
ទីក្រុងហ្សឹណែវ៖ តំណាងកម្ពុជា បានបន្តបន្លឺសំឡេងនៅលើឆាកអន្តរជាតិ ដោយជំរុញឱ្យអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ជួយស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យពលរដ្ឋភៀសសឹកកម្ពុជាប្រមាណជាង២ម៉ឺននាក់ រងគ្រោះព្រោះយោធាថៃឈ្លានពានទឹកដី អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព ខណៈបច្ចុប្បន្នទីតាំងលំនៅឋានរបស់ពួកគេ កំពុងត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់…។

តាមរយៈសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៣តុលា ឆ្នាំ២០២៦ ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៧របស់គណៈកម្មាធិការប្រតិបត្តិ នៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានគូសបញ្ជាក់ថា ទោះបីជាបទឈប់បាញ់នៅតែបន្តត្រូវបានគោរពក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួននៃទឹកដីកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះ អាចចូលទៅកាន់លំនៅឋាន និងសហគមន៍របស់ពួកគេវិញបាន។

ការកាន់កាប់ទឹកដីកម្ពុជា និងការបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយផ្ទុយនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ តំណាងកម្ពុជា លើកទឹកចិត្តឱ្យអង្គការ UNHCR ស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានារបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងដោយសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្នែកការការពារ និងមនុស្សធម៌របស់ពលរដ្ឋភៀសខ្លួនកម្ពុជា។ ជាងនេះទៅទៀត តំណាងកម្ពុជា ក៏ជំរុញឱ្យអង្គការ UNHCR ចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយយូរអង្វែង ជាពិសេស ការវិលត្រឡប់របស់ពលរដ្ឋភៀសខ្លួនកម្ពុជា ទៅកាន់លំនៅឋានរបស់ពួកគេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

លោក កែ សុវណ្ណ សង្កត់ធ្ងន់ថា ការទប់ស្កាត់ការផ្លាស់ទីលំនៅដោយបង្ខំ ទាមទារឱ្យមានការគោរពយ៉ាងពេញលេញនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី។ លោកក៏បានគូសបញ្ជាក់បន្ថែមថា ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងកិច្ចសន្ទនា ត្រូវតែអមដោយសកម្មភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ខណៈកម្ពុជាប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ជាមួយអង្គការ UNHCR៕



