កញ្ឆាក្រៀមជាង៣៣គីឡូក្រាម បម្រុងដឹកចេញពីកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន
ហាក់ អ៊ីឌី
•
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ ការរត់ពន្ធកញ្ឆាក្រៀមតាមផ្លូវអាកាសនៅប្រទេសកម្ពុជា ហាក់មានកំណើនគួរឱ្យកត់សម្គាល់ ដោយថ្មីៗនេះ អាជ្ញាធរកម្ពុជាប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បង្ក្រាបបានជាបន្តបន្ទាប់។ ជាក់ស្តែង សមត្ថកិច្ចជំនាញបានរកឃើញការរត់ពន្ធកញ្ឆាក្រៀមមានទម្ងន់រហូតដល់ទៅ៣៣គីឡូក្រាម បន្ទាប់ពីក្រុមឧក្រិដ្ឋជនលួចបន្លំបង្កប់នៅក្នុងវ៉ាលិស ដើម្បីនាំចេញទៅកាន់ប្រទេសទី៣...។

យោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងមន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ ធ្វើការត្រួតពិនិត្យ និងស្កែនវ៉ាលិសរបស់អ្នកដំណើរនៅស្ថានីយអ្នកដំណើរចេញក្រៅប្រទេស បន្ទាប់ពីបានប្រទះឃើញ ភាពមិនប្រក្រតីមួយចំនួន។ តាមរយៈការពិនិត្យជាក់ស្តែង សមត្ថកិច្ច បានរកឃើញកញ្ឆាក្រៀមដែលត្រូវគេចាត់ចែងញែក និងច្រកលាក់បាំងយ៉ាងមានល្បិចកល ក្នុងគោលបំណងគេចវេះពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ។

ទោះជាយ៉ាងណា ជាលទ្ធផល ក្រុមការងារបានរកឃើញរុក្ខជាតិក្រៀម សង្ស័យជាសារធាតុញៀនប្រភេទកញ្ឆាចំនួន២០ដុំធំ មានទម្ងន់សុទ្ធសរុប៣៣០៧៣ក្រាម ឬប្រមាណជាង៣៣គីឡូក្រាម លាក់បង្កប់ក្នុងវ៉ាលិសសម្លៀកបំពាក់របស់ក្រុមឧក្រិដ្ឋជន។ បន្ទាប់ពីបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ រួមជាមួយវត្ថុតាង និងសម្ភារពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត