធីមពីនណេស រ៉ូវើស៕




