
ក្រុងសិរីសោភ័ណ្ឌ៖ ប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះពីការឈ្លានពានរបស់យោធាថៃចំនួនជាង៨០០គ្រួសារ រស់នៅភូមិចំនួន២ នៃតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ បានចាប់ឆ្នោតជ្រើសរើសក្បាលដីផ្ទះ ដើម្បីចូលរស់នៅបណ្ដោះអាសន្នមានទីតាំងស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក…។

ជំហានដំបូងនៃការចាប់ឆ្នោតជ្រើសរើសក្បាលដីផ្ទះ ធ្វើឡើងកាលពីថ្ងៃទី១៨មីនា ឆ្នាំ២០២៦ សម្រាប់ពលរដ្ឋភៀសសឹកមកពីភូមិបន្ទាយមានរិទ្ធចំនួន៥០៤គ្រួសារ និងភូមិសាមគ្គី៣១៨គ្រួសារ។ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ព្រមទាំងមានវត្តមាន លោក អ៊ំុ រាត្រី អភិបាលខេត្ត, លោក ប្រាក់ ដាវីដ អនុប្រធានក្រុមការងាររាជរដ្ឋាបាលភិបាលចុះមូលដ្ឋានខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។ លោក អ៊ំុ រាត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងគិតពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនជនភៀសសឹកកំពុងរស់នៅជំរំបណ្ដោះអាសន្ន ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

លោកថា សម្រាប់ជម្រកបណ្ដោះអាសន្នផ្ទះអតីតយុទ្ធជន ដែលបងប្អូនស្នាក់នៅ គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មានទឹក មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ដើម្បីជួយសម្រួលដល់បងប្អូនជនភៀសសឹក រាជរដ្ឋាភិបាលកម្ពុជា នឹងសម្រួលថ្លៃទឹក ថ្លៃភ្លើងជូនរយៈពេលពេញមួយឆ្នាំ (ដោយកំណត់ក្នុងមួយខ្នងផ្ទះប្រើប្រាស់៣០គីឡូវ៉ាត់ក្នុងមួយខែ)។ យោងតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ចំពោះផ្ទះអតីតយុទ្ធជនដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ២០គុណ៣០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រើប្រាស់ផងដែរ។ បច្ចុប្បន្ន ក្រុមការងារកំពុងបន្តការងារសាងសង់ផ្ទះអតីតយុទ្ធជន ដែលត្រៀមឱ្យជនភៀសសឹកស្នាក់បណ្តោះអាសន្ន សម្រេចបានប្រមាណ៣០០ខ្នងផ្ទះ។ តាមការគ្រោងទុក ផ្ទះចំនួន៣០០០ខ្នង នឹងត្រូវបញ្ចប់ការសាងសង់ មុនពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨មីនា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកចំនួនជាង៣ម៉ឺន៦ពាន់នាក់ទៀត ភាគច្រើនជាស្ត្រី និងកុមារ មិនទាន់អាចត្រឡប់ទៅលំនៅឋានពួកគាត់វិញបាន ព្រោះតែការឈ្លានពានរបស់យោធាថៃ៕




