តើពិភពលោកនឹង​មានអ្វីកើតឡើង ប្រសិនបើ​ ត្រាំ ​បណ្ដោយឱ្យពូទីន ឈ្នះសង្គ្រាមនៅអ៊ុយក្រែន?
S
Sinuon Nop
•
14 ម៉ោងមុន

បទបរិយាយ៖ ជាមួយការគំរាមកំហែង​កើតចេញពីមេដឹកនាំរុស្ស៊ី នាយករដ្ឋមន្រ្ដីចក្រភពព្រីតថែន លោក អេនឌី ប៊ើនហេម (Andy Burnham) គ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីប៊ែរឡាំងនាថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីចរចាជាមួយលោកអធិការបតីអាល្លឺម៉ង់ ហ្វ្រេដរីជ មើហ្ស (​Friedrich Merz) ដោយផ្ដោតយ៉ាងសំខាន់ទៅលើសន្ដិសុខ ចំពេល​តំបន់អឺរ៉ុប កំពុង​ព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះរដ្ឋការរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ប្រសិនបើ​បណ្ដែតបណ្ដោយឱ្យមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន មានលទ្ធភាពឈ្នះសង្គ្រាមលើប្រទេសអ៊ុយក្រែន វានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ទៅលើពិភពលោក...។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ

សារព័ត៌មាន The Daily Digest បានចេញផ្សាយនៅព្រឹកថ្ងៃពុធទី១៤ ខែតុលានេះថា កាលពីអំឡុងបើកយុទ្ធនាការឃោសនាបោះឆ្នោត ​លោក ដូណាល់ ត្រាំ បានសន្យាថា ប្រសិនបើ​​លោកជាប់ឆ្នោតជាប្រធានាធិបតី នៅអាណត្ដិទី២ លោកនឹង​បញ្ចប់ការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ត្រឹមតែ​រយៈពេល​មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកចូលកាន់តំណែង។​ ប៉ុន្ដែរហូតមកដល់ពេលនេះ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ គ្រាន់តែ​ជាការសន្យាខ្យល់ប៉ុណ្ណោះ លោកនៅតែមិនអាច​ធ្វើតាមការសន្យានោះបាននៅឡើយទេ គិតមកដល់ពេលបច្ចុប្បន្ន។​ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៥ រហូតមក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក និងសមភាគី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរសព្ទជាច្រើនលើកច្រើនសា​ រួចមកហើយ ខណៈ​ម្ចាស់សេតវិមានរូបនេះ នៅតែព្យាយាមចរចា ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី ឈ្លានពានលើអ៊ុយក្រែន។

អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្រ្ដីព្រីតថែន
អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្រ្ដីព្រីតថែន

ការសន្ទនាលើកដំបូង បាន​បង្ហាញ​ជាសាធារណៈ នៅក្នុងអាណត្តិទីពីររបស់លោក ត្រាំ ធ្វើ​ឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់មក ក៏មានការសន្ទនាជាបន្តបន្ទាប់ទៀត ដោយ​​រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ស្វែងរកដំណោះស្រាយមួយដ៏សមស្រប។​ លោក ដូណាល់ ត្រាំ ចង់ឱ្យការចរចាសន្ដិភាពនៅអ៊ុយក្រែន ​ចាប់ផ្ដើមឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងការ​ជំរុញដោយមិនមាន​ផែនការ​ច្បាស់លាស់។ ចំណែកក្រុមអ្នករិះគន់ បានព្រមានថា យុទ្ធ​សាស្ត្ររបស់លោក ដូណាល់ ត្រាំ​ អាចផ្តល់​សម្បទានយ៉ាងច្រើនដល់រដ្ឋធានីម៉ូស្គូ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសអ៊ុយក្រែន។ នៅឆ្នាំ២០២៦ កង្វល់នានា អំពីឆន្ទៈរបស់រដ្ឋបាលសហរដ្ឋអាម៉េរិក នៅក្នុងការសម្របខ្លួនតាម​វិមានក្រឹមឡាំង ​នៅតែបន្តមាន ខណៈ​កិច្ចខិតខំប្រឹងប្រែងថ្មីៗ ដើម្បីធ្វើឱ្យទំនាក់ទំនង រវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីម៉ូស្គូ វិលត្រឡប់មកជាប្រក្រតីឡើងវិញ ព្រមទាំងមានការខ្វែងគំនិតគ្នាជាបន្តបន្ទាប់ ជុំវិញអនាគតនៃទឹកដីអ៊ុយក្រែន ដែលបាននិងកំពុងបាត់បង់ទៅលើរុស្ស៊ី។​

ប្រធានាធិបតីអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក
ប្រធានាធិបតីអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក

ការរិះគន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ​ទៅលើលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡែនស្គី នៅក្នុងខែតុលា ឆ្នាំ២០២៦ និង​ការជំរុញឱ្យមានការផ្លាស់ប្ដូរមេ​ដឹកនាំអ៊ុយក្រែន បានបង្កើនក្ដីព្រួយបារម្ភបន្ថែមទៀត ចំពោះសម្ពាធដើម្បីបញ្ចប់សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ដែលអាចនឹង​ធ្លាក់ទៅលើរដ្ឋធានីកៀវ(Kyiv) ខ្លាំងជាងរដ្ឋធានីមូស្គូ (Moscow)។​ ប៉ុន្ដែគេនៅតែមិនច្បាស់ទេ ថា តើលោក ដូណាល់ ត្រាំ ​មានផែនការច្បាស់លាស់​ សម្រាប់ប្រទេសអ៊ុយក្រែន ឬយ៉ាងណា? ប៉ុន្តែរឿងនេះ វាបានធ្វើឱ្យមានការចោទសួរ ថាតើនឹងមានអ្វីកើតឡើង ប្រសិនបើសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំដោយលោក ត្រាំ យល់ព្រមតាមការទាមទារភាគច្រើនរបស់រុស្ស៊ី? ហើយថាតើវានឹងមានអ្វីកើតឡើង ប្រសិនបើលោក ពូទីន ទទួលបានស្ទើរតែអ្វីៗទាំងអស់ តាមអ្វីដែលគាត់ចង់បាន..? ទោះបីជា​មិនអាចដឹងច្បាស់ជាមុនថា ពិភពលោកនឹងមានប្រតិកម្មយ៉ាងណាចំពោះ«ជ័យជម្នះ»របស់រុស្ស៊ីលើអ៊ុយក្រែន ក៏គេអាចប៉ាន់ស្មានបានថា ការចុះញ៉ម​បែបនេះ នឹងផ្តល់ភាពក្លាហានដល់មេដឹកនាំពិភពលោកផ្សេងៗទៀត ដែលមានមហិច្ឆតាចង់ពង្រីកទឹកដី និងមាននិន្នាការផ្តាច់ការ ព្រោះវាជាសញ្ញាថយចុះ​ នៃសណ្តាប់ធ្នាប់ពិភពលោក ​ក្រោមការដឹកនាំដោយសហរដ្ឋអាម៉េរិកបច្ចុប្បន្ន។

លោក វិកទ័រ លីយ៉ាក (​Victor Liakh) នាយកគ្រឹះស្ថានអឺរ៉ុបខាងកើត ​ បានបរិយាយនូវគំនិតរបស់លោក ទៅលើអ្វីដែលអាចបង្ហាញលទ្ធផល អំពីជ័យជម្នះរបស់រុស្ស៊ី នៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ដោយបញ្ហានេះ អាចបង្កើតយុគសម័យថ្មី នៃភាពអសន្ដិសុខរបស់ពិភពលោក។​​​ ការដែលពិភពលោកទទួលបរាជ័យ នៅក្នុងការដោះស្រាយបញ្ហា ដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ​បានដាក់បញ្ចូលតំបន់គ្រីមៀ (Crimea) ទៅ​ជាទឹកដីរបស់ខ្លួន នៅឆ្នាំ២០១៤ និងការសង្គ្រាមវាទី តាមរយៈកម្លាំង​កូនកាត់​ នៅតំបន់ដុនបាស (Donbas) របស់អ៊ុយក្រែន គឺជាស្នាមប្រេះឆាដំបូងគេ នៅក្នុងរបៀបរៀបចំសណ្ដាប់ធ្នាប់​អន្តរជាតិ ដោយ​ផ្អែកលើច្បាប់។ ​ស្នាមប្រេះនេះបានជំរុញឱ្យចិត្តរបស់លោកប្រធានាធិបតី ពូទីន ​ហ៊ានចាត់វិធានការដ៏​គ្រោះថ្នាក់ កាន់តែខ្លាំងឡើង បន្ថែមទៀត។

នាយកគ្រឹះស្ថានអឺរ៉ុបខាងកើតរូបនេះ អះអាងបន្តថា​ ភាពកម្សោយ​ជាបន្តបន្ទាប់របស់លោកខាងលិច នៅចំពោះមុខការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យរដ្ឋធានីម៉ូស្គូ ពង្រីកវត្តមានរបស់ខ្លួននៅ​ទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ស្របពេលរដ្ឋធានីមូស្គូ ខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង។​ លើសពីនេះ ការបោះបង់ចោលអ៊ុយក្រែន នឹងផ្ញើសារដ៏គួរឱ្យព្រួយបារម្ភមួយ ទៅកាន់សម្ព័ន្ធមិត្តទាំងអស់របស់សហរដ្ឋអាម៉េរិក។ បញ្ហានេះ នឹងបើកផ្លូវទៅរកពិភពលោក ដើរលើមាគ៌ាមួយ​ប្រកបដោយ​គ្រោះថ្នាក់ខ្លាំងជាងមុន ដោយសារតែអំពើឈ្លានពាន បានស្ថិតក្នុងសភាពស្ងៀមស្ងាត់ ហើយសណ្តាប់ធ្នាប់នឹងត្រូវ​ជំនួសមកវិញ ដោយភាពវឹកវរ។​ ​តើស្ថានភាពបែបនេះ នឹងវិវឌ្ឍទៅជាយ៉ាងណា នាពេលអនាគត? នោះ​ជាចំណុចមួយដែលមិន​អាចដឹងបាន ប៉ុន្តែវាមិនមែនជារឿងដែលមិនអាចកើតឡើងនោះទេ ប្រសិនបើសហរដ្ឋអាម៉េរិក បោះបង់ចោលអ៊ុយក្រែន ហើយ​​វាអាចនឹងជំរុញ​ឱ្យចិន ហ៊ានចាត់វិធានការប្រឆាំងនឹងកោះតៃវ៉ាន់ ឬកូរ៉េខាងជើងហ៊ានចាត់វិធានការប្រឆាំងកូរ៉េខាងត្បូង សៀមក៏អាចវាទីវាយដណ្តើមកាន់កាប់ទឹកដីខ្មែរបន្ថែមទៀតដែរ។

ផលវិបាកនៃ​ការមើលឃើញជាក់ស្តែង គឺ​សណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ទម្លាប់​ ដឹកនាំដោយសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ ហើយវា​អាចនឹងជំរុញឱ្យរដ្ឋាភិបាលផ្តាច់ការតូចៗ នៅក្នុងតំបន់អាម៉េរិកខាងត្បូង អាហ្វ្រិក អាស៊ី និងមជ្ឈិមបូព៌ា ឬប្រទេសណាមួយ ដែលមានជម្លោះទឹកដី​ពីអតីតកាល ឬជម្លោះដែលមិនទាន់ដោះស្រាយចប់ ចាប់ផ្តើមចាត់វិធានការ ដើម្បីទាមទារសិទ្ធិរបស់ខ្លួនវិញទៅតាមកម្លាំងបាយ នរណាខ្លាំង អ្នកនោះឈ្នះ។ អ្វីដែលនឹងកើតឡើង វាមិនទាន់ច្បាស់ប្រាកដនិយមនៅឡើយទេ ប៉ុន្តែអ្វីដែលច្បាស់លាស់នោះ នៅត្រង់​ថា រាល់សកម្មភាពតែងតែមានផលវិបាក ហើយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងកំពុងប្រឈមមុខហានិភ័យ នៃផលវិបាកដ៏គ្រោះថ្នាក់ នាពេលអនាគត ប្រសិនបើមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ត្រូវបានសហរដ្ឋអាម៉េរិក បណ្ដែតបណ្ដោយឱ្យទទួលបានជ័យជម្នះលើទង្វើឈ្លានពានអ៊ុយក្រែន មែននោះ។​ ផលវិបាកទាំងនោះ អាចនឹងផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោកទាំងមូល។​ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការព្រួយបារម្ភ អំពីការគំរាមកំហែងពីរុស្ស៊ី មេដឹកនាំចក្រភពព្រីថែន និងអាល្លឺម៉ង់ គ្រោងនឹងជួបគ្នា ដោយផ្ដោតទៅលើសន្ដិសុខនៅតំបន់អឺរ៉ុប និងយុទ្ធសាស្រ្ដទប់ទល់ឥទ្ធិពលរុស្ស៊ី និងចិន៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត