
ខេត្តហ្កាងវ៉ុន៖ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល H ជុំទី២ ពានរង្វាន់ 𝐀𝐅𝐂 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬 𝐋𝐞𝐚𝐠𝐮𝐞 𝐓𝐰𝐨 រវាងក្រុមភ្នំពេញក្រោន (កម្ពុជា) និងក្រុមហ្កាងវ៉ុន (កូរ៉េខាងត្បូង) នៅពហុកីឡដ្ឋានហ្កាងណឹង ខេត្តហ្កាងវ៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ពិតជាកក្រើកមិនធម្មតា ចាប់តាំងពីការប្រកួតចាប់ផ្តើមនៅវេលាម៉ោង១៧ៈ០០នាទីរហូតដល់បញ្ចប់ការប្រកួត៩០នាទី+ នាថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ...។

ក្រុមភ្នំពេញក្រោន និងក្រុមហ្កាងវ៉ុន វាយសម្រុកគ្នាទៅវិញទៅមកស្ទើរពេញ៤៥នាទីដំបូងនៃវគ្គទី១ ប៉ុន្តែកីឡាករពាក់អាវលេខ៧របស់់ក្រុមភ្នំពេញក្រោន មីជលេន (MijLand) បានបំប៉ោងសំណាញ់ទីក្រុមហ្កាងវ៉ុន នៅនាទី៤៤+ បន្ទាប់ពីអ្នកចាំទី អ៊ុំ វិចិត្រ បញ្ជូនបាល់មកកាន់មិត្តរួមក្រុម ហើយរូបគេជាអ្នកបញ្ចប់ទីបានយ៉ាងល្អ។ ចប់ការប្រកួតវគ្គទី១ ក្រុមភ្នំពេញក្រោន នាំមុខបណ្តោះអាសន្ន លើក្រុមហ្កាងវ៉ុន ១-០។ ក្រោយបញ្ចប់ពីការសម្រាក១៥នាទី ក្រុមទាំងពីរ បន្តសម្រុកគ្នាទៅវិញទៅមកជាថ្មី និងយ៉ាងជក់ចិតបំផុត ខណៈកីឡាករខ្សែការពារក្រុមភ្នំពេញក្រោន បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន ដែលជាការផ្តល់ឱកាសដល់ក្រុមហ្កាងវ៉ុន បានស៊ុតបាល់ពិន័យ១១ម៉ែត្រ តាមស្មើ ១-១ នៅនាទី៦០+។

ប៉ុន្តែទោះជាយ៉ាងណា នៅនាទី៧៨+ ក្រុមភ្នំពេញក្រោន បាននាំមុខក្រុមហ្កាងវ៉ុនវិញ តាមរយៈការទទួលបានបាល់ពិន័យ១១ម៉ែត្រមកវិញ ក្រោយខ្សែការពារក្រុមហ្កាងវ៉ុន បង្កកំហុសនៅតំបន់គ្រោះថ្នាក់របស់់ខ្លួនដូចគ្នា។ ទីបំផុតគ្រប់បាល់ ២ទល់នឹង១ ដែលក្រុមភ្នំពេញក្រោននាំមុខ បានបន្តរហូតដល់ចប់ការប្រកួត ហើយក្រុមភ្នំពេញក្រោន បានបន្តជ័យជម្នះលើការប្រកួតទីពីររបស់ខ្លួនក្នុងពូល H ដោយមាន៦ពិន្ទុក្នុងដៃ ឈរលើកំពូលតារាងពូល H បណ្តោះអាសន្ន និងក៏ជាក្រុមកម្ពុជាមានភាគរយខ្ពស់់បំផុត ដែលនឹងឡើងទៅលេងនៅវគ្គបន្ទាប់។ សូមជម្រាបថា សម្រាប់ការប្រកួតដំបូង ក្រុមភ្នំពេញក្រោន បានប្រកួតឈ្នះលើក្រុមគូឈីង ស៊ីធី (Kuching City FC) មកពីប្រទេសម៉ាឡេស៊ី ដោយលទ្ធផល ២-១ ដូចគ្នានេះ កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ។ សរុបលទ្ធផលពូល H ក្រុមភ្នំពេញក្រោន ឈរលើកំពូលតារាង មាន៦ពិន្ទុ, ក្រុមគិតឈី មាន២ពិន្ទុ, ក្រុមហ្កាងវ៉ុន មាន១ពិន្ទុ និងក្រុមគូឈីង ស៊ីធី មាន១ពិន្ទុ។

ចំណែក លោក អូឡេក (Oleg) គ្រូបង្វឹកក្រុមភ្នំពេញក្រោន ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួត ជាមួយក្រុមហ្កាងវ៉ុន មកដល់ថា វាជាកិត្តិយសមួយសម្រាប់ក្រុមតំណាងកម្ពុជា ជាពិសេស គឺការបានជួបក្រុមមានកម្រិតខ្ពស់ ហើយក៏ជាលើកដំបូងរបស់់ប្រវត្តិសាស្ត្រក្លិបដែរ ដែលបានឡើងមកជួបជាមួយក្រុមខ្លាំង នៅកូរ៉េខាងត្បូងនេះ។ លោកសង្កត់ធ្ងន់ថា៖«យើងមានមោទកភាព ក្នុងការបង្ហាញថា ក្រុមនៅកម្ពុជា អាចប្រកួតប្រជែងលើឆាកអន្តរជាតិ។ យើងដឹងថា បាល់ទាត់នៅប្រទេសកូរ៉េ មានការប្រកួតប្រជែងខ្លាំង ជាពិសេស ចាប់ពីក្រុមមានចំណាត់ថ្នាក់លេខ២ ដល់លេខ៩ មានគម្លាតឆ្ងាយពីគ្នា ត្រឹមតែ៦ពិន្ទុប៉ុណ្ណោះ ដូច្នេះ យើងដឹងថា ការប្រកួតប្រជែងដណ្តើមពិន្ទុពីក្រុមខ្លាំង គឺវាពិបាកកម្រិតណា»។ លោកអូឡេក បន្តថា ក្រុមហ្កាងវ៉ុន មានចំណាត់ថ្នាក់លេខ៣ ហើយក៏ជាក្រុមកំពុងប្រជែងលេងពានរង្វាន់អន្តរជាតិ Champions League Elite នៅរដូវកាលក្រោយដែរ ដូច្នេះ វាមិនធម្មតាពេកទេ ដែលបានប្រកួតជាមួយក្រុមខ្លាំងមួយនេះ។

គ្រូបង្វឹកក្រុមភ្នំពេញក្រោនរូបនេះ បន្ថែមថា ពួកគេជាក្រុមដែលលេងបាល់លឿន និងមានកាយសម្បទា បច្ចេកទេស និងការប្រជែងខ្លាំង ជាមួយនឹងការបណ្ដើរបាល់ទៅបញ្ចប់ទីគូប្រកួតបានយ៉ាងល្អ។ «ខ្ញុំគិតថា ការលេងបែបនេះ គឺវាជាភាពទាក់ទាញមួយផងដែរ។ ពួកគេមិនរបូតគ្រាប់បាល់ច្រើនទេ ហើយការការពាររបស់់ពួកគេ គឺពិតជាខ្លាំងក្លាណាស់។ អ្វីដែលខុសប្លែកពីកម្ពុជា គឺអាកាសធាតុ យើងលេងនៅក្រោមអាកាសធាតុ៣០បូក ហ្វឹកហាត់ក្រោមអាកាសធាតុ៣០បូក ហើយការប្រកួតនៅក្រោមអាកាសធាតុក្ដៅ ដូច្នេះ យើងមកទីនេះ ដូចជាភពផ្សេងមួយទៀត នេះគឺជាផលវិបាកមួយដែរ សម្រាប់ក្រុមយើង! តែយើងត្រូវតែសម្របខ្លួនតាមស្ថានការណ៍នេះ ហើយបើនិយាយអំពីការប្រកួត គឺវាពិតជាតានតឹង។» នេះជាការបញ្ជាក់របស់លោក អូឡេក!..៕



