កម្ពុជាអំពាវនាវឱ្យ UN ដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ជួយជនភៀសសឹកជាង២ម៉ឺននាក់ ឱ្យឆាប់បានត្រឡប់ទៅផ្ទះវិញ
S
Soriya Sou
•
09 តុលា 2026 10:30 AM

ទីក្រុងហ្សឺណែវ៖ មន្ត្រីកម្ពុជា បានអំពាវនាវសាជាថ្មីម្ដងទៀតដល់អង្គការសហប្រជាជាតិ (UN) ឱ្យដើរតួនាទីកាន់តែសកម្ម ដើម្បីជួយពលរដ្ឋភៀសសឹកដែលកំពុងរងគ្រោះ ព្រោះយោធាថៃឈ្លានពាន អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញ ដោយសុវត្ថិភាព គ្មានការរារាំង…។

សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨តុលា ឆ្នាំ២០២៦ តំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានឱ្យដឹងថា តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំទៀងទាត់ លើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) ដែលបានប្រព្រឹត្តទៅរយៈពេល១ខែពេញ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ កម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាអន្តរកម្ម កិច្ចពិភាក្សាជាក្រុម និងកិច្ចពិភាក្សាទូទៅ ដោយបានធ្វើសេចក្តីថ្លែងការណ៍ចំនួន២០ គ្របដណ្ដប់លើបញ្ហាសិទ្ធិមនុស្សជាច្រើន រួមទាំងបញ្ហាស្ត្រី និងកុមារ ក្នុងស្ថានភាពជម្លោះ និងក្រោយជម្លោះ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ល។

ក្នុងនោះ កម្ពុជាបានអំពាវបន្ថែមឱ្យអង្គការសហប្រជាជាតិ ដើរតួនាទីកាន់តែសកម្ម និងដោយស្ថាបនា ក្នុងការចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយឱ្យពលរដ្ឋភៀសសឹក រងគ្រោះពីជម្លោះព្រំដែនកម្ពុជា-ថៃ អាចត្រឡប់ទៅកាន់លំនៅឋានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ។ ក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយ លោក ថូម៉ាស អេនឌ្រូ អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២តុលា មន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេស លើផលប៉ះពាល់ជាបន្ទាន់ ផ្នែកសិទ្ធិមនុស្ស ដែលបណ្ដាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ និងបានអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងដោយស្មោះត្រង់ នូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង។

ក្នុងឱកាសដដែល មន្ត្រីកម្ពុជា ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈស្ថាបនា ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ផងដែរ។ មន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ការគិតគូរអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺផ្អែកទៅលើបទពិសោធសង្គ្រាម និងការបែកបាក់ពីអតីតកាល។ ដូច្នេះ ការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ការពង្រឹងនីតិរដ្ឋ និងការបង្កើនជីវភាពរស់នៅរបស់ប្រជាជន គឺជាកិច្ចការអាទិភាពធំបំផុតរបស់ជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត