ចៅហ្វាយខេត្តព្រះវិហារ ជំរុញឱ្យរៀបចំប្រព័ន្ធជូនដំណឹងទាន់ពេលវេលា ក្រោយឧបទ្ទវហេតុដំរីព្រៃព្រេចកុមារម្នាក់ស្លា.ប់
អ
អុន សម្ផស្ស
•
14 ម៉ោងមុន

ក្រុងព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តតាមដានយ៉ាងយកចិត្តទុកដាក់លើចលនារបស់ហ្វូងដំរីព្រៃនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ ក្រោយកើតមានឧបទ្ទវហេតុដ៏សោកសង្រេងមួយកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បណ្ដាលឱ្យកុមារម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់...។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះថា ក្រុមការងារចម្រុះដែលរួមមានមន្ត្រីឧទ្យានុរក្ស កម្លាំងបញ្ជាការកងឯកភាពនៃរដ្ឋបាលស្រុកជាំក្សាន្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងសហការគ្នាតាមដានសកម្មភាព និងទិសដៅចល័តរបស់ហ្វូងដំរីព្រៃ ដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានចំពោះប្រជាពលរដ្ឋ និងការពារសត្វព្រៃដែលជាប្រភេទសត្វកម្រ។ លោកបញ្ជាក់ថា ក្រុមការងារបានចុះល្បាត និងតាមដាន[ដានជើង]ដំរី ដើម្បីកំណត់ទីតាំង និងទិសដៅចល័តរបស់ពួកវាឱ្យបានច្បាស់លាស់ ព្រមទាំងចាត់វិធានការបង្ការកុំឱ្យហ្វូងដំរី ខិតជិតតំបន់ប្រជុំជន ឬចម្ការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏បន្តអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ផ្អាកការចូលព្រៃជ្រៅ និងជៀសវាងការបោះជំរំ ឬសង់រោងស្នាក់នៅបណ្តោះអាសន្ន នៅតាមតំបន់ព្រៃដែលជាច្រកចល័តរបស់ដំរី។ បន្ថែមលើនោះប្រជាពលរដ្ឋ ក៏ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ហើយជៀសវាងការប្រើប្រាស់អាវុធ ឬឧបករណ៍ដែលអាចបង្ករបួសស្នាម និងគ្រោះថ្នាក់ដល់ជីវិតសត្វដំរីព្រៃ។

ប្រភពពីមន្ទីរបរិស្ថានខេត្តព្រះវិហារ ហ្វូងដំរីព្រៃដែលមានចំនួនប្រមាណពី១០ ទៅ២០ក្បាល តែងធ្វើចលនាឆ្លងកាត់ដែនជម្រកសត្វព្រៃ តាមបណ្តោយជួរភ្នំដងរែក។ បច្ចុប្បន្ន ក្រុមការងារចម្រុះនៅតែបន្តត្រៀមលក្ខណៈ និងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងចូលរួមអភិរក្សសត្វព្រៃក្នុងតំបន់។ រដ្ឋបាលខេត្តព្រះវិហារ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានដែលនៅជាប់តំបន់អភិរក្ស ជាពិសេស តំបន់ដែលមានដំរីឆ្លងកាត់ និងរកចំណីឱ្យបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលចេញចូលព្រៃដើម្បីប្រមូលអនុផលព្រៃឈើ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងរៀបចំប្រព័ន្ធជូនដំណឹងទៅកាន់ស្ថាប័នមានសមត្ថកិច្ចឱ្យបានទាន់ពេលវេលា។

សូមរំឭកថា កាលពីវេលាម៉ោងប្រមាណ៨យប់ នៅថ្ងៃទី១៣តុលា ហ្វូងដំរីព្រៃប្រមាណ ពី៥ទៅ៦ក្បាល បានចូលមករុះរើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នៅចំណុចកញ្ចាំង ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រើប្រាស់សម្រាប់សម្រាកពេលទៅរកត្រី។ ក្នុងហេតុការណ៍នោះ បានបណ្ដាលឱ្យកុមារាអាយុ១១ឆ្នាំម្នាក់ បាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈស្ត្រីជាម្តាយអាយុ៤៩ឆ្នាំរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកជំនួយសប្បុរសធម៌ និងថវិកាជាអំណោយរប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងចូលរួមរំលែកទុក្ខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត