
រាជធានីភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (សមត្ថកិច្ចឌីជីថល) បានចេញសេចក្តីក្រើនរម្លឹក និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តបញ្ជាទិញទំនិញ ឬផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញ ជៀសវាងការចាញ់បោកក្រុមជនខិលខូច ដែលអាចបណ្ដាលឱ្យបាត់បង់ទាំងថវិកា និងមិនទទួលបានទំនិញ...។

តាមការគូសបញ្ជាក់ពីសមត្ថកិច្ចជំនាញ បច្ចុប្បន្ន មានក្រុមជនខិលខូចជាច្រើនបានប្រើប្រាស់ល្បិចកលផ្សេងៗ តាមបណ្តាញសង្គម ដូចជា ការបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយ (Facebook Page) ការប្រកាសលក់ទំនិញក្នុងតម្លៃធូរថ្លៃខុសពីទីផ្សារ ឬការទាមទារឱ្យអតិថិជនវេរប្រាក់កក់មុនជាដើម។ បន្ទាប់ពីទទួលបានប្រាក់កក់ ឬប្រាក់ថ្លៃទំនិញរួច ក្រុមជនខិលខូចទាំងនោះ តែងតែបិទគណនី (Block Account) ឬមិនអាចទាក់ទងបាន។ ដើម្បីជៀសវាង ការធ្លាក់ចូលក្នុងអន្ទាក់នៃចោរកម្មឌីជីថលនេះ សមត្ថកិច្ចជំនាញ សូមណែនាំនូវវិធានការសំខាន់ៗមួយចំនួនដូចជា៖ ពិនិត្យប្រវត្តិហាង៖ ត្រូវពិនិត្យមើលភាពជឿជាក់នៃទំព័រហ្វេសប៊ុក ឬគណនីលក់ទំនិញ (កាលបរិច្ឆេទបង្កើត ផេក (Page), ការបញ្ចេញមតិរបស់អតិថិជនចាស់ៗ និងការទាក់ទង)។

ត្រូវប្រយ័ត្នតម្លៃធូរថ្លៃហួសហេតុ៖ កុំប្រញាប់ជឿជាក់លើទំនិញដែលមានតម្លៃថោកខុសពីប្រក្រតី ឬការប្រូម៉ូសិនប្លែកៗ។ ជៀសវាងការវេរប្រាក់ឱ្យមុន៖ ប្រសិនបើអាច គួរជ្រើសរើសវិធីសាស្ដ្រទូទាត់ប្រាក់ពេលទទួលបានទំនិញ (Cash on Delivery) ឬជួបប្រគល់ទំនិញផ្ទាល់។ ផ្ទៀងផ្ទាត់គណនីធនាគារ៖ មុននឹងផ្ទេរប្រាក់ ត្រូវពិនិត្យមើលឈ្មោះម្ចាស់គណនីឱ្យបានច្បាស់លាស់។ សមត្ថកិច្ចជំនាញ ក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋជួបប្រទះករណីឆបោកតាមអនឡាញ សូមប្រញាប់ប្រមូលភស្តុតាង (រូបថតសារ, លេខគណនីធនាគារ, លេខទូរសព្ទ) ហើយរាយការណ៍ជូនសមត្ថកិច្ចជំនាញជាបន្ទាន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




