
រដ្ឋធានីប៉េកាំង៖ ក្រសួងការពារជាតិចិន បានប្រកាសនៅព្រឹកថ្ងៃពុធទី១៤តុលានេះថា កងទ័ពជើងទឹករំដោះប្រជាជនចិន បានបញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង Liaoning (លាវនីង) ទៅធ្វើសមយុទ្ធយោធារួមគ្នា នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ខណៈប្រទេសជប៉ុន កំពុងតាមដានយ៉ាងដិតដល់ ចំពោះសមយុទ្ធយោធារបស់រដ្ឋធានីប៉េកាំង នៅទីនោះ ជាទីដែលកងកម្លាំងរបស់ប្រទេសទាំង២ តែងតែប្រឈមមុខដាក់គ្នាជាញឹកញាប់។

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីរសៀលថ្ងៃពុធទី១៤ ខែតុលានេះថា នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិចិន បានបញ្ជាក់ថា សមយុទ្ធនេះ«រៀបចំឡើងស្របតាមផែនការហ្វឹកហ្វឺនជាប្រចាំប្រចាំឆ្នាំ ដោយមានគោលបំណងសាកល្បង និងកែលម្អកម្រិតនៃការហ្វឹកហ្វឺនជាក់ស្តែងរបស់កងនាវាផ្ទុកយន្ដហោះ ក៏ដូចជាបន្តពង្រឹងសមត្ថភាព នៅក្នុងការអនុវត្តបេសកកម្មនានាផងដែរ»។ សមយុទ្ធយោធានេះ គឺ«ស្របតាមច្បាប់ និងការអនុវត្តតាមច្បាប់អន្តរជាតិពាក់ព័ន្ធ ហើយមិនមែនធ្វើឡើង ដើម្បីតម្រង់គោលដៅទៅលើប្រទេសណាមួយជាក់លាក់នោះដែរ»។ ថ្វីបើសេចក្តីថ្លែងការណ៍នោះ មិនបានផ្តល់ព័ត៌មានលម្អិតយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ កងទ័ពជើងទឹករំដោះប្រជាជនចិន បានបញ្ជូនកងកម្លាំងរបស់ខ្លួន ចូលជ្រៅទៅកាន់តំបន់ប៉ាស៊ីហ្វិកខាងលិច ធ្វើឱ្យរដ្ឋាភិបាលរាជធានីតូក្យូ មានការព្រួយបារម្ភយ៉ាងខ្លាំង។

ចិនធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ ត្រូវបានក្រុមមន្រ្ដីក្រសួងការពារជាតិជប៉ុន ចាត់ទុកថា វាជាចំណុចខ្សោយផ្នែកយុទ្ធសាស្ត្រ អាចប្រឈមមុខដាក់គ្នា។ ការកើនឡើង នៃសមយុទ្ធជាញឹកញាប់ នៅតំបន់ប៉ាស៊ីហ្វិកខាងលិច បាននាំឱ្យមានការប្រឈមមុខដាក់គ្នា កាន់តែខិតចូលមកជិត រវាងកងទ័ពរំដោះប្រជាជនចិន និងកងកម្លាំងស្វ័យការពារជប៉ុន (Self-Defense Forces)។ រីឯហេតុការណ៍ចុងក្រោយបំផុត បានកើតឡើង កាលពីខែមិថុនាកន្លងទៅនេះ។ ប៉ុន្ដែការប្រឈមមុខគ្នា នាពេលនោះ រដ្ឋធានីប៉េកាំង បានចោទប្រកាន់ដល់រាជធានីតូក្យូ អំពីការធ្វើសកម្មភាពឈ្លបយកការណ៍ នៅក្នុងរយៈចម្ងាយដ៏ជិត ប្រកបដោយ«គ្រោះថ្នាក់» និងការ«យាយីបង្កហេតុ» នៅអំឡុងពេលកងនាវាចម្បាំង ដឹកនាំដោយនាវាផ្ទុកយន្តហោះ Liaoning កំពុងធ្វើ «សមយុទ្ធប្រយុទ្ធនៅលើដែនសមុទ្ទដ៏ឆ្ងាយ» ដែលមានរយៈពេលជាង៤០ថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ ការិយាល័យសេនាធិការចម្រុះ នៃក្រសួងការពារជាតិជប៉ុន បានបដិសេធការចោទប្រកាន់ទាំងនោះ ដោយសន្យាថា ខ្លួននឹង«បន្តរក្សាជំហរស្ងប់ស្ងាត់ និងម៉ឺងម៉ាត់ ដោយផ្តល់អាទិភាពខ្ពស់បំផុតដល់សុវត្ថិភាព ព្រមទាំងបន្តអនុវត្តការឃ្លាំមើល និងតាមដាន នៅក្នុងដែនទឹក និងដែនអាកាស នៅជុំវិញប្រទេសជប៉ុន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់»។ កាលពីខែធ្នូឆ្នាំ២០២៥ យន្តហោះចម្បាំងដែលបានហោះចេញពីនាវាផ្ទុកយន្តហោះ Liaoning បានប្រើប្រាស់រ៉ាដា ដើម្បីកំណត់គោលដៅ ទៅលើយន្តហោះរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ចំនួនពីរលើក នៅលើដែនទឹកអន្តរជាតិ នាភាគអាគ្នេយ៍ នៃខេត្តអូគីណាវ៉ា (Okinawa)។ កាលពីរដូវក្ដៅឆ្នាំមុន ចិនក៏បានបញ្ជូននាវាផ្ទុកយន្ដហោះ Liaoning និងនាវាផ្ទុកយន្តហោះមួយគ្រឿងទៀតរបស់ខ្លួន ចូលទៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងបានបញ្ជូនយន្តហោះចម្បាំង ទៅក្បែរយន្តហោះជប៉ុនជាច្រើនលើកផងដែរ។

សកម្មភាពទាំងនេះ ត្រូវបានរាជធានីតូក្យូ អះអាងថា អាចបង្កហានិភ័យ ចំពោះការប៉ះទង្គិចគ្នា។ ទោះជាយ៉ាងណាក៏ដោយ រាជធានីតូក្យូ បានអនុវត្តយុទ្ធសាស្ត្រប្រុងប្រយ័ត្ន ប៉ុន្តែម៉ឺងម៉ាត់ ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹង ជាមួយរដ្ឋធានីប៉េកាំង បន្ទាប់ពីទំនាក់ទំនង រវាងប្រទេសទាំង២ បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ពោលគឺក្រោយពេលនាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សាណាអេ តាកៃឈី Sanae Takaichi លើកឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ថា ជប៉ុន អាចនឹងធ្វើអន្តរាគមន៍យោធា នៅក្នុងករណីមានវិបត្តិនៅកោះតៃវ៉ាន់...៕



