
អន្តរស្ថាប័ន៖ គិតមកដល់ថ្ងៃទី១៥តុលា ឆ្នាំ២០២៦នេះ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងបាត់ដំបង ទឹកមិនទាន់ស្រកនៅទ្បើយ ដោយសារស្ថានភាពផ្លូវទឹកតូច មិនអាចហូរបានលឿន ដោយកន្លែងខ្លះនៅមានទឹកដក់នៅឡើយ។ កត្តាទាំងនេះ បានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងដំណាំស្រូវកាន់តែច្រើន ចំណែកខេត្តសៀមរាប កំពង់ធំ មានការខូចខាតច្រើនអន្លើរ...។

ឆ្លើយតបនឹងស្ថានភាពបែបនេះ លោក សុទ្ធ គឹមកុលមន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៥តុលានេះ បានថ្លែងប្រាប់ SBM News តាមប្រព័ន្ធតេទ្បេក្រាម យ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាល កំពុងវាយតម្លៃតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្របសម្រួលសហការជាមួយក្រសួងជំនាញពាក់ព័ន្ធ កំពុងធ្វើការវាយតម្លៃទៅលើផលប៉ះពាល់ លើការខូចខាត ដើម្បីយើងមានលទ្ធភាព កន្លែងណាដែលអាចស្តារទ្បើងវិញ គឺនឹងផ្តល់ជាពូជស្រូវ [..]។ លោកបន្ថែមថា ចំពោះតំបន់ណាដែលមិនអាចស្តារស្រូវទ្បើងវិញបាន អាជ្ញាធរនឹងជួយជាស្បៀង ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា តាមការព្យាកររបស់ក្រសួងធនធានទឹក ដែលចេញកាលពីថ្មីៗនេះ បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះសង្ឃរា ឈ្មោះ ណូឡូ និងព្យុះឈ្មោះ កូហ្គូម៉ា សហការគ្នា ជាមួយព្យុះឈ្មោះ ស៊ូរីហ្គាអេ បន្តជះឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី និងបោកបក់មកលើសមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង ព្រមទាំងអាងទន្លេមេគង្គផងដែរ។ មូលហេតុទាំងនេះ ធ្វើឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់លាយទ្បំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីយ៉ាងគំហុគ៕




