ក្បាច់គុនដូនតាខ្មែរ ហោះទៅទ្វីបអាម៉េរិកខាងត្បូងហើយ! គ្រូបង្វឹកកម្ពុជាពីររូប នឹងប្រើពេល២សប្តាហ៍ ចែករំលែកក្បាច់គុនខ្មែរជូនកីឡាករបរទេស
អ
អាន ប៊ុនរ័ត្ននៈ
•
15 តុលា 2026 08:30 AM

គុនខ្មែរ៖ យោងតាមការបញ្ជាក់ពីអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ លោក ខូវ ឆាយ ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសកម្ពុជា ផងនោះ បានឱ្យដឹងថា គ្រូបង្វឹកកម្ពុជាជំនាញគុនខ្មែរ២រូប នឹងធ្វើដំណើរទៅកាន់ទ្វីបអាម៉េរិកខាងត្បូង ដើម្បីបង្វឹកក្បាច់គុនដូនតាខ្មែរ ដល់ក្រុមអត្តពលិកចម្រុះជាតិសាសន៍មកពី៧ប្រទេស ក្នុងតំបន់អាម៉េរិកខាងត្បូងទាំងមូល...។ 

ប្រទេសទាំង៧នោះ រួមមាន៖ ឈីលី (Chile) ប្រេស៊ីល (Brazil) អាហ្សង់ទីន (Argentina) អ៊ុយរុយហ្គាយ (Uruguay) ប៉ារ៉ាហ្គាយ (Paraguay) បូលីវី (Bolivia) និងវេណេហ្ស៊ុយអេឡា (Venezuela)។ បើតាម លោក ខូវ ឆាយ គ្រូបង្វឹកគុនខ្មែរកម្ពុជាពីររូបនោះ រួមមាន៖ លោកគ្រូ ជា រិទ្ធ (Chea Rith) និងលោកគ្រូ ឡៅ ស៊ីណាត (Lao Sinath) ក្រោមការចាត់តាំងរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ (Kun Khmer International Federation–KIF) មានរយៈពេល២សប្តាហ៍ ពោលគឺការបណ្ដុះបណ្ដាលនោះ ចែកចេញជាពីរវគ្គ គឺនៅប្រទេសឈីលី ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងសាន់ទីអាហ្គោ (Santiago) និងនៅប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងសៅប៉ូឡូ (São Paulo)។   

ចំពោះការទៅបង្វឹកផ្ទាល់នៅប្រទេសឈីលី និងប្រេស៊ីល គឺក្រុមអត្តពលិកគុនខ្មែរអន្តរជាតិទាំង៧ប្រទេស នឹងមកចូលរួមហ្វឹកហាត់ដោយផ្ទាល់ជាមួយលោកគ្រូបង្វឹកកម្ពុជាទាំងពីររូប ដ្បិតបណ្តាប្រទេសទាំង៧នៅក្នុងទ្វីបអាម៉េរិកខាងត្បូង សុទ្ធតែជាសមាជិកសហព័ន្ធគុនខ្មែរអន្តរជាតិ–KIF ទាំងអស់។ ដូច្នេះ សកម្មភាពទាំងនេះគឺជាយុទ្ធសាស្ត្រពង្រីកវិសាលភាព និងលើកកម្ពស់កីឡាប្រដាល់គុនខ្មែរលើឆាកអន្តរជាតិ ខណៈដែលប្រមុខដឹកនាំកីឡាអូឡាំពិកកម្ពុជា បានដាក់ក្ដីរំពឹងថា ទៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ គុនខ្មែរ នឹងក្លាយជាកីឡាប្រដាល់ដ៏មានប្រជាប្រិយមួយនៅលើពិភពលោក និងអាចមានឈ្មោះលើក្រមខ័ណ្ឌកីឡាអូឡាំពិកអន្តរជាតិផងដែរ។ លោក ខូវ ឆាយ បានសង្កត់ធ្ងន់ថា ខ្លឹមសារគោលសំខាន់បំផុតនៃការចេញទៅបណ្ដុះបណ្ដាលក្រុមអត្តពលិកបរទេសនៅទ្វីបអាម៉េរិកខាងត្បូងនេះ រួមមាន៖ ទី១.ផ្តល់ការសិក្សាអំពីប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ និងអត្តសញ្ញាណនៃក្បាច់គុនខ្មែរ ដល់ក្រុមអត្តពលិកអន្តរជាតិ។

ទី២.ការបណ្ដុះបណ្ដាលបច្ចេកទេសមូលដ្ឋាន និងបច្ចេកទេសកម្រិតខ្ពស់នៃកីឡាប្រដាល់គុនខ្មែរ។ ទី៣.ការបង្រៀនវិធីសាស្ដ្រហ្វឹកហាត់, ការរៀបចំកម្មវិធីហ្វឹកហាត់ និងការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនីបរទេសឱ្យស្គាល់កាន់តែច្បាស់ អ្វីទៅជាគុនខ្មែរ ដើម្បីកុំឱ្យពួកគេភាន់ច្រឡំជាមួយក្បាច់គុនផ្ទះលេខពីរ ដែលបានលួចចម្លងពីយើង។ ទី៤.ការចែករំលែកបទពិសោធអំពីការគ្រប់គ្រងក្លិប, ការបណ្ដុះបណ្ដាលយុវជនថ្នាល និងការកសាងធនធានគ្រូបង្វឹកបរទេស។ ៥.ការពង្រឹងនៃការយល់ដឹងអំពីបទបញ្ជាប្រកួត ក្រមសីលធម៌ និងស្ដង់ដារបច្ចេកទេសគុនខ្មែរអន្តរជាតិ។ និងចុងក្រោយទី៦.ការបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្រូបង្វឹក ក្លិប និងសហព័ន្ធគុនខ្មែរនៃបណ្តាប្រទេសក្នុងតំបន់។ ដូច្នេះ ការចេញទៅបណ្ដុះបណ្ដាលបច្ចេកទេសដល់កីឡាករ-កីឡាការិនីនៅឯទ្វីបអាម៉េរិកខាងត្បូង ជាការនាំយកមរតកក្បាច់គុនដូនតាខ្មែរ ទៅផ្សព្វផ្សាយ និងចែករំលែកជាមួយសហគមន៍អន្តរជាតិ។

លោក ខូវ ឆាយ គូសបញ្ជាក់ថ សហព័ន្ធគុនខ្មែរអន្តរជាតិ មានចក្ខុវិស័យវែងឆ្ងាយ លើការកសាងប្រព័ន្ធបណ្ដុះបណ្ដាលគ្រូបង្វឹកគុនខ្មែរ ប្រកបដោយគុណភាព និងស្ដង់ដាររួមមួយ ដើម្បីឱ្យបណ្តាប្រទេសជាសមាជិក មានធនធានមនុស្សគ្រប់គ្រាន់ ក្នុងការបន្តបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី និងពង្រីកក្លិបគុនខ្មែរនៅតាមប្រទេសរបស់ខ្លួនរៀងៗខ្លួន។ អ្វីដែលកម្ពុជាត្រូវការបំផុតនោះ គឺ សហព័ន្ធគុនខ្មែរអន្តរជាតិ ចង់ឃើញប្រទេសនានាក្នុងទ្វីបអាម៉េរិកខាងត្បូង អាចអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ បានដោយខ្លួនឯង ប្រកបដោយនិរន្តរភាព និងគ្រូបង្វឹកមានសមត្ថភាព មានក្លិបហ្វឹកហាត់កាន់តែច្រើន ដែលឈានទៅរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ថ្នាក់តំបន់ និងចូលរួមព្រឹត្តិការណ៍អន្តរជាតិជាប្រចាំផងដែរ។ សូមជម្រាបថា ទាំងនេះ គឺជាយុទ្ធសាស្ត្ររបស់សហព័ន្ធគុនខ្មែរអន្តរជាតិ ក្នុងការបញ្ជូនគ្រូបង្វឹកកម្ពុជាទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស ហើយក៏ជាផ្នែកមួយនៃការប្រើប្រាស់កីឡាគុនខ្មែរជាកម្លាំងទន់ (Soft Power) ដ៏មានសក្តានុពល ក្នុងការផ្សព្វផ្សាយអត្តសញ្ញាណជាតិ វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងកិត្យានុភាពកម្ពុជា ទៅកាន់ពិភពលោក។

ជាមួយគ្នានេះ សហព័ន្ធគុនខ្មែរអន្តរជាតិ ក៏បានថ្លែងអំណរគុណចំពោះតំណាងសហព័ន្ធគុនខ្មែរ ក្លិបគុនខ្មែរ និងដៃគូសហការនៅប្រទេសឈីលី និងប្រេស៊ីល ជាពិសេស ក្រុមការងារ KOMBAT Kun Khmer ដែលបានចូលរួមសហការរៀបចំកម្មវិធីដ៏មានសារសំខាន់នេះ។ សហព័ន្ធគុនខ្មែរអន្តរជាតិ មានជំនឿយ៉ាងមុតមាំថា បេសកកម្មបញ្ជូនគ្រូបង្វឹកគុនខ្មែរពីប្រទេសកម្ពុជា ទៅបណ្ដុះបណ្ដាលនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការកសាងមូលដ្ឋានគ្រឹះគុនខ្មែរ នៅទ្វីបអាម៉េរិកខាងត្បូង និងជំរុញឱ្យកីឡាគុនខ្មែរនៅឯបរទេស រីកចម្រើនកាន់តែទូលំទូលាយលើឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត