
រាជធានីភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤តុលា បានជួបពិភាក្សាការងារជាមួយលោកស្រី សីលកេ រ៉ុហ្វឺ (Silke Röfer) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងគណៈប្រតិភូតំណាងទីភ្នាក់ងារ GIZ និងធនាគារ KfW នៅទីស្តីការក្រសួង...។

ជំនួបពិភាក្សាការងារនេះដែរ ធ្វើឡើងដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏យូរអង្វែងក្នុងវិស័យសុខាភិបាល ដែលមានតាំងពីឆ្នាំ១៩៩៤ ក៏ដូចជាពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗដូចជា គម្រោងសុខភាពតែមួយ (One Health for Cambodia-KfW)៖ គម្រោងប្រយុទ្ធនឹងភាពស៊ាំថ្នាំអង់ទីប៊ីយូទិក ទប់ស្កាត់ជំងឺឆ្លងសត្វមកមនុស្ស និងឆ្លើយតបការប្រែប្រួលអាកាសធាតុ។ គម្រោង ISPH (GIZ)៖ ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម ឆ្ពោះទៅសម្រេចការគ្របដណ្ដប់សុខភាពជាសកល (UHC)។ កម្មវិធី H-EQIP I+II និង CNP (KfW)៖ លើកកម្ពស់សមធម៌ គុណភាពសេវាសុខាភិបាល អាហាររូបត្ថម្ភ ជូនប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះ។

ជាមួយគ្នា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់។ លោក ក៏បានស្នើឱ្យដល់អាល្លឺម៉ង់ បន្តគាំទ្រ និងរៀបចំគម្រោងសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មី ពីការតាំងចិត្តខ្ពស់របស់សុខាភិបាលកម្ពុជា ក្នុងការអនុវត្តរាល់គម្រោងទាំងអស់ ឱ្យមានប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕



