សមត្ថកិច្ចខេត្តកំពង់ស្ពឺ តាមឃាត់ខ្លួនស្ត្រីម្នាក់ដល់បន្ទាយមានជ័យ ក្រោយឡាយជេរប្រមាថកងទ័ព
ហាក់ អ៊ីឌី
•
12 ម៉ោងមុន

ក្រុងច្បារមន៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនស្ត្រីម្នាក់ដល់ទឹកដីខេត្តបន្ទាយមានជ័យ បន្ទាប់ពីរូបនាងប្រើប្រាស់បណ្តាញសង្គម BIGO Live ធ្វើសកម្មភាពជេរប្រមាថកងទ័ពយ៉ាងធ្ងន់ធ្ងរ...។

ប្រភពព័ត៌មានពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន ស្ត្រីរូបនេះ បានធ្វើការផ្សាយផ្ទាល់(Live)លើបណ្តាញសង្គម BIGO Live ដោយប្រើប្រាស់ពាក្យសម្ដីអសុរស អសីលធម៌ និងជេរប្រមាថមើលងាយដល់កងទ័ព ដែលជាកងកម្លាំងការពារជាតិយ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានការប្រតិកម្ម និងរិះគន់យ៉ាងខ្លាំង ពីមហាជននៅលើបណ្តាញសង្គមនោះ។ ក្រោយទទួលបទបញ្ជាពីថ្នាក់ដឹកនាំ និងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបន្តស្រាវជ្រាវរកទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត