
រាជធានីភ្នំពេញ៖ គិតមកទល់ពេលនេះ ពលរដ្ឋភៀសសឹកកម្ពុជាប្រមាណជាង១០ម៉ឺននាក់ បន្តស្នាក់នៅជំរំសុវត្ថិភាពនៅឡើយ បើទោះបីបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានជាង១ខែហើយក្ដី។ ប្រមុខរាជរដ្ឋាភិបាល បានប្រកាសការពារ និងគាំទ្រគ្រប់បែបយ៉ាងដល់ពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញ...។

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី៣កុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦០ម៉ឺននាក់ មានប្រមាណជាង៥០ម៉ឺននាក់ ឬជិត៨៤ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ ចូលជាធរមាននៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។ បច្ចុប្បន្ន ពលរដ្ឋភៀសសឹកចំនួន១០ម៉ឺននាក់ទៀត បាននិងកំពុងបន្តស្នាក់អាស្រ័យតាមជំរំសុវត្ថិភាពនានា ក្នុងនោះ ស្រីចំនួន៥ម៉ឺន៥ពាន់នាក់ និងកុមារចំនួនជាង៣ម៉ឺន៣ពាន់នាក់។ មិនទាន់អាចទៅផ្ទះ ដោយសារផ្ទះរបស់ពលរដ្ឋខ្លះ ត្រូវបានរងផលខូចខាតដោយសារយោធាថៃទម្លាក់គ្រាប់បំផ្លិចបំផ្លាញ ខណៈផ្ទះពលរដ្ឋខ្លះទៀត ត្រូវបានដាក់ជាតំបន់ក្រហម។ យ៉ាងណាក៏ដោយ ផលប៉ះពាល់នេះ កំពុងត្រូវបានរាជរដ្ឋាភិបាលដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត។

មិនត្រឹមតែពលរដ្ឋជាង១០ម៉ឺននាក់មិនទាន់អាចទៅផ្ទះ ប៉ុន្តែសាលារៀន និងមន្ទីរពេទ្យសរុបចំនួន៦៣ នៅខេត្តជាប់ព្រំដែនចំនួន៣ ក៏មិនទាន់អាចបើកដំណើរការវិញបានដែរ។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ សហការជាមួយក្រសួង-ស្ថាប័ននានា ដើម្បីជំរុញការស្តារជីវភាពប្រជាពលរដ្ឋ និងសេវាសាធារណៈដែលបានប៉ះពាល់ និងបិទផ្អាកឱ្យវិលមករកភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់ទៀត ជាពិសេស កិច្ចគាំពារ និងការគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋភៀសសឹក ដែលពុំទាន់អាចវិលចូលទៅរស់នៅក្នុងផ្ទះសម្បែងវិញបាន៕




