
ក្រុងសួង៖ អាជ្ញាធរសមត្ថកិច្ច និងក្រសួងរ៉ែ បានចេញការជូនដំណឹង និងការព្រមានចុងក្រោយ ដល់បុគ្គល ក្រុមអាជីវករទាំងហ្លាយណាដែលកំពុងប្រព្រឹត្តសកម្មភាពរុករក និងជីករ៉ែមាសដោយខុសច្បាប់ ស្ថិតនៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបញ្ឈប់រាល់សកម្មភាពអនាធិបតេយ្យទាំងនេះជាបន្ទាន់...។

យោងតាមរយៈសេចក្ដីប្រកាសនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កន្លងមក ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលពាក់ព័ន្ធនឹងសកម្មភាពរុករក ជីកយករ៉ែមាសអនាធិបតេយ្យ អ្នកទទួលទិញ អ្នកផ្គត់ផ្គង់ ឬជួលអ្នកដទៃឱ្យប្រតិបត្តិការជំនួស អ្នកមកសង់ផ្ទះស្នាក់នៅ ឬខ្ទម អ្នកផ្គត់ផ្គង់ប្រេង និងសម្ភារផ្សេងៗ ត្រូវផ្អាកសកម្មភាព ព្រមទាំងរុះរើគ្រឿងម៉ាស៊ីន ឧបករណ៍សម្ភារ ផ្ទះ ខ្ទម ឬទីសំណាក់តូចធំទាំងអស់របស់ខ្លួនចេញពីទីតាំងកំពុងប្រព្រឹត្តជាកំហិត។

បច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួន នៅតែបន្តសកម្មភាពធ្វើអាជីវកម្មរ៉ែខុសច្បាប់ តាមផ្ទះ តាមចំការស្វាយចន្ទី ចំការកៅស៊ូ និងកន្លែងដាច់ដោយឡែកផ្សេងៗទៀត ដោយមិនទាន់រុះរើគ្រឿងម៉ាស៊ីន ឧបករណ៍សម្ភារ ខ្ទម ឬទីសំណាក់របស់ខ្លួនចេញជាស្ថាពរ តាមការណែនាំរបស់ក្រុមការងារចម្រុះថ្នាក់ខេត្តនៅឡើយ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ តម្រូវឱ្យអ្នកដែលកំពុងប្រតិបត្តិការជីក យករ៉ែលោហៈក្នុងដីគ្រប់រូបភាព ត្រូវបញ្ឈប់សកម្មភាព និងរុះរើ ដឹកជញ្ជូនចេញពីទីតាំងប្រព្រឹត្ត នៅជុំវិញតំបន់រ៉ែលោហៈ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងពីការចាត់វិធានការតាមផ្លូវច្បាប់របស់អាជ្ញាធរ៕





