អាម៉េរិក ចេញមុខនាំឧស្ម័នចូលកោះតៃវ៉ាន់ដោយផ្ទាល់ បង្ការហានិភ័យពីចិន
S
Sinuon Nop
•
13 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ក្រសួងកិច្ចការសេដ្ឋកិច្ចកោះតៃវ៉ាន់ បានប្រកាសនៅថ្ងៃពុធទី១៤ ខែតុលានេះថា កោះតៃវ៉ាន់ មានផែនការ​ទិញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន៦លានតោនក្នុងមួយឆ្នាំ ពីគម្រោងមួយនៅរដ្ឋអាឡាស្កា (Alaska) និងបោះទុនវិនិយោគ ជាមួយទំហំទឹកប្រាក់រហូតដល់១៤១,៥ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើប្រមាណ៤,៤ពាន់លានដុល្លារអាម៉េរិក សម្រាប់ការអភិវឌ្ឍគម្រោងនេះ...។

ក្រសួងកិច្ចការសេដ្ឋកិច្ចនៃកោះតៃវ៉ាន់ ​បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន CPC Corp. ដែលជាក្រុមហ៊ុនរដ្ឋ បានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងការចរចាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍របស់សហរដ្ឋអាម៉េរិក ក្រោយពីការពិភាក្សា អស់រយៈពេលជិត១៨ខែកន្លងមក។ កិច្ចព្រមព្រៀងដែលបានស្នើឡើងនេះ នឹងជួយធ្វើពិពិធកម្មលើប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវរបស់តៃវ៉ាន់ បង្កើនភាពបត់បែន នៅក្នុងការដឹកជញ្ជូន និងពង្រឹងសន្តិសុខថាមពល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាម៉េរិក និងកោះតៃវ៉ាន់ផងដែរ។​ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានរាយការណ៍ថា លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជាក់​ នៅក្នុងការជួបជុំមួយ នៅរដ្ឋអាឡាស្កា​ កាលពីថ្ងៃអង្គារទី១៣តុលាថា កោះតៃវ៉ាន់ បានយល់ព្រមទិញឧស្ម័នធម្មជាតិចំនួន៣០ភាគរយ ចេញពីគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិរាវ (LNG) នៅរដ្ឋអាឡាស្កា​។ ​កិច្ចព្រមព្រៀងនេះ នឹងគ្របដណ្ដប់លើការទិញ ក្នុងរយៈពេល២០ឆ្នាំ។

ក្រុមហ៊ុន CPC បានចុះហត្ថលេខាលើលិខិតបង្ហាញពីបំណង (letter of intent) ដោយ​គ្របដណ្ដប់លើការទិញឧស្ម័ន LNG និងការវិនិយោគនៅក្នុងគម្រោងនៃរដ្ឋអាឡាស្កា​នេះ នៅទីក្រុងតៃប៉ិ កាលពីខែមីនា ឆ្នាំ២០២៥។ ការរៀបចំជាក់លាក់ នៃការវិនិយោគ ភាគហ៊ុននៃភាពជាម្ចាស់ និងលក្ខខណ្ឌផ្សេងៗទៀត នៅតែត្រូវឆ្លងកាត់ការចរចាបន្ថែម និងនីតិវិធីនៃការអនុម័តរបស់ក្រុមហ៊ុន។ ក្រសួងកិច្ចការសេដ្ឋកិច្ចកោះតៃវ៉ាន់​ បានលើកឡើងថា គម្រោងនេះ អាចជួយធ្វើពិពិធកម្មផ្លូវដឹកជញ្ជូន LNG របស់កោះតៃវ៉ាន់ ដោយការដឹកជញ្ជូន អាចមកដល់ដែនកោះ​នេះដោយផ្ទាល់ ឆ្លងកាត់មហាសមុទ្ទប៉ាស៊ីហ្វិក ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការផ្គត់ផ្គង់ បណ្ដាលមកពីបញ្ហាភូមិសាស្ត្រនយោបាយ។ ប្រសិនបើការអភិវឌ្ឍដំណើរការទៅតាមកាលវិភាគ ការផ្គត់ផ្គង់អាចនឹងចាប់ផ្តើមមកដល់កោះតៃវ៉ាន់ នៅដើមឆ្នាំ២០៣២។

ក្រុមហ៊ុន CPC នឹងបន្តសម្របសម្រួល ជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បី​វាយតម្លៃគម្រោង និងស្វែងរកការអនុម័តថវិកា។ ​ក្រសួងកិច្ចការសេដ្ឋកិច្ចនៃកោះតៃវ៉ាន់ បានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានទីផ្សារឧស្ម័នធម្មជាតិសកល និងពិនិត្យមើលការព្យាករ​ តម្រូវការក្នុងស្រុក ដើម្បីជួយធានាឱ្យមានការផ្គត់ផ្គង់ថាមពល ប្រកបដោយស្ថិរភាព​៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត